មន្ត្រី​សុខាភិបាល៖ ពលរដ្ឋ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ការពារ​ជំងឺ​ផ្តាសាយ​ថ្មី

2009-11-04

មន្រ្តី​សុខាភិបាល​បាន​ធ្វើ​ការ​វាយ​តម្លៃ​ថា​ ក្នុង​រយៈពេល​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​នៅ​រាជធានី​ភ្នំពេញ​ដែល​មាន​អ្នក​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​យ៉ាង​ច្រើន​កុះករ​នោះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពាក់​ម៉ាស​ក្នុង​ការ​ការពារ​ជំងឺ​ផ្តាសាយ​ដែល​បង្ក​ដោយ​មេរោគ A(H1N1)។

RFA/Leng Maly

២-វិច្ឆិកា-២០០៩: អ្នក​ចូលរួម​កម្សាន្ត​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក ក្នុង​រាជធានី​ភ្នំពេញ ពាក់​ម៉ាស​ការពារ​ជំងឺ​ផ្ដាសាយ​ថ្មី A(H1N1)។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក សុខ ទូច បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា ថា តាម​ការ​អង្កេត​ឃ្លាំ​មើល​ពី​ក្រុម​ការងារ​របស់​លោក​ជា​ប្រចាំ​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំ​ទូក​នេះ គឺ​គេ​ពុំ​ទាន់​ឃើញ​មាន​ការ​លេច​ចេញ​នូវ​សញ្ញាណ​ថ្មី​ណា​មួយ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) ពី​ហ្វូង​មហាជន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នោះ​នៅ​ឡើយ​ទេ ៖ «អត់​មាន​អី​ប្លែក​ទេ អត់​មាន​អី​ផង!»

លោក សុខ ទូច បន្ត​ថា ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ពី​វិធី​ការពារ​ខ្លួន​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពី​ក្រសួង​សុខាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​នៅ​មុន​ពេល​ពិធី​បុណ្យ​អុំ​ទូក​មក​ដល់ ដោយ​ដាក់​សារ​ព្រមាន​យ៉ាង​ច្រើន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​ចូលរួម​ពិធី​បុណ្យ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​អនុវត្ត​នូវ​វិធាន​មួយចំនួន​ដែល​មាន​ប្រសិទ្ធភាព។

លោក សុខ ទូច បាន​បញ្ជាក់​ថា ៖ «ទី​១ ការ​ខ្ទប់​មាត់​ច្រមុះ​នៅ​ពេល​ក្អក កណ្ដាស់, ទី​២ យើង​លាង​ដៃ​ជា​ប្រចាំ​ជាមួយ​នឹ​ងទឹក​និង​សាប៊ូ ហើយ​និង​ទី​៣ គឺ​ការ​ហាម​ខាក​ស្ដោះ​នៅ​ទី​សាធារណៈ»

ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ គ្រួច ឃឿន មាន​ពាក់​ម៉ាស​នៅ​នឹង​មុខ​មក​ពី​ខេត្ត​ព្រៃវែង​ដែល​បាន​ចូលរួម​រយៈពេល​បី​ថ្ងៃ​ហើយ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក បាន​ឲ្យ​ដឹង​ថា លោក​តែងតែ​មាន​ការ​ព្រួយ​បារម្ភ​ពី​ជំងឺ A(H1N1) ឬ​គេ​ហៅ​ថា​ជំងឺ​ផ្តាសាយ​ថ្មី​នេះ ដែល​អាច​ឆ្លង​នៅ​ពេល​មាន​មនុស្ស​ច្រើន​ជួប​ជុំ​គ្នា ប៉ុន្តែ​ក្តី​ព្រួយ​បារម្ភ​នេះ​លោក​បាន​ទុក​វា​ដោយឡែក​ជំនួស​មក​វិញ​នូវ​ការ​ពាក់​ម៉ាស​ការពារ។

លោក គ្រួច ឃឿន បាន​ឲ្យ​ដឹង​ថា ៖ «គេ​ផ្សាយ​ឮ​អ៊ីចឹង​មែន អ៊ីចឹង​បាន​ថា មក​ដល់​បុណ្យ​ទាន​ហ្នឹង​ខ្ញុំ​ចេះ​តែ​ពាក់​ម៉ាស​ការពារ​ទៅ ពីព្រោះ​មនុស្ស​វា​ច្រើន ហើយ​ម្ហូប​អាហារ​អី​ហ្នឹង​ក៏​វា​ពេញ​ទឹក​ពេញ​ដី បាន​ជា​ខ្ញុំ​ទិញ​ម៉ាស​ពាក់​ការពារ​ហ្នឹង។ ប្រយ័ត្ន​ទាំង​អស់​គ្នា​ទៅ!»

ទោះ​បី​ជា​យ៉ាង​ណា​ក្តី លោក សុខ ទូច នៅតែ​មាន​ក្តី​ព្រួយ​បារម្ភ​នៅ​ឡើយ ពីព្រោះ​រដូវ​នេះ​ជា​រដូវ​ត្រជាក់ ជំងឺ​ផ្តាសាយ​ធម្មតា​អាច​កើត​ឡើង ហើយ​មាន​ផល​ប៉ះពាល់​ដល់​ការ​ឆ្លង​ឬ​វិវត្តន៍​ទៅ​រក​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) ហើយ​ប្រសិទ្ធ​ភាព​នៃ​ជំងឺ​នេះ​អាច​នឹង​បង្ហាញ​ឡើង​ក្នុង​អំឡុង​ពេល​ក្រោយ​ពី​២​ថ្ងៃ​ទៅ​១​សប្តាហ៍។

លោក​បន្ត​ថា ដោយឡែក​ចំនួន​តួលេខ​អ្នក​ដែល​ឆ្លង​មេរោគ​នេះ​អាច​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់។ គិត​មក​ដល់​ចុង​សប្តាហ៍​កន្លង​មក​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​មេរោគ A(H1N1) ចំនួន​២៣៩​នាក់​ហើយ ហើយ​ចំនួន​នេះ​មាន​ការ​ប្រែប្រួល​ជា​បន្ត​បន្ទាប់ រីឯ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​មិន​ទាន់​មាន​ការ​កើន​ឡើង​នោះ​ទេ គឺ​នៅ​ចំនួន​៤​នាក់​ដដែល។

មក​ទល់​ពេល​នេះ​ក្រសួង​សុខាភិបាល​នៅតែ​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ថែទាំ​សុខភាព​ដោយ​ហូប​ស្អាត​និង​រស់​នៅ​ស្អាត​ជា​ប្រចាំ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អ្នក​កើត​ជំងឺ​ផ្ដាសាយ​A(H1N1)​នៅ​កម្ពុជា​កើន​ដល់​៤៤៤នាក់

មន្ទីរ​សុខាភិបាល​ខែត្រ​សៀមរាប​គ្រោង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ផ្តាសាយ​ថ្មី

សហជីព​កម្មករ​សុំ​ឲ្យ​អាជ្ញាធរ​ផ្សព្វផ្សាយ​ពី​វិធី​ការពារ​ជំងឺ​ផ្ដាសាយ​ថ្មី

ថ្នាំ​បង្ការ​ជំងឺ​គ្រុនផ្តាសាយ​A(H1N1)​នឹង​មក​ដល់​កម្ពុជា​ខែ​ក្រោយ

មន្រ្តី​សុខាភិបាល​បារម្ភ​ពី​ការ​ឆ្លង​នៃ​ជំងឺ​ផ្ដាសាយ​ថ្មី​ក្នុង​ពេល​អុំ​ទូក

WHO​និង​​អាជ្ញាធរ​​ត្រៀម​ចែក​ខិត្តប័ណ្ណ​អប់រំ​ពី​​ផ្ដាសាយ​ថ្មី​ក្នុង​ពិធី​បុណ្យ​អុំទូក

ពលរដ្ឋ​បារម្ភ​ពី​ការ​ឆ្លង​រាតត្បាត​នៃ​គ្រុន​ផ្ដាសាយ​A(H1N1)​នៅ​កម្ពុជា

WHO​និង​ក្រសួង​សុខាភិបាល​គ្រោង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​គ្រុន​ផ្តាសាយថ្មី

អ្នក​ស្លាប់​ដោយសារ​គ្រុន​ផ្ដាសាយ A(H1N1) កើន​ដល់​៣​នាក់​ហើយ​នៅ​កម្ពុជា