ពលរដ្ឋ​បារម្ភ​ពី​ការ​ឆ្លង​រាតត្បាត​នៃ​គ្រុន​ផ្ដាសាយ​A(H1N1)​នៅ​កម្ពុជា

2009-10-08

ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​បាន​សម្ដែង​នូវ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ការ​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) ដែល​បាន​រាតត្បាត​ឆ្លង​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ពេល​ថ្មីៗ និង​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​​ស្លាប់​ចំនួន​៣​នាក់​ហើយ​នោះ។

AFP Photo

អ្នក​ធ្វើ​ដំណើរ​ពាក់​ម៉ាស​ដើម្បី​ការពារ​ការឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​ជ្រូក​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ Los Angeles សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​២៩ មេសា ២០០៩។

ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ពួក​គេ​មាន​ការ​ភ័យខ្លាច​អំពី​ការ​ឆ្លង​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី​នេះ ដោយសារ​ពួកគេ​ភាគ​ច្រើន​ជា​កសិករ​ក្រីក្រ គ្មាន​លទ្ធភាព​នឹង​ព្យាបាល បើ​សិន​ជា​កើត​មាន​ដល់​គ្រួសារ​របស់​ពួកគេ។ ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​មិន​ទាន់​បាន​ដឹង​អំពី​វិធី​ការពារ និង​មិន​ទាន់​បាន​ដឹង​ពី​ជំងឺ​នេះ​បាន​ឆ្លង​នៅ​កម្ពុជា​នៅ​ឡើយ​ទេ។

ស្ត្រី​ម្នាក់​នៅ​ភូមិ​ត្រពាំង​ព្រះ​ទី​១ ខែត្រ​ព្រៃវែង បាន​ឲ្យ​ដឹង​ថា អ្នកស្រី​ក៏​ដូចជា​អ្នក​ភូមិ​ដទៃ​ទៀត មាន​ការ​ព្រួយ​បារម្ភ​និង​ភ័យ​ខ្លាច​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​ប្រភេទ A(H1N1) ឆ្លង​មក​ដល់​អ្នក​ភូមិ​ដែល​ជា​ប្រជាពលរដ្ឋ​ក្រីក្រ កុំ​ថា​ឡើយ​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​ដែល​ពិបាក​ព្យាបាល សូម្បី​តែ​ក្នុង​គ្រួសារ​របស់​គាត់​មាន​ជំងឺ​ទូទៅ ក៏​គ្មាន​លុយ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែរ។

អ្នកស្រី​បន្ត​ថា បើសិន​ជា​អ្នក​មាន​គេ​មិន​សូវ​ព្រួយ​បារម្ភ​ទេ ព្រោះ​គេ​អាច​ទៅ​រក​មន្ទីរពេទ្យ​ឯកជន​ល្អៗ​ដើម្បី​ព្យាបាល ទោះ​បី​ជា​ជំងឺ​អ្វី​ក៏ដោយ ៖ «ដឹង​ខ្លះ ដូច​ថា គេ​ឲ្យ​ការពារ ពាក់​ម៉ាស់ ហើយ​បើ​មាន​អ្នក​ជំងឺ​ឈឺ កុំ​ឲ្យ​កុមារ​ទៅ​ជិត មិន​ឲ្យ​និយាយ ទាក់​ទង​តាម​ទូរស័ព្ទ​បាន មិន​ឲ្យ​សួរ​សុខ​ទុក្ខ​ដោយ​ផ្ទាល់។ ខ្ញុំ​ព្រួយ​បារម្ភ​ដែរ ព្រោះ​ខ្ញុំ​មាន​កូន​តូចៗ។ ដឹង​មិន​ច្បាស់​ដែរ ខ្ញុំ​ចង់​ដឹង​ពី​វិធី​ការពារ»

ប្រជាពលរដ្ឋ​មួយ​រូប​ទៀត​ឈ្មោះ ចាន់ សារី មាន​ប្រសាសន៍​ថា លោក​គ្រាន់​តែ​ឮ​គេ​និយាយ​តៗ​គ្នា​ប៉ុណ្ណោះ ថា​ជំងឺ​ផ្តាសាយ​ថ្មី​ងាយ​នឹង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ប៉ុន្តែ​លោក​មិន​ទាន់​បាន​ដឹង​ផ្ទាល់​ពី​មន្ត្រី​សុខាភិបាល​ប្រកាស​ប្រាប់​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​ដាច់​ស្រយាល​នោះ​ទេ ថា​តើ​ត្រូវ​ការពារ​តាម​វិធី​ណា​នោះ។ លោក​បញ្ជាក់​ថា បើ​សិន​ជា​ជំងឺ​នេះ​ឆ្លង​ដល់​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា គឺ​ងាយ​ស្រួល​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​ដោយ​ងាយ ពីព្រោះ​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ​មាន​ការ​យល់​ដឹង​តិច​តួច អំពី​ការ​ថែទាំ​សុខភាព​និង​វិធី​ការពារ។

លោក ចាន់ សារី មាន​ប្រសាសន៍​ដូច្នេះ ៖ «មិន​សូវ​ដឹង ឮ​តែ​គេ​ថា ឲ្យ​ប្រើ​ម៉ាស់​ការពារ កាល​គេ​ផ្សាយ​ក្នុង​ទូរទស្សន៍​ហ្នឹង។ សូម​ឲ្យ​រដ្ឋាភិបាល​ជួយ​ទប់​ស្កាត់​រោគ​ហ្នឹង​កុំ​ឲ្យ​ឆ្លង»

ប្រជាពលរដ្ឋ​ឈ្មោះ ប៊ុន ធឿន នៅ​ខែត្រ​កណ្តាល បាន​ឲ្យ​ដឹង​ដែរ​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​របស់​លោក​ខ្លះ​មិន​ជឿ​ថា​មាន​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​ប្រភេទ A(H1N1) ឆ្លង​មក​ដល់​កម្ពុជា​នោះ​ទេ។ ប៉ុន្តែ​មួយ​ចំនួន​ទៀត​បាន​ដឹង​តាម​រយៈ​ការ​ស្តាប់​វិទ្យុ​និង​មើល​ទូរទស្សន៍។ លោក​បន្ត​ថា លោក​មាន​ការ​ភ័យ​ខ្លាច​ជំងឺ​នេះ​ឆ្លង​ដល់​សាច់ញាតិ​របស់​លោក​ដោយ​មិន​ដឹង​ខ្លួន ព្រោះ​ថា ពេទ្យ​នៅ​ខែត្រ​ការ​ព្យាបាល​មិន​ដូច​ពេទ្យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ឡើយ។

លោក ប៊ុន ធឿន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ការ​កើត​ហ្នឹង​គេ​អត់​ទាន់​ជឿ ប៉ុន្តែ​គេ​ប្រាប់ ផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ គេ​ឲ្យ​ប្រយ័ត្ន ម្ល៉ោះ​ហើយ​អ្នក​ស្រុក​ហ្នឹង​ចេះ​តែ​ប្រយ័ត្ន​ទៅ។ គេ​ឮ​តាម​ហ្នឹង ប៉ុន្តែ​ឃើញ​ផ្ទាល់​អត់​ទាន់​មាន»

អាជីវករ​មួយ​រូប​ក្នុង​រាជធានី​ភ្នំពេញ ឈ្មោះ ទុយ មាន​ប្រសាសន៍​ថា លោក​មិន​បាន​គិត​អំពី​គ្រុន​ផ្តាសាយ​ថ្មី​នេះ​ទេ លោក​គិត​តែ​អំពី​ការ​លក់​ដូរ​របស់​លោក​តែប៉ុណ្ណោះ ព្រោះ​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ គឺ​ប៉ះពាល់​ដល់​ការ​លក់​ដូរ​របស់​លោក​ដែរ បើ​ខំ​លក់​ដូរ​ទេ​កូនៗ​របស់​លោក​នឹង​គ្មាន​ថវិកា​ទៅ​រៀន។ ប៉ុន្តែ​យ៉ាង​នេះ​ក្តី លោក​តែង​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដែរ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា។

មន្ត្រី​នគរបាល​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​ថា លោក​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​ដែរ គឺ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​នេះ ដោយសារ​ជំងឺ​នេះ​ពិបាក​នឹង​ព្យាបាល ហើយ​ម្យ៉ាង​ទៀត​ប្រាក់​បៀវត្សរ៍​មាន​តិច ទោះ​បី​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សាធារណៈ​ក៏​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ដែរ នៅ​ពេល​ចូល​ទៅ​ព្យាបាល​ជំងឺ។

មន្រ្តី​នគរបាល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​ដូច្នេះ ៖ «ចំពោះ​បញ្ហា​នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ទាំង​អស់ សូម​ជួយ​ការពារ​និង​ជួយ​ទប់​ស្កាត់​ឲ្យ​បាន ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​ផង»

រហូត​មក​ទល់​ពេល​នេះ គឺ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​ប្រភេទA(H1N1) ចំនួន​១២០​នាក់​ហើយ ក្នុង​នោះ​បាន​ស្លាប់​ចំនួន​៣​នាក់ គឺ​ស្រី​២​នាក់​ប្រុស​ម្នាក់ ដោយ​ការ​ស្លាប់​លើក​ទី​១ ដោយសារ​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​នេះ កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា កន្លង​ទៅ ទី​២ គឺ​បុរស​ម្នាក់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៥ តុលា និង​ករណី​ទី​៣ គឺ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​៦ តុលា ប៉ុន្តែ​ទារិកា​ក្រុម​គ្រូពេទ្យ​បាន​សង្គ្រោះ​បាន​ដោយ​សុវត្ថិភាព។ ជន​រង​គ្រោះ​ខាង​លើ​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​មាន​អាសយដ្ឋាន​នៅ​ខណ្ឌ​ចំការមន​ដូចគ្នា។

មន្ត្រី​ឯកទេស​ខាង​សុខភាព​សាធារណៈ​នៃ​អង្គការ​សុខភាព​ពិភពលោក វេជ្ជបណ្ឌិត នីម៉ា អាសហ្គារី បាន​ឲ្យ​ដឹង​ថា ថ្វី​ត្បិត​តែ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​នេះ មិន​ទាន់​ខ្ពស់​នៅ​ឡើយ​នៅ​កម្ពុជា ប៉ុន្តែ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​ដូច​គ្នា​នេះ គេ​ត្រូវ​តែ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ពី​បញ្ហា​នេះ ដូច​ជា​ការ​ក្អក​ត្រូវ​ខ្ទប់​មាត់ សម្អាត​ដៃ​ជើង​នឹង​សាប៊ូ ហើយ​សម្រាក​នៅ​ផ្ទះ​នៅ​ពេល​ឈឺ និង​មិន​ត្រូវ​ចម្លង​មេរោគ​ឲ្យ​អ្នក​ដទៃ​ទៀត​នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បាន​បញ្ជាក់​ថា ក្រសួង​សុខាភិបាល​បាន​បង្កើត​កន្លែង​ព្យាបាល​ចំនួន​ពីរ​កន្លែង​រួច​ហើយ គឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​និង​មន្ទីរពេទ្យ​រុស្ស៊ី សម្រាប់​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី។ លោក​ក៏​បាន​តម្រូវ​ឲ្យ​គ្រប់​មន្ទីរ​ព្យាបាល​ឯកជន​ទាំង​អស់ ត្រូវ​បញ្ជូន​មក​មន្ទីរពេទ្យ​រដ្ឋ​ជា​បន្ទាន់​ពេល​មាន​ករណី​សង្ស័យ។

យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​បាន​ព្រួយ​បារម្ភ​អំពី​ការ​ព្យាបាល​នៅ​មន្ទីរ​រដ្ឋ ដែល​ក្រុម​គ្រូពេទ្យ​បាន​ទាមទារ​ថវិកា​ច្រើន​ក្នុង​ពេល​ព្យាបាល​ផង​ដែរ។

របាយរការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​ប្រភេទ A(H1N1) បាន​រាត​ត្បាត​នៅ​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ជំងឺ​សរុប​ចំនួន ៣៤០.០០០​ករណី ក្នុង​នោះ​បាន​ស្លាប់​ជាង​៤.១០០​នាក់ របាយការណ៍​នេះ​គិត​ត្រឹម​ថ្ងៃ​ទី​២ តុលា ឆ្នាំ​២០០៩។

ប្រទេស​កម្ពុជា​បាន​កត់ត្រា​ករណី​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី ដែល​ត្រូវ​បាន​អះអាង​ឡើង​ជា​លើក​ដំបូង​របស់​ខ្លួន កាល​ពី​ចុង​ខែ​មិថុនា ក្រោយ​ពី​លទ្ធផល​ធ្វើ​តេស្ត​មួយ​ចំនួន​លើ​ទេសចរ​ជនជាតិ​អាមេរិក​ម្នាក់ អាយុ​១៦​ឆ្នាំ បាន​បង្ហាញ​ថា​វិជ្ជមាន​នោះ​មក៕

ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អ្នក​កើត​ជំងឺ​ផ្ដាសាយ​A(H1N1)​នៅ​កម្ពុជា​កើន​ដល់​៤៤៤នាក់

មន្ត្រី​សុខាភិបាល៖ ពលរដ្ឋ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ការពារ​ជំងឺ​ផ្តាសាយ​ថ្មី

មន្ទីរ​សុខាភិបាល​ខែត្រ​សៀមរាប​គ្រោង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ផ្តាសាយ​ថ្មី

សហជីព​កម្មករ​សុំ​ឲ្យ​អាជ្ញាធរ​ផ្សព្វផ្សាយ​ពី​វិធី​ការពារ​ជំងឺ​ផ្ដាសាយ​ថ្មី

ថ្នាំ​បង្ការ​ជំងឺ​គ្រុនផ្តាសាយ​A(H1N1)​នឹង​មក​ដល់​កម្ពុជា​ខែ​ក្រោយ

មន្រ្តី​សុខាភិបាល​បារម្ភ​ពី​ការ​ឆ្លង​នៃ​ជំងឺ​ផ្ដាសាយ​ថ្មី​ក្នុង​ពេល​អុំ​ទូក

WHO​និង​​អាជ្ញាធរ​​ត្រៀម​ចែក​ខិត្តប័ណ្ណ​អប់រំ​ពី​​ផ្ដាសាយ​ថ្មី​ក្នុង​ពិធី​បុណ្យ​អុំទូក

WHO​និង​ក្រសួង​សុខាភិបាល​គ្រោង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​គ្រុន​ផ្តាសាយថ្មី

អ្នក​ស្លាប់​ដោយសារ​គ្រុន​ផ្ដាសាយ A(H1N1) កើន​ដល់​៣​នាក់​ហើយ​នៅ​កម្ពុជា