ប្រជាជនរស់នៅតាមបណ្តោយផ្លូវជាតិលេខ៣ពីខេត្តកំពតទៅដល់ខណ្ឌដង្កោ ក្រុងភ្នំពេញ រអ៊ូថា ក្រុមហ៊ុនម៉ៅការកសាងផ្លូវប្រទេសកូរ៉េធ្វើឲ្យធូលីហុយបង្កើតជាជំងឺក្អក ផ្តាសាយ រលាកផ្លូវដង្ហើម ដោយសារតែក្រុមហ៊ុននោះមិនបានស្រោចទឹកលើផ្លូវជាប្រចាំ ខណៈដែលក្រុមហ៊ុននោះកំពុងធ្វើការសាងសង់ផ្លូវ។
អង្គុយប៉ះកង់នៅមុខផ្ទះលោក អឹម យីម បានរអ៊ូថា ហុយគ្មានពេលសម្រាកនៅគ្រាដែលធាតុអាកាសក្តៅស្ងួត ក្រុមហ៊ុនធ្វើផ្លូវនោះមិនបាញ់ទឹកស្រោចផ្លូវ ធ្វើឲ្យធូលីហុយតាមកង់ឡានដឹកទំនិញធ្ងន់ៗហើយគេបើកលឿនៗ។
លោក អឹម យីម ឲ្យដឹងថា ការហុយធូលីនោះ១ខែមកហើយ ធ្វើឲ្យគាត់ឈឺផ្តាសាយច្រើនថ្ងៃ ៖ «ហុយតាមផ្លូវហ្នឹង ហុយឈឺតែម្តង ឥឡូវទើបនឹងជាតើ! គ្រុនផ្តាសាយដីហុយហ្នឹង។ ក្រុមហ៊ុនហ្នឹងគេបាញ់ទឹកតែពេលធ្វើ ដល់លែងធ្វើទៅគេលែងបាញ់លែងអីទៅ ពីមុនមកខ្ញុំចាក់ទឹកខ្លួនឯង»។
ស្រ្តីនៅភូមិជីម៉ូវ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ឲ្យដឹងថា កូនតូចៗបានឈឺដោយសារធូលីហុយ គ្មានការជួយបាញ់ទឹក។ គាត់ខ្លាចកូនឈឺ បានដងទឹកក្បែរថ្នល់បាចមុខផ្ទះ ៖ «ពិបាកណាស់លក់ដូរអី យ៉ាប់មែនទែន ដីហុយពេក ព្រោះគេធ្វើថ្នល់ហ្នឹង គេកាយធ្វើថ្នល់ គេអត់បានបាញ់ទឹកបាញ់អីហ្នឹង ស្រោចតែទឹកខ្លួនឯង ស្រោចវាមិនឈ្នះទេ ដងស្រោចខ្លួនឯងនោះ ដល់ឧបមាដល់ទឹករីងទៅដឹងបានស្អីដងទៀតទេនេះ ដឹងគិតម៉េច។ ក្មេងៗកូនអី វាហុយពេកច្រើនឲ្យទៅនៅក្នុងភូមិ»។
តាមដងផ្លូវជាតិលេខ៣ ពីខណ្ឌដង្កោ ក្រុងភ្នំពេញ ទៅដល់ជាយខេត្តកំពត ជាង១០០គីឡូម៉ែត្រ អ្នករស់នៅក្បែរថ្នល់ជាតិទាំងសងខាងផ្លូវ មានខ្លះបានបូមទឹកស្រោចថ្នល់ ខ្លះទៀតរែកទឹកចាក់មុខផ្ទះរៀងៗខ្លួន ព្រោះតែធូលីហុយខ្លាំងក្នុងរដូវប្រាំង។ ហើយក្រុមហ៊ុនកូរ៉េធ្វើផ្លូវជាតិនោះ មិនបានស្រោចទឹកលើថ្នល់បន្ថយការហុយទេ។ ទន្ទឹមនោះ អ្នកបើកបររថយន្តដឹកទំនិញធ្ងន់ៗ បើកបរលើផ្លូវទើបឈូសនោះ មិនបានបន្ថយល្បឿន នៅគ្រាដែលផ្លូវជាតិកាន់តែងាយស្រួលបញ្ជាយានជាងមុន។
អ្នកភូមិទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លោក អ៊ុយ អែម ថ្លែងថា ៖ «វាហុយពេក វាប៉ះពាល់សុខភាព វាទៅជាផ្តាសាយ ខាកមកសុទ្ធតែធូលីដី ពិសាបាយទាល់តែបាចទឹកបាចអីឲ្យសើមបានវាលែងហុយ ហើយវានៅតែធូលីដីរហូត វាហុយចូលតែដដែល តែគ្រាន់តែវាទើបរយៈកាលមួយថ្ងៃពីរថ្ងៃវាអត់ទាន់ដឹងរោគសញ្ញាអីទេ វាទាល់តែយូរបន្តិច»។
ស្រី្តម្នាក់ទៀតបន្ថែមថា ៖ «នៅក្នុងផ្ទះដីហុយចូលងងឹតឈឹងដេកនៅក្នុងផ្ទះក៏នៅមិនកើត ជួយឲ្យធ្វើឲ្យឆាប់ៗឲ្យហើយ បាញ់ទឹកតាមផ្លូវឲ្យជាប់ ឡានមកងងឹតឈឹងម្លឹងៗមើលផ្លូវមិនឃើញផង»។
ស្រ្តីវ័យចំណាស់ឲ្យដឹងថា គាត់បានចំណាយប្រាក់រាល់ថ្ងៃដើម្បីទិញប្រេងបូមទឹកប្រឡាយបាញ់ថ្នល់ ៖ «បាញ់ទឹកខ្លួនឯង ធ្វើអីខ្លួនឯងមួយចប់ ហើយវាលក់ដូរអីក៏ពិបាកលក់ដូររកស៊ីដែរ វាអត់ដាច់អត់អី ព្រោះអីគេអត់សូវចូលសូវនេះ ហុយៗពេក ហើយមួយថ្ងៃៗចំណាយសាំងអស់ពីរលីត្រអី បាញ់ប្រហែលខ្ទង់ប្រហែលជិត២០០ម៉ែត្រ។ ជួលគេបាញ់ទៅយើងធ្វើអត់កើត ជួលគេបាញ់ ជួលក្មេងៗឲ្យវាពីរបីពាន់(រៀល)អីអ៊ីចឹងទៅ ឲ្យវាបាញ់ថ្នល់ឲ្យ កុំឲ្យមានធូលីដីកើតមេរោគមេអីហ្នឹង ក្មេងក្មាងអីវាកើតជំងឺគ្រុនក្តៅ គ្រុនក្អកអីហ្នឹងរាល់ថ្ងៃហ្នឹង កុំឲ្យវាមាននេះពេក យើងកូនង៉ែតអី យ៉ាប់អ៊ីចឹងទៀតទៅ...»។
មន្រ្តីកាំកុងត្រូលធ្វើការនៅតាមដងផ្លូវជាតិលេខ៣ ថ្លែងថា គាត់ហុយខ្លាំងពេកបានឲ្យប្រាក់ខ្លះទៅអ្នកស្រុកទិញប្រេងសាំងបូមទឹកបាញ់ថ្នល់។ លោកថា ការហុយនោះបានបង្កគ្រោះថ្នាក់ផងដែរ ៖ «ខ្ញុំមានតែសំណូមពរថា ស្រោចទឹកកុំឲ្យហុយដីដល់ប្រជាពលរដ្ឋ ឬក៏ដូចអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវហ្នឹងដែរ ខ្ញុំធ្វើការហ្នឹងក៏រងគ្រោះដែរហ្នឹង តែគ្រាន់តែធ្វើម៉េចទាល់ដោះស្រាយខ្លួនឯងអ៊ីចឹង ជួលគេបូមទឹកបាញ់អ៊ីចឹងទៅ ហុយដូចអ្នកធ្វើដំណើរតាមផ្លូវលំបាក។ ឈ្លោះគ្នាបើកភ្លើង ឈ្លោះគ្នា មានប៉ះគ្រោះថ្នាក់ដោយសារដីហុយក៏មានដែរ»។
ស្រ្តីនៅភូមិស្វាយទៀប ឃុំអង្គពពេល ដែរ បានអះអាងថា ស្រូវនិងដំណាំទើបដាំចំនួន៥គ្រួសារបានរលួយក្នុងទឹកដែលមិនហូរលឿន ដោយសារការធ្វើផ្លូវវាងស្ពាន ៖ «ទឹកលិចផ្ទះអស់ប្រាំផ្ទះ ដែលពេលធ្វើស្ពានហ្នឹងគាត់ដាក់លូតែមួយ ហើយដល់ពេលលិចទៅវាខូចដំណាំ ហើយនិងខូចស្រូវខាងក្រោយផ្ទះខូចទាំងអស់ តែគ្រាន់តែលិចផ្ទះហ្នឹងប្រាំគ្រួសារ។ គេអត់ដោះស្រាយឲ្យ គេថា គេធ្វើផ្លូវគេគ្រាន់តែថា ចាំឲ្យពួកកូរ៉េប្រធានគេមកដោះស្រាយ ដល់ហើយអត់ឃើញមកដោះសា្រយឲ្យអត់»។
អ៊ុក សាវបូរី ៖ ចុះឥឡូវទឹកនៅលិចទៀតដែរអត់ទេ? ប្រជាពលរដ្ឋ ៖ ស្រកហើយ ប៉ុន្តែគ្រាន់តែដំណាំវាខូច។ អ៊ុក សាវបូរី ៖ វាលិចប៉ុន្មានខែបានខូច? ប្រជាពលរដ្ឋ ៖ លិចពីរខែ។
ប្រធានមណ្ឌលសុខភាពត្រាំខ្នា លោក ម៉ែន ហាក់ មានប្រសាសន៍ថា ធូលីហុយខ្លាំងពីការឈូសផ្លូវដែលមិនបាញ់ទឹក បាននាំឲ្យប្រជាជនមានជំងឺរលាកផ្លូវដង្ហើម ក្អក ផ្តាសាយ មកព្យាបាលនៅ មណ្ឌលសុខភាពនេះ។
លោក ម៉ែន ហាក់ មានប្រសាសន៍ដូច្នេះ ៖ «ពាក់ព័ន្ធចាប់ធ្វើផ្លូវហ្នឹងមក គឺឃើញអ្នកជំងឺនៅតំបន់ក តំបន់ខ ដែលក្រោមការគ្របដណ្តប់របស់មណ្ឌលមានជំងឺកើនឡើង ផ្តាសាយ ហើយពេលដែលគាត់មកមណ្ឌលគឺគាត់មកហ្នឹងខោអាវគាត់ហ្នឹងថ្មីពីផ្ទះមក មកដល់មណ្ឌលខ្ញុំ គឺពណ៌ដូចប៉ារ៉ាអ៊ីចឹង។ ឥឡូវក្រហមទាំងអស់ ហើយអ៊ីចឹងបរិស្ថាននេះគឺវេទនា ប្រជាជនឈឺកើនឡើងខ្លាំងណាស់ ឈឺរឿងដោយសារការហុយធ្វើផ្លូវហ្នឹង សូម្បីតែផ្ទះខ្ញុំដែលជាប់នឹងផ្លូវក៏បិទទ្វារជិតហើយ ធូលីពេញក្នុងផ្ទះទាំងអស់ យ៉ាប់ណាស់»។
ក្រុមយុវជនក្មេងៗបានសហការគ្នាបូមទឹកក្នុងប្រឡាយ បាញ់ស្រោចថ្នល់។ យុវជនទាំងនោះបានបន្ទោសថា គ្មានការជួយថែរក្សាសុខភាពដល់ប្រជាជនឡើយ ក្រុមហ៊ុនកសាងផ្លូវនោះគេគ្រាន់តែធ្វើថ្នល់យកចំណេញប្រាក់ឲ្យក្រុមហ៊ុនខ្លួនឯង មកបង្កការលំបាកដល់អ្នកស្រុក ធ្វើឲ្យធូលីប៉ះពាល់ដល់ការលក់ដូរ ធ្វើឲ្យលក់មិនដាច់រវល់តែសម្អាតធ្វើអនាម័យ ៖ «បើអត់ដែលឃើញស្រោចឲ្យផង។ នេះម្ចាស់ធ្វើថ្នល់ហ្នឹង វាអត់ស្រោចឲ្យហ្នឹង»។
យុវជនម្នាក់ទៀតបន្តថា ៖ «មិនមែនក្រុមហ៊ុនឲ្យបាញ់ទេ គឺយើងស្ម័គ្រចិត្តធ្វើដោយខ្លួនឯង ពួកគាត់ធ្វើចរាចរនេះគាត់ឲ្យបាញ់ផង ហុយលើគាត់ផង គាត់ឲ្យកម្រៃបន្តិចបន្តួច»។
បើទោះបីជាអ្នកស្រុកនិងអាជ្ញាធរមូលដ្ឋានបានត្អូញត្អែរពីបញ្ហាធូលីហុយនោះ ប៉ុន្តែគ្មានឃើញមន្ត្រី ណាម្នាក់គិតពីបញ្ហានេះទេ។
តំណាងក្រុមហ៊ុនគុកដុង អេច្ឆ.អេច្ឆ.អាយ (KUKDONG HHI) ដែលម៉ៅការកសាងផ្លូវជាតិលេខ៣ លោក លី ឌូហាន់ (Lee Doo Hwan) ជាប្រធានគម្រោងជួសជុលផ្លូវជាតិលេខ៣ បានបំភ្លឺមិនឲ្យថតសំឡេងថា បញ្ហាធូលីហុយនោះក្រុមហ៊ុនមិនអាចគ្រប់គ្រងឡើយ ព្រោះជារដូវប្រាំង និងអ្នកបញ្ជាយានមិនបានបន្ថយល្បឿននៅពេលបើកបរដល់ទីប្រជុំជន។ ចំណែកទឹកដក់យូរធ្វើឲ្យប៉ះពាល់ដំណាំអ្នកស្រុកមួយចំនួននៅក្នុងឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺនោះ លោកនឹងឲ្យមន្រ្តីរបស់ក្រុមហ៊ុនចុះពិនិត្យជាក់ស្តែងពីចំណែកប៉ះពាល់នោះ។
លោក លី ឌូហាន់ ឲ្យដឹងថា ក្រុមហ៊ុនគុកដុង អេច្ឆ.អេច្ឆ.អាយ ជារបស់ប្រទេសកូរ៉េបានវិនិយោគផ្លូវជាតិលេខ៣នេះរយៈពេល៣ឆ្នាំ។ ក្រុមហ៊ុនទើបចាប់ផ្តើមអនុវត្តឈូសនិងចាក់ដីពីខែមិថុនា ឆ្នាំ២០០៨ ហើយនឹងបញ្ចប់គម្រោងនៅខែឧសភា ឆ្នាំ២០១២ លើកំណាត់ផ្លូវជាតិលេខ៣ ដែលចម្ងាយជួសជុលដល់១៣៧គីឡូម៉ែត្រ ចាប់ពីខេត្តកំពត ទៅដល់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
