ពលរដ្ឋ​នៅ​ខែត្រ​ព្រះវិហារ​អបអរ​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​ពិភពលោក

2008-07-10

មន្ត្រី​រាជការ​និង​ប្រជាពលរដ្ឋ​ប្រមាណ​៥​ពាន់​នាក់​នៅ​ខេត្ត​ព្រះវិហារ​បាន​មក​ជួបជុំ​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១០ ខែ​កក្កដា ដើម្បី​ធ្វើ​ពិធី​អបអរ​សាទរ​ចំពោះ​ប្រាសាទ​ព្រះវិហារ​ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក និង​បាន​គោរព​វិញ្ញាណក្ខន្ធ​បុព្វបុរស​ខ្មែរ​ទាំងអស់​ដែល​បាន​បូជា​ជីវិត​ដើម្បី​ប្រាសាទ​ព្រះវិហារ​ផងដែរ ។

Photo courtesy of Tharum Bun, http://tharum.info

អ្នកទេសចរ​ដើរ​ទស្សនា​ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដងរែក ក្នុង​ឆ្នាំ​២០០៦។

អភិបាល​រង​ខេត្ត​ព្រះវិហារ លោក ស សំអុល បាន​មាន​ប្រសាសន៍​ថា មន្ត្រី​រាជការ ព្រះ​សង្ឃ និង​ប្រជាពលរដ្ឋ​ប្រមាណ​៥​ពាន់​នាក់ បាន​មក​ប្រជុំ​គ្នា​ក្នុង​ទីរួមខេត្ត​ព្រះវិហារ​ដោយ​ធ្វើ​មិទ្ទិញ​អបអរ​សាទរ​ប្រាសាទ​ព្រះវិហារ និង​បាន​គោរព​ដល់​វិញ្ញាណក្ខន្ធ​បុព្វបុរស​ខ្មែរ​គ្រប់ៗ​ជំនាន់​ដែល​បាន​លះបង់​ជីវិត​ដើម្បី​ប្រាសាទ​ព្រះវិហារ​នេះ ។

លោក ស សំអុល បាន​ឲ្យ​ដឹង​ថា ៖ «ធ្វើ​ជា​មិទ្ទិញ​មហាជន​មួយ​នៅ​ពហុកីឡាដ្ឋាន​ខេត្ត​នេះ​ណា៎ ។ យើង​មាន​ការគោរព​វិញ្ញាណក្ខ័ន្ធ​ដល់​បុព្វការីជន​យើង​ដែល​បាន​ពលី​ជីវិត​ដើម្បី​ប្រាសាទ​ព្រះវិហារ​ហ្នឹង​កាលពី​អតីតកាល»

ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​លើ​ខ្នង​ភ្នំ​ប្រាសាទ​ព្រះវិហារ បាន​មាន​ប្រសាសន៍​ថា​ពួក​គាត់​មាន​ក្តីរំភើប​សប្បាយ​រីករាយ​ដោយ​នាំគ្នា​ចាក់​ធុង​បាស​រាំ​ចំនួន​៣​យប់​៣​ថ្ងៃ នៅ​ពេល​ដែល​ឮ​ថា​ប្រាសាទ​ព្រះវិហារ​បាន​ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ក៏ប៉ុន្តែ​ពួក​គេ​នៅតែ​ព្រួយ​បារម្ភ​ចំពោះ​ការគំរាម​កំហែង​ពី​ក្រុម​បាតុករ​ថៃ​ដែល​នៅតែ​ព្រមាន​តាម​ការផ្សាយ​ទូរទស្សន៍​នៅឡើយ ហើយ​រយៈពេល​ពីរ​ថ្ងៃ​មក​នេះ​គេ​ឃើញ​យន្តហោះ​ថៃ​បាន​ហោះ​ឆ្វែល​លើ​ប្រាសាទ​ព្រះវិហារ​និង​ថត​យក​រូបភាព​ផង ។

ប្រជាពលរដ្ឋ​នៅ​លើ​ខ្នង​ភ្នំ​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា ៖ «មាន​អារម្មណ៍​ថា​រីករាយ​ត្រេកអរ​មែនទែន ។ ប៉ុន្តែ​វា​នៅ​ព្រួយ​បារម្ភ​ពី​រឿង​ថៃ វា​ចេះតែ​ផ្សាយ​ព័ត៌មាន​នៅ​ក្នុង​ទូរទស្សន៍​ថា វា​ទុក​រយៈពេល​៣០​ថ្ងៃ​ឲ្យ​រដ្ឋមន្ត្រី​វា​ដោះស្រាយ ។ ដោះស្រាយ​មិន​ចេញ​ទេ ប្រជាជន​វា​មក​ផ្ទាល់ មក​យក​ដី​នេះ​តែម្ដង ព័ត៌មាន​វា​ផ្សាយ​អ៊ីចឹង ។ យន្តហោះ​របស់​ថៃ ថត​តាម​យន្តហោះ​ឯ​លើ តែ​វា​ចូល​មក​ខាង​យើង​តិចៗ​ដែរ»

នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​កក្កដា​នេះ​ដែរ នៅ​ឯ​ខេត្ត​សៀមរាប​មាន​មនុស្ស​ប្រមាណ​៣ពាន់​នាក់​បាន​ចូលរួម​ប្រារព្ធ​ពិធី​អបអរ​សាទរ​ប្រាសាទ​ព្រះវិហារ​ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ដែរ ដោយ​ពិធី​នេះ​បាន​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​អប្សរា​នៅ​ពី​មុខ​ប្រាសាទ​អង្គរវត្ត ។

អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​មិន​ត្រឹមតែ​មាន​ការទទួល​ស្គាល់​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​តែ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ទទួល​បាន​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​និង​ផ្នែក​បច្ចេកទេស​នៅ​ក្នុង​កិច្ចការពារ​ថែរក្សា​និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​ទៀតផង ។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ៖ «សម្ដេច​តេជោ ហ៊ុន សែន លោក​ចង់​ឃើញ​ប្រាសាទ​ព្រះវិហារ​មិនមែន​ឯកោ​តែ​ឯង​នៅ​លើ​កំពូល​ភ្នំ​ដែល​ពិបាក​នឹង​ចុះ​ឡើង​ទេ គឺ​ថា​ប្រាសាទ​ព្រះវិហារ​ឥឡូវ​នេះ​នៅ​ជាមួយ​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​ពិភពលោក»

សូម​បញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​៧ ខែ​កក្កដា​កន្លងមក ប្រទេស​ចំនួន​២១​ដែល​ជា​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​ដែល​បាន​ប្រជុំ​នៅ​ប្រទេស​កាណាដា បាន​សម្រេច​គាំទ្រ​ដាក់​ប្រាសាទ​ព្រះវិហារ​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។

យោងតាម​ឯកសារ​របស់​អង្គការ UNESCO ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើសុំ​អង្គការ UNESCO ឲ្យ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​តាំងពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០០១ ហើយ​រហូត​មក​ដល់​ពេល​នេះ​បំណង​ទាំង​នោះ​បាន​សម្រេច​ហើយ ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ចំនួន​ពលរដ្ឋ​ខ្មែរ​ដែល​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​មាន​ការ​កើន​ឡើង

កម្ពុជា​បក​ស្រាយ​រឿង​ចាប់​ខ្លួន​និង​ហាម​​ថៃ​មិន​ឲ្យ​បញ្ជា​ចរាចរណ៍​ជើង​អាកាស

មន្ត្រី​ការ​បរទេស​ថៃ​ឲ្យ​កម្ពុជា​គោរព​តាម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម

កម្ពុជា​ហាម​បុគ្គលិក​ថៃ​មិន​ឲ្យ​ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​ជើង​យន្តហោះ

កម្ពុជា​មិន​ទាន់​ទទួល​លិខិត​ផ្លូវការ​ស្នើ​សុំ​ដោះ​លែង​ចារកម្ម​ថៃ​នៅ​ឡើយ

មន្រ្តី​រដ្ឋាភិបាល​បំភ្លឺ​ពី​បញ្ហា​ព្រំដែន​និង​ការ​លើក​អភ័យ​ឯក​សិទ្ធិ​សមរង្ស៊ី

ទស្សនៈ​នានា​ជុំវិញ​ការ​លើក​អភ័យ​ឯក​សិទ្ធិ​សមរង្ស៊ី

អាជ្ញាធរ​ថៃ​គ្រោង​ដោះលែង​ខ្មែរ​៨​នាក់​ដែល​បាន​ឆ្លង​ដែន​ខុស​ច្បាប់

សមរង្ស៊ី​ប្រតិកម្ម​ទៅ​នឹង​ការ​ព្យួរ​​អភ័យ​ឯក​សិទ្ធិ

ក្រសួង​យុត្តិធម៌​គ្រោង​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​ស្វាយរៀង​កោះ​ហៅ​សមរង្ស៊ី​ឆាប់ៗ