ភាព​យឺត​យ៉ាវ​ក្នុង​ការ​ធ្វើ​លិខិត​រៀបការ​រវាង​ខ្មែរ​និង​ជន​បរទេស​រង​ការ​រិះគន់

2009-10-16

ករណី​ស្នើសុំ​លិខិត​រៀប​អាពាហ៍​ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ​ជាមួយ​ជន​បរទេស​កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ក្លា​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ដែល​កំពុង​រត់ការ​ធ្វើ​លិខិត​ស្នាម​នេះ។

បុរស​ម្នាក់​មាន​ទី​លំនៅ​នៅ​ឯ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​បារម្ភ​ក្រែង​គេ​ផ្អឹប​ទុក​ឯកសារ​មិន​ឲ្យ​ចេញ​រួច​ជា​រៀង​រហូត​នោះ មាន​ប្រសាសន៍​ថា ឯកសារ​របស់​គាត់​បាន​យក​ទៅ​ដាក់​ប្រមាណ​មួយ​ខែ​ហើយ​តែ​គ្មាន​ចម្លើយ​ឆ្លើយ​តប​ថា​យ៉ាង​ណា​សោះ ពោល​គឺ​ងងឹត​សូន្យ​តែម្តង។

គាត់​មន្ទិល​ថា ឯកសារ​នេះ​ត្រូវ​បាន​ផ្អឹប​ទុក​ដោយ​លោក​វរសេនីយ៍​ឯក ជ្រិន វណ្ណេ ដែល​ជា​ជំនួយការ​របស់​លោកស្រី​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ជូ ប៊ុនអេង ក្នុង​បំណង​ស្វែងរក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

បុរស​ដដែល​បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​ទៅ​សួរ​អគ្គលេខាធិការដ្ឋាន​ហ្នឹង​ថា​បញ្ជូន​ទៅ​អេសប៉េ​ជំទាវ ជូ ប៊ុនអេង មាន​លោក​វរសេនីយ៍​ឯក ជ្រិន វណ្ណេ។ បាន​ន័យ​ថា ជាប់​នៅ​ត្រឹម​គាត់​ហ្នឹង តែ​គាត់​រង់ចាំ​ដល់​សាមី​ខ្លួន​តាម​ទៅ​សួរ​នាំ​អ៊ីចឹង​បាន​គាត់​ទម្លាក់​ឯកសារ​ហ្នឹង​ទៅ​ឲ្យ ឬ​មាន​ផល​ប្រយោជន៍​ខ្លះ​សម្រាប់​គាត់​អ៊ីចឹង​បាន​គាត់​ទម្លាក់​ឯកសារ​ហ្នឹង​ទៅ​ឲ្យ»

ស្ត្រី​ម្នាក់​ទៀត​ក៏​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ដែរ​សម្ដែង​ពី​ចម្ងល់​យ៉ាង​ដូច្នេះ​ថា ៖ «ឆ្ងល់​ត្រង់​ថា របស់​ខ្ញុំ​ខ្វះខាត​អី​ក៏​មិន​និយាយ អត់​មាន​ប្រាប់​អី​បន្តិច​សោះ រួច​ខ្ញុំ​ចាំ​មើល​មួយ​ខែ​ជាង​ហើយ​ហ្នឹង»

គួរ​បញ្ជាក់​ថា ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ចំពោះ​ករណី​ស្នើសុំ​រៀប​អាពាហ៍​ពិពាហ៍​របស់​ជន​បរទេស​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ កាល​ពី​ថ្ងៃ​១៩ ខែ​កញ្ញា​កន្លង​ទៅ ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្ដី​សម្រេច​បង្កើត​ក្រុម​ការងារ​ចម្រុះ​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​ពិនិត្យ​ចុះ​បញ្ជី​ការ​រៀប​អាពាហ៍​ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ​និង​ជន​បរទេស​មួយ​ដើម្បី​គ្រប់គ្រង​និង​ដំណើរការ​ការងារ​នេះ។

ក្នុង​ប្រការ​៤​នៃ​សេចក្តី​សម្រេច​បាន​ចែង​ថា ក្រុម​ការងារ​ចម្រុះ​មាន​ភារកិច្ច​ពិនិត្យ​បែបបទ​នៃ​ការ​ស្នើសុំ​នេះ ដោយ​កំណត់​រយៈពេល​៥​ថ្ងៃ​នៃ​ថ្ងៃ​ការងារ​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​ប្រជាពលរដ្ឋ​នេះ។

ឆ្លើយ​តប​ចំពោះ​ការ​មន្ទិល​របស់​ប្រជាពលរដ្ឋ លោក​វរសេនីយ៍​ឯក ជ្រិន វណ្ណេ ពន្យល់​ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ការ​យឺតយ៉ាវ​នេះ​យ៉ាង​ដូច្នេះ​ថា ៖ «ការ​ដែល​គាត់​និយាយ​ថា មក​ស្ទះ​កន្លែង​នេះ គឺ​គ្មាន​ទេ លើកលែង​តែ​ឯកសារ​ហ្នឹង​វា​មិន​ទាន់​គ្រប់គ្រាន់ ខាង​ជំនាញ​ផ្សេងៗ​គាត់​ពិនិត្យ​ទៅ មិន​ទាន់​គ្រប់គ្រាន់ ខ្វះ​នេះ ខ្វះ​នោះ ហើយ​ប្រជាពលរដ្ឋ​មិន​ព្រម​ចូល​ទៅ​ទាក់ទង​ដើម្បី​សួរ​នាំ​ដើម្បី​បំពេញ​បន្ថែម​ឲ្យ​គេ​នោះ​ណា៎។ អ៊ីចឹង​ជំនាញ​មួយៗ​គាត់​មិន​ទាន់​អាច​វាយ​តម្លៃ​ធ្វើ​ឡើង​មក​បាន​ទេ ហើយ​បើ​មិន​ទាន់​បញ្ជូន​មក​ខ្ញុំ​ក៏​មិន​ទាន់​អាច​ធ្វើការ​បូក​សរុប​លទ្ធផល​ជូន​បាន​ដែរ។ ខ្ញុំ​ជម្រាប​ជូន​បាន​ប៉ុណ្ណឹង រឿង​ស្ទះ​អត់​មាន​ទេ»

ដោយ​ផ្អែក​តាម​សេចក្តី​សម្រេច​នេះ​និង​ដោយ​លិខិត​ស្នាម​មាន​ភាព​យឺតយ៉ាវ​លើស​ពី​ការ​កំណត់​ជា​ច្រើន​ថ្ងៃ ដូច្នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​មាន​ប្រតិកម្ម​រិះ​គន់​និង​ចោទ​ប្រកាន់​ដោយ​មន្ទិល​ចំពោះ​អគ្គ​លេខាធិការដ្ឋាន ជា​ពិសេស​គឺ​លោក​វរសេនីយ៍​ឯក ជ្រិន វណ្ណេ យ៉ាង​ដូច្នេះ។

យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​ឯករាជ គឺ​លោកស្រី ជា វណ្ណាត មាន​ប្រសាសន៍​ថា កង្វះ​តម្លាភាព​និង​ការិយាធិបតេយ្យ​ក្នុង​ការ​អនុវត្តន៍​ការងារ​បាន​បណ្តាល​ឲ្យ​កើត​មាន​នូវ​ទំនាស់​ទាំង​នេះ​ឡើង ដែល​គេ​អាច​បំបាត់​វា​បាន​ដោយ​ការ​ប្តេជ្ញា​គោរព​ច្បាប់​ជា​ធរមាន៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




មើល​មតិ​ទាំង​អស់.

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

នាយក​រដ្ឋមន្ត្រី​សម្រេច​យក​សម័យ​ប្រជុំ​ថ្ងៃ​១១ ធ្នូ ដើម្បី​ឆ្លង​សេចក្ដី​ព្រាង​ច្បាប់​អំពើ​ពុក​រលួយ

នគរបាល​អន្តោប្រវេសន៍​នៅ​ប៉ោយប៉ែត​រង​ការ​ចោទ​ថា​បន្ត​ជំរិត​ប្រាក់​ពី​កម្មករ

អតីត​ប្រធានាធិបតី​អាមេរិក​សម្ពោធ​ផ្ទះ​សម្រាប់​ជន​ក្រី​ក្រ​នៅ​ខែត្រ​កណ្ដាល

ទីតាំង​ផលិត​ប្រេង​ម្រះព្រៅ​ភ្នំ​​២​កន្លែង​នៅ​​ពោធិ៍សាត់​ត្រូវ​បាន​កម្ទេច

គណៈកម្មការ​ខ្មែរ​ម្ចាស់​ស្រុក​នឹង​រៀបចំ​កិច្ច​ប្រជុំ​ស្ដី​ពី​បញ្ហា​នៅ​កម្ពុជា

អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​រារាំង​រថយន្ត​ដឹក​ព្រះពុទ្ធ​បដិមា​របស់​ម៉មសូណង់ដូ

ប្រជា​នេសាទ​ប្រតិកម្ម​ចំពោះ​ការ​កំណត់​ប្រភេទ​ឧបករណ៍​នេសាទ

បញ្ហា​ធូលី​ហុយ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣​ប៉ះពាល់​ដល់​សុខភាព​អ្នក​ស្រុក

ពលរដ្ឋ​នៅ​ព្រៃវែង​ត្អូញ​ពី​បញ្ហា​សមត្ថកិច្ច​ស្ទាក់​ទារ​ប្រាក់​តាម​ផ្លូវ

ក្រសួង​សុខាភិបាល​បារម្ភ​ចំពោះ​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ