មន្ត្រីធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោតនិងប្រជាពលរដ្ឋមួយចំនួន បានចោទប្រកាន់ថា មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តមួយចំនួន ដែលហៅកាត់ថា PEC បានប្រព្រឹត្តអំពើពុករលួយ និងបក្សពួកនិយមក្នុងការជ្រើសរើសមនុស្សចូលបម្រើការងារ ។
នាយកប្រតិបត្តិអង្គការ និកហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា អង្គការរបស់លោកបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋនៅខេត្តកំពង់ចាមថា មន្ត្រី pec ខេត្តកំពង់ចាមបានជ្រើសរើសមន្ត្រីបម្រើការងារក្នុងការបោះឆ្នោត ថ្ងៃទី២៧ កក្កដា ខាងមុខនេះ ប្រកាន់បក្សពួកដោយជ្រើសរើសយកតែសាច់ញាតិរបស់ខ្លួន ។
លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ៖ «មន្រ្តីគាត់មានពិសោធន៍ចាស់ៗមក មិនទទួលយកគាត់តទៀត បែរជាយកក្រុមសាច់ញាតិបងប្អូនឯងអ៊ីចឹង» ។
ចំណែកឯអតីតមន្ត្រីរៀបចំការបោះឆ្នោតនៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តតាកែវ នៅក្នុងស្រុកបាទី និងស្រុកដូនកែវ ក្នុងខេត្តតាកែវ មួយចំនួន បានបា្រប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី ១៣ ឧសភា ថា មន្ត្រី PEC ខេត្តតាកែវ ជ្រើសរើសបុគ្គលិកមិនមានតម្លាភាព ៖ «ក្នុងហ្នឹងសុទ្ធតែខ្សែបក្សពួកគេទាំងអស់ រឿងបញ្ហាសូកប៉ាន់គំនិតគ្រោងទុកហើយទៅហើយ» ។
ឆ្លើយតបនឹងការចោទប្រកាន់ខាងលើនេះ មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តតាកែវ លោក នួន សារ៉ែន បានបំភ្លឺមិនច្បាស់លាស់ថា លោកមិនបានគិតថា លោកបានប្រព្រឹត្តអំពើពុករលួយ ឬ បក្សពួកនិយមទេ ៖ «ពុករលួយយ៉ាងម៉េច ខ្ញុំដូចជានេះដែរ អត់យល់ដែររឿងហ្នឹង» ។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ទេព នីថា មានប្រសាសន៍ថា បើមន្ត្រី PEC ជ្រើសរើសបុគ្គលិកតាមបក្សពួកពិតមែននោះ គាត់នឹងត្រូវ គ.ជ.ប. ធ្វើការប្រមាណ ហើយបើមន្ត្រីនោះទទួលសំណូក ត្រូវបញ្ឈប់គាត់ពីការងារ ហើយត្រូវសងប្រាក់គេវិញ ។
លោកក៏បានបញ្ជាក់ដែរថា តាមគោលការណ៍របស់ គ.ជ.ប. ការជ្រើសរើសមន្ត្រីបម្រើការនៅថ្នាក់ខេត្ត បុគ្គលិកនោះត្រូវតែមានសមត្ថភាព មិនចាំបាច់តែអ្នកនោះធ្លាប់ធ្វើការពីមុនមកនោះទេ ។
លោក ទេព នីថា ក៏បានឲ្យដឹងដែរថា មន្ត្រីដែលត្រូវជ្រើសរើសឲ្យធ្វើការនៅ PEC នៅទូទាំងប្រទេសប្រមាណ ៧០០នាក់ ធ្វើការក្នុងរយៈពេល ៣ខែកន្លះ ។
ទោះជាយ៉ាងណា មន្រ្តីគណបក្សនយោបាយមួយចំនួន បានចោទប្រកាន់ថា គ.ជ.ប. មានភាពលម្អៀងទៅរកគណបក្សកាន់អំណាច ។ ហើយកាលពីថ្ងៃទី ១២ ឧសភា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីបានទទួលពាក្យបណ្ដឹងមួយពីប្រជាពលរដ្ឋពីរនាក់ នៅក្នុងខេត្តតាកែវ ដែលជាអតីតមន្រ្តីផ្នែកប្រតិបត្តិការភស្តុភារនៃគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តតាកែវ ដាក់ជូនទៅឯកឧត្ដមប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សុំប្ដឹងគណៈកម្មការរៀបចំការបោះឆ្នោតខេត្តតាកែវ ជ្រើសរើសមន្រ្តីបក្សពួកនិយមគ្មានតម្លាភាព ។
ប៉ុន្តែ មន្រ្តីគ.ជ.ប. បានបដិសេធថា លោកមិនទាន់បានទទួលពាក្យបណ្ដឹងនោះ នៅឡើយទេ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
សកម្មជនបក្សសមរង្ស៊ីនៅខែត្រកំពង់ចាមរងការគំរាមសម្លាប់
បក្សសមរង្ស៊ីនិងបក្សប្រជាជនបដិសេធការសម្របសម្រួលរបស់ PEC
បក្សនយោបាយលើកពីបញ្ហានៅក្នុងការឃោសនារកសំឡេងឆ្នោត
អាជ្ញាធរក្រុងភ្នំពេញរារាំងការឃោសនារបស់បក្សខ្មែរឈប់ក្រ
មន្ត្រីបក្សប្រជាជនម្នាក់នៅកំពតត្រូវគេបង្គាប់ឲ្យបង់ប្រាក់ជំងឺចិត្ត៥សែនរៀល
តំណាងបក្សប្រជាជននៅក្រចេះដាក់ពាក្យបណ្ដឹងប្ដឹងប្រធានបក្សប្រឆាំង
ដូនជីនិងអាចារ្យចោទចៅអធិការថារើសអើងនិន្នាការបក្សនយោបាយ
អាជ្ញាធរខេត្តបាត់ដំបងស៊ើបអង្កេតករណីរថយន្តបក្ស"រណឫទ្ធិ"រងគ្រោះបែកកញ្ចក់
សមាជិកបក្សប្រជាជននៅឃុំកោះព្រះខេត្តស្ទឹងត្រែងចុះចូលជាមួយបក្សសមរង្ស៊ី
អាជ្ញាធរខេត្តបាត់ដំបងបដិសេធសំណើ៤ក្នុងចំណោម៥របស់បក្សសមរង្ស៊ី