ពលរដ្ឋ​កម្ពុជា​អបអរ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក

បន្ទាប់ពី​ប្រទេស​កម្ពុជា​ទទួល​ជោគជ័យ​ក្នុង​ការស្នើសុំ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​នោះ​មក មាន​ប្រជាពលរដ្ឋ សិស្ស និស្សិត រាប់​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​សម្ដែង​សេចក្ដី​អបអរ​ចំពោះ​សេចក្ដី​សម្រេច​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ផងដែរ ។

ទន្ទឹម​នឹង​នេះ​មាន​សេចក្តី​រាយការណ៍​មក​ថា ព្រះសង្ឃ​ក្នុង​ទី​វត្ត​អារាម​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា​នៅ​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​នា​ថ្ងៃ​អង្គារ​នេះ បាន​នាំគ្នា​សូត្រ​ធម៌​និង​ទូង​ស្គរ​ដើម្បី​អបអរ​ការដាក់​បញ្ចូល​នោះ ។

គួរ​បញ្ជាក់​ផងដែរ​ថា​នៅ​រាត្រី​ថ្ងៃ​អង្គារ ទី​៨ កក្កដា​នេះ ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ធ្វើ​ពិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ដើម្បី​អបអរ​សាទរ​ការ​ដែល​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ៕