មនុស្សប្រមាណ ២០០នាក់ បានចូលរួមនៅក្នុងវេទិកាដើម្បីប្រជាពលរដ្ឋ ខេត្តក្រចេះ ដែលរៀបចំឡើងដោយអង្គការស្ដារកម្ពុជា សហការជាមួយអង្គការអាដហុក កាលពីថ្ងៃទី២៩ ឧសភា នៅវត្តក្រគរ ។
នាយិកាប្រតិបត្តិរងអង្គការស្ដារកម្ពុជា គឺអ្នកស្រី ចេត ចរិយា បានជម្រាបឲ្យដឹងពីគោលបំណង និងការបង្កើតអង្គវេទិកានេះថា គឺដើម្បីអប់រំប្រជាពលរដ្ឋ ឲ្យស្គាល់តួនាទីនិងសិទ្ធិសេរីភាពរបស់ខ្លួន និងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋមានឱកាសជួបប្រាស្រ័យទាក់ទងជាមួយនឹងតំណាងរាស្រ្ដនិងអាជ្ញាធរ ។
លោក ញឹម គឹមតង មេឃុំក្រគរ បានសង្កេតឃើញថា ប្រជាពលរដ្ឋខ្វះដីសង់លំនៅនិងខ្វះដីកសិកម្ម ប៉ុន្តែផ្ទុយទៅវិញរាជរដ្ឋាភិបាលបានធ្វើសម្បទានដីសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុននីមួយៗ ជាច្រើនហិកតា រយៈពេលពី ៩០ ទៅ ៩៩ឆ្នាំផង ។
លោក ញឹម គឹមតង មានប្រសាសន៍ថា ៖ «ចំពោះតំណាងរាស្រ្ដគ្រប់គណបក្ស តើមានចំណាប់អារម្មណ៍យ៉ាងណាទៅ ចំពោះជោគវាសនា រាស្រ្ដជាម្ចាស់ឆ្នោតដែលគ្មានដី ហើយអស់ដីទៅអនាគត» ។
អ្នកស្រី យិន សំអូន តំណាងសហគមន៍នៅឃុំជ្រោយបន្ទាយ ក៏មានសំណូមពរផ្ដោតទៅលើបញ្ហាដីធ្លីសម្រាប់ប្រជាពលរដ្ឋផងដែរ ៖ «ក្នុងខេត្តមានបងប្អូនចូលទៅរានដីចម្ការ អ៊ីចឹងដីដែលសម្រាប់សម្បទានសង្គមកិច្ច ឬក៏ដីសេដ្ឋកិច្ច ដែលពលរដ្ឋមួយចំនួន គាត់ចូលទៅរើរាននេះ តើគាត់ត្រូវទទួលបានផល ឬក៏ខាងសុរិយោដីមានវិធានការយ៉ាងណា ទៅថ្ងៃមុខ ?» ។
ចម្ងល់របស់ប្រជាពលរដ្ឋអំពីដីធ្លីនេះ ត្រូវបានលោក ម៉ាន់ សុផាត ប្រធានមន្ទីរសុរិយោដី បំភ្លឺថា ក្រោយពីច្បាប់ភូមិបាលចេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ គឺភោគៈត្រូវបានបញ្ចប់ ហើយជំនួសមកវិញ ដោយសម្បទានសេដ្ឋកិច្ច និងសម្បទានសង្គមកិច្ច ក្នុងនោះ លោកបានបញ្ជាក់ថា ដីសម្បទានសង្គមកិច្ច គឺសម្រាប់តែអ្នកក្រីក្រ ហើយគ្មានដី ៖ «ចំពោះប្រជាពលរដ្ឋ ដែលខ្វះខាតដី ឲ្យប្រជាពលរដ្ឋនៅក្នុងឃុំរបស់ខ្លួនហ្នឹង ធ្វើសំណើរសុំទៅមេឃុំ ដើម្បីមេឃុំដាក់បញ្ចូលទៅក្នុងគម្រោងស្នើសុំ របស់ស្រុក របស់ខេត្ត ដើម្បីស្នើសុំទៅថ្នាក់ជាតិ ដើម្បីសម្រេច» ។
ចំពោះដីសម្បទានសេដ្ឋកិច្ច ដែលប្រជាពលរដ្ឋលើកឡើងថា ដោយសារតែសម្បទាននេះ អាចធ្វើឲ្យប្រជាពលរដ្ឋខ្វះដីធ្លីនោះ អ្នកស្រី ត្រឹង ថាវី តំណាងរាស្ដ្រ ខេត្តក្រចេះ បានបញ្ជាក់ជូនថា សម្បទានសេដ្ឋកិច្ច បានដើរទន្ទឹមនឹងសម្បទានសង្គមកិច្ច ។
អ្នកស្រី ត្រឹង ថាវី មានប្រសាសន៍ថា ៖ «រដ្ឋាភិបាលបានយកចិត្តទុកដាក់រហូតចេញអនុក្រឹត្យលេខ ១៩ ស្ដីពីសម្បទានសង្គមកិច្ច សំដៅដោះស្រាយដីជូនប្រជាពលរដ្ឋដែលក្រីក្រ ខ្វះខាតពិតប្រាកដ ទាំងដីសង់លំនៅ ទាំងដីបង្កបង្កើនផល» ។
តែទោះជាយ៉ាងណាក៏ដោយ ក៏អ្នកតំណាងរាស្រ្ដមកពីគណបក្សប្រឆាំង គឺលោក សុន ឆ័យ បានរិះគន់ថា ការផ្ដល់ដីសម្បទានទៅឲ្យឯកជនលើសពី១ម៉ឺនហិកតា ជាការខុសច្បាប់ ហើយលោកបានសុំឲ្យតំណាងរាស្រ្ដជួយរំឭក និងកែតម្រូវរាជរដ្ឋាភិបាលឡើងវិញ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
នីទណ្ឌភាពនៅតែមានចំពោះមន្ត្រីយោធាដែលបាញ់សម្លាប់មនុស្ស
ក្រុមគ្រួសារប្ដឹងជំទាស់តុលាការខេត្តកំពង់ស្ពឺដែលពន្យារពេលឃុំខ្លួនមនុស្ស៥នាក់
យោធិនពិការ៣នាក់ត្រូវតុលាការកំពង់ធំដោះលែងវិញហើយ ក្រោយការឃាត់ខ្លួនមួយរយៈ
បញ្ហារំលោភដីធ្លីជនជាតិដើមភាគតិចត្រូវបានលើកមកពិភាក្សា
មន្ត្រីបរិស្ថានខេត្តក្រចេះបាញ់គំរាមពលរដ្ឋដោយចោទថារស់នៅលើដីហាមឃាត់
អ្នកភូមិនៅរតនគិរីចោទថា អាជ្ញាធរគំរាមពួកគេមិនឲ្យចូលរួមក្នុងការដង្ហែក្បួន
មន្ត្រីសិទ្ធិមនុស្សចោទថា នគរបាលស្រុកអូរជ្រៅព្យាយាមបិទបាំងករណីឃាតកម្ម
ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យសមាគមអាដហុកធ្វើការហែក្បួននៅរតនគិរី
ទស្សនៈយល់ឃើញផ្ទុយគ្នាជុំវិញបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
សកម្មជនសិទ្ធិមនុស្សមកពីអាមេរិក មជ្ឈិមបូព៌ានិងកម្ពុជាជួបជុំគ្នាដើម្បីចែករំលែកពិសោធន៍