ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល លោក សុខ ទូច បានមានប្រសាសន៍នៅថ្ងៃទី៣ វិច្ឆិកា ថា តាមការអង្កេតឃ្លាំមើលពីក្រុមការងាររបស់លោកជាប្រចាំក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូកនេះ គឺគេពុំទាន់ឃើញមានការលេចចេញនូវសញ្ញាណថ្មីណាមួយធ្ងន់ធ្ងរនៃជំងឺផ្តាសាយប្រភេទថ្មី A(H1N1) ពីហ្វូងមហាជនដ៏ច្រើនសន្ធឹកសន្ធាប់នោះនៅឡើយទេ ៖ «អត់មានអីប្លែកទេ អត់មានអីផង!»។
លោក សុខ ទូច បន្តថា ប្រជាពលរដ្ឋបានយល់ដឹងពីវិធីការពារខ្លួនតាមរយៈការផ្សព្វផ្សាយពីក្រសួងសុខាភិបាលនិងស្ថាប័នពាក់ព័ន្ធមួយចំនួននៅមុនពេលពិធីបុណ្យអុំទូកមកដល់ ដោយដាក់សារព្រមានយ៉ាងច្រើនដល់ប្រជាពលរដ្ឋដែលមានបំណងចង់ចូលរួមពិធីបុណ្យឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តនូវវិធានមួយចំនួនដែលមានប្រសិទ្ធភាព។
លោក សុខ ទូច បានបញ្ជាក់ថា ៖ «ទី១ ការខ្ទប់មាត់ច្រមុះនៅពេលក្អក កណ្ដាស់, ទី២ យើងលាងដៃជាប្រចាំជាមួយនឹងទឹកនិងសាប៊ូ ហើយនិងទី៣ គឺការហាមខាកស្ដោះនៅទីសាធារណៈ»។
ប្រជាពលរដ្ឋមួយរូបឈ្មោះ គ្រួច ឃឿន មានពាក់ម៉ាសនៅនឹងមុខមកពីខេត្តព្រៃវែងដែលបានចូលរួមរយៈពេលបីថ្ងៃហើយក្នុងពិធីបុណ្យអុំទូក បានឲ្យដឹងថា លោកតែងតែមានការព្រួយបារម្ភពីជំងឺ A(H1N1) ឬគេហៅថាជំងឺផ្តាសាយថ្មីនេះ ដែលអាចឆ្លងនៅពេលមានមនុស្សច្រើនជួបជុំគ្នា ប៉ុន្តែក្តីព្រួយបារម្ភនេះលោកបានទុកវាដោយឡែកជំនួសមកវិញនូវការពាក់ម៉ាសការពារ។
លោក គ្រួច ឃឿន បានឲ្យដឹងថា ៖ «គេផ្សាយឮអ៊ីចឹងមែន អ៊ីចឹងបានថា មកដល់បុណ្យទានហ្នឹងខ្ញុំចេះតែពាក់ម៉ាសការពារទៅ ពីព្រោះមនុស្សវាច្រើន ហើយម្ហូបអាហារអីហ្នឹងក៏វាពេញទឹកពេញដី បានជាខ្ញុំទិញម៉ាសពាក់ការពារហ្នឹង។ ប្រយ័ត្នទាំងអស់គ្នាទៅ!»។
ទោះបីជាយ៉ាងណាក្តី លោក សុខ ទូច នៅតែមានក្តីព្រួយបារម្ភនៅឡើយ ពីព្រោះរដូវនេះជារដូវត្រជាក់ ជំងឺផ្តាសាយធម្មតាអាចកើតឡើង ហើយមានផលប៉ះពាល់ដល់ការឆ្លងឬវិវត្តន៍ទៅរកជំងឺផ្តាសាយប្រភេទថ្មី A(H1N1) ហើយប្រសិទ្ធភាពនៃជំងឺនេះអាចនឹងបង្ហាញឡើងក្នុងអំឡុងពេលក្រោយពី២ថ្ងៃទៅ១សប្តាហ៍។
លោកបន្តថា ដោយឡែកចំនួនតួលេខអ្នកដែលឆ្លងមេរោគនេះអាចមានការកើនឡើងជាបន្តបន្ទាប់។ គិតមកដល់ចុងសប្តាហ៍កន្លងមកនេះ កម្ពុជាមានអ្នកឆ្លងមេរោគ A(H1N1) ចំនួន២៣៩នាក់ហើយ ហើយចំនួននេះមានការប្រែប្រួលជាបន្តបន្ទាប់ រីឯចំនួនអ្នកស្លាប់ដោយសារជំងឺនេះមិនទាន់មានការកើនឡើងនោះទេ គឺនៅចំនួន៤នាក់ដដែល។
មកទល់ពេលនេះក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការថែទាំសុខភាពដោយហូបស្អាតនិងរស់នៅស្អាតជាប្រចាំ៕
