លោក សាន់ សង ជាអាចារ្យនៅវត្តធម្មរតនៈសាគរ ក្នុងទីរួមខេត្តកំពង់ឆ្នាំង បានថ្លែងថា កាលពីព្រឹកថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ក្រុមប៉ូលិសចរាចរណ៍ខេត្តបាត់ដំបងពីរកន្លែងបានកាក់រថយន្តកូរ៉េបីគ្រឿងដែលដឹកបានដឹកព្រះសង្ឃ ដូនជី តាជីនិងពុទ្ធបរិស័ទជិត១០០នាក់ទៅធ្វើបុណ្យតាមគន្លងព្រះពុទ្ធសាសនាមួយនៅឯស្រុកថ្មគោល។
លោក សាន់ សង បានឲ្យដឹងថា ៖ «ធ្វើដំណើរពីកំពង់ឆ្នាំងមក ឆ្លងកាត់ខេត្តពោធិ៍សាត់ឃើញប៉ូលិសដែរ តែគ្រាន់តែថា គាត់គ្រាន់តែឃើញទង់សាសនា ឃើញព្រះសង្ឃអី គាត់ស៊ីញ៉ូឲ្យមក។ ដល់ពេលធ្វើដំណើរមកដល់ជាយក្រុងបាត់ដំបងខាងកើតហ្នឹង ប៉ូលិសគាត់ហៅ»។
លោកបន្តថា ក្រុមប៉ូលិសចរាចរណ៍ដែលដាក់ប៉ុស្តិ៍នៅចំចំណុចមួយក្នុងឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានទារលុយពីរថយន្តដឹកអ្នកទៅធ្វើបុណ្យក្នុងមួយគ្រឿង ៣ម៉ឺន៥ពាន់រៀល តែក្រោយមកព្រមទទួលសរុបតែ៤ម៉ឺនរៀល។ នៅពេលបើកចេញដល់ចំណុចមួយទៀតស្ថិតក្នុងភូមិអណ្តូងចេញ ក្រុងបាត់ដំបង ស្រាប់តែមានប៉ូលិសចរាចរណ៍មួយក្រុមផ្សេងទៀតកាក់ទារលុយពីរថយន្តទាំងបីគ្រឿងអស់ចំនួន៣ម៉ឺនរៀលថែមទៀត ដោយមិនមានចេញវិក្កយបត្រឲ្យ បើទោះបីរថយន្តទាំងបីគ្រឿងនោះមានប័ណ្ណពន្ធផ្លូវ លិខិតស្របច្បាប់ទាំងអស់ក៏ដោយ។
លោក សាត គឹមសាន ប្រធានការិយាល័យប៉ូលិសចរាចរណ៍ខេត្តបាត់ដំបង បានថ្លែងថា ពិតជាមានរឿងដូចករណីខាងលើកើតមានឡើងមែន ប៉ុន្តែលោកថា រថយន្តកូរ៉េទាំងបីគ្រឿងខុសច្បាប់ ទើបប៉ូលិសផាកពិន័យ។
លោក សាត គឹមសាន បានបញ្ជាក់ថា ៖ «តែដោយសារការយោគយល់ធ្វើបុណ្យរបៀបហ្នឹង បានជាប៉ូលិសចរាចរណ៍គាត់មានការយោគយល់របៀបហ្នឹង ប៉ុន្តែជំហានដំបូងដោយសារកំហុសរបស់អ្នកប្រើប្រាស់យានយន្តហ្នឹងហើយ»។
លោកបន្តថា ការដែលប៉ូលិសរបស់លោកធ្វើការផាកពិន័យមិនចេញវិក្កយបត្រឲ្យ គឺជារឿងខុសច្បាប់។
ព្រះតេជព្រះគុណ ប្រាក់ សោ ភាន់ ព្រះចៅអធិការគង់នៅវត្តធម្មរតនៈសាគរ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រថយន្តទាំងបីគ្រឿងនោះព្រះអង្គបានសុំឲ្យអ្នកស្រុកជួយដឹកព្រះសង្ឃ ពុទ្ធបរិស័ទ ដូនជី តាជី ដើម្បីមកចូលរួមធ្វើបុណ្យឲ្យញោមប្រុស ញោមស្រីរបស់ព្រះអង្គនៅស្រុកថ្មគោល។
ព្រះតេជព្រះគុណ ប្រាក់ សោ ភាន់ បានមានដីកាថា ៖ «ព្រោះអាត្មានៅខេត្តកំពង់ឆ្នាំងច្រើនតែទៅទេសនៅភ្នំពេញអី ហើយឡានឡើងចុះភ្នំពេញ អត់ដែលមានទេ! ទើបតែមកប្លែកឯណេះ!»។
ហុង គា អ្នកភូមិម្នាក់ក្នុងស្រុកថ្មគោល បានថ្លែងថា ក្រុមប៉ូលិសចរាចរណ៍ខេត្តបាត់ដំបងមិនបានគិតអ្វីក្រៅពីលុយទេ ទើបពួកគេធ្វើដូច្នោះ ៖ «ព្រោះឡាន គាត់មួយៗគាត់បំពាក់ទង់សាសនាភ្ជាប់ជាមួយលោក(សង្ឃ) ឬមួយតាជី ដូនជី មកដើម្បីធ្វើបុណ្យ ដល់គាត់ធ្វើអ៊ីចឹងបានន័យថា គាត់អត់មាននៅក្នុងសាសនាខ្មែរទេ មិនដឹងសាសនាអី!»។
ក្រុមមន្ត្រីសិទ្ធិមនុស្សនិងប្រជាពលរដ្ឋក្នុងរយៈពេលកន្លងមកនេះបានរិះគន់ក្រុមប៉ូលិសចរាចរណ៍ខេត្តបាត់ដំបងថា បានចាប់ម្ចាស់យានយន្តទារលុយមិនត្រឹមត្រូវតាមច្បាប់កំណត់ ហើយអ្នកខ្លះរិះគន់ថា ពួកគេកំពុងប្រែក្លាយការអនុវត្តច្បាប់ចរាចរណ៍ដែលប្រកាសដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមុខរបរស៊ីស្របច្បាប់៕
