ពលរដ្ឋខ្មែរជាច្រើននាក់ណាស់ទាំងក្នុងប្រទេសនិងក្រៅប្រទេសស្ទើរគ្រប់ទិសទី មិនថាជនបទដាច់ស្រយាលឡើយមួយរយៈចុងក្រោយនេះ បាននាំគ្នាធ្វើការបរិច្ចាគប្រាក់កាសផ្ទាល់ខ្លួនសម្រាប់ឧបត្ថម្ភទៅកងទ័ពនៅសមរភូមិមុខ បន្ទាប់ពីស្ថានការណ៍តឹងតែងរវាងខ្មែរថៃនៃតំបន់ព្រះវិហារ ។
ទាហានខ្មែរដែលយាមការពារនៅប្រាសាទព្រះវិហារ សម្រាកទទួលទានអាហាររួមគ្នា នាថ្ងៃទី៣០ កក្កដា ២០០៨។
ស្រី មុំ អាយុជាង២០ឆ្នាំ រស់នៅស្រុកសំពៅលូន បាននិយាយថាក្រុមគ្រួសាររបស់នាង៥នាក់ បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនក្នុងម្នាក់ៗ ប្រហែល២ម៉ឺនរៀលនៅក្នុងកម្មវិធីរៃអង្គាសនោះ ដើម្បីបញ្ជាក់ពីការចូលរួមចំណែកក្នុងការលើកទឹកចិត្តទៅដល់កងទ័ពខ្មែរនៅជួរមុខ ដែលកំពុងស្ថិតក្នុងស្ថានភាពខ្វះខាតក្នុងការការពារបូរណភាពទឹកដី ។
ស្រី មុំ បានឲ្យដឹងថា ៖ «ឮគេថានៅហ្នឹងខ្វះខាតខាងថ្នាំពេទ្យ ឬមួយក៏សម្ភារៈប្រើអ៊ីចឹង ម្ហូបអាហារអី លុយហ្នឹងគេយកទៅទិញ គេប្រាប់ថាអ៊ីចឹង ទិញជួយកងទ័ពការពារនៅព្រះវិហារហ្នឹង ។ ដូចថាខ្ញុំមានប៉ុន្មាន ខ្ញុំចូលប៉ុណ្ណឹង មិនបានជួយអី ជួយបានតែប៉ុណ្ណឹង ។ ឃើញទាហានខ្មែរយើងក្នុងទូរទស្សន៍ ដូចគួរឲ្យអាណិតៗគ្រប់គ្នា គេមករៃអីអ៊ីចឹង ចេះតែចូលៗទៅ ។ ខ្ញុំស្រឡាញ់ទឹកដីខ្លួនឯងដែរ ស្អប់សៀម» ។
ស្រី មុំ និយាយទៀតថានៅតំបន់របស់នាងសូម្បីតែអ្នកសុំទានក៏បានចូលរួមចំណែកនៅក្នុងរឿងនេះដែរ ។
កម្មវិធីរៃអង្គាសប្រាក់មានស្ទើរគ្រប់កន្លែងក្នុងពេលបច្ចុប្បន្ននេះ មិនថានៅតាមផ្សារទេ នៅតាមភូមិ សាលារៀន និងនៅតាមវត្តអារាមទេ ក្នុងមួយភូមិៗត្រូវបានគេរាយការណ៍ថា ទទួលបាននូវជំនួយទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយអាជ្ញាធរមូលដ្ឋានបានផ្តល់ទៅខាងស្រុករៀងៗខ្លួន ដែលមានតំណាងសម្រាប់ទទួលភារកិច្ចនេះក្នុងការទិញសម្ភារៈ ដូចជាកៅស៊ូតង់ អង្រឹង បរិក្ខាបរិភោគ និងបរិក្ខាពេទ្យជាដើម ។
ព្រះតេជព្រះគុណ ឡាន់ លាង នៅវត្តរលំជ្រៃ ស្រុកថ្មពួក មានពុទ្ធដីកាថា ព្រះអង្គក៏បានជួយបំពេញកាតព្វកិច្ចនេះដែរ ដោយប្រមូលប្រាក់បានពុទ្ធបរិស័ទ និងព្រះសង្ឃក្នុងវត្តបានប្រហែល១០ម៉ឺនរៀល ។ ព្រះអង្គបន្តទៀតថាអ្វីដែលព្រះអង្គមិនទុកចិត្តនោះខ្លាចតែការឧបត្ថម្ភមិនបានដល់ដៃពលទាហានប៉ុណ្ណោះ ។
ព្រះតេជព្រះគុណ ឡាន់ លាង បានមានដីកាថា ៖ «ពេលមានអាសន្ន បានហៅគ្នាប្រើអ៊ីចឹង វាលំបាកដែរ ដូចអត់សូវបានគិតគូរដល់គ្នាអ្នកតូចតាច ។ ញោមញាតិអ្នកបរិច្ចាគទៅឲ្យយើងសង្ឃឹមថា យកទៅឲ្យដល់កងទ័ពមានជំនឿអ៊ីចឹង» ។
លោក គល់ ម៉ក់ មេឃុំថ្មពួក ខេត្តបន្ទាយមានជ័យ ថ្លែងថាឃុំរបស់លោកបានទទួលនូវថវិកាយ៉ាងហោចណាស់មួយលានរៀនពីអ្នកបរិច្ចាគ ។
មេឃុំគោរមៀត ឈ្មោះ សួន ឌុល នៅខេត្តបន្ទាយមានជ័យនេះដែរ ឲ្យដឹងបន្ថែមថាការរៃអង្គាសនោះមិនមែនត្រូវកំណត់ដោយរដ្ឋាភិបាលនោះទេ ប៉ុន្តែគឺជាឆន្ទៈរបស់ពលរដ្ឋស្នេហាជាតិ ហើយអាជ្ញាធរត្រូវទទួលបន្ទុករ៉ាប់រងថវិកានោះ ចៀសវាងការបាត់បង់ទើបតូ្រវធ្វើឡើងតាមរយៈភូមិឃុំ ។
លោក សួន ឌុល បានមានប្រសាសន៍ថា ៖ «យើងស្រឡាញ់ជាតិរបស់យើង គេមិនគិតរឿងគណបក្សនយោបាយណាទេ ការជួយនេះគឺជួយដើម្បីបង្ហាញនូវទឹកចិត្តតែប៉ុណ្ណោះទេ ។ ...តាមរយៈហើយគេយកទៅជួបផ្ទាល់តែម្ដង» ។
ក្រុមអ្នកគាំទ្របានបង្ហាញអំពីស្មារតីរួមចំណែកលើទឹកចិត្តកងទ័ពក្នុងការការពារបូរណភាពទឹកដី ដែលកំពុងត្រូវកងទ័ពថៃទន្ទ្រាន ប៉ុន្តែអ្នកមិនចូលរួមចំណែកក្នុងកម្មវិធីនេះបានបង្ហាញទស្សនៈរបស់ពួកគេថា គេចង់ឲ្យរដ្ឋាភិបាលទាំងមូលបង្ហាញនូវភាពទទួលខុសត្រូវទៅលើភាពកម្សត់របស់កងទ័ពជាតិខ្មែរនៅក្នុងស្ថានភាពបែបនេះ ។
អ្នកស្រី រ៉ានី នៅខេត្តពោធិ៍សាត់រិះគន់ថា សកម្មភាពរៃអង្គាសប្រាក់ហាក់ដូចជារូបភាពមួយដែលទម្លាក់ការទទួលខុសត្រូវក្នុងការជួយកងទ័ពខ្មែរទៅឲ្យប្រពលរដ្ឋទៅវិញ ។
អ្នកស្រីរអ៊ូរថា ៖ «ការធ្វើវិភាគទានសប្បុរសធម៌គឺការបរិច្ចាគដោយសទ្ធាជ្រះថ្លា តែនេះមិនមែនផង សូម្បីតែនៅតាមទីផ្សារក៏មានការដើររៃអង្គាស ហើយដែលចូលរៃអង្គាសហ្នឹងក៏ពួកគាត់អត់សប្បាយចិត្តដែរ ។ គាត់បានបញ្ចេញមតិប្រាប់ខ្ញុំថា សូម្បីតែកងទ័ព៤-៥ពាន់នាក់ រដ្ឋាភិបាលទ្រទ្រង់មិនកើតផងហ្នឹង ប្រទេសខ្មែរមិនមែនមានសង្រ្គាមពេញប្រទេសឯណា មានតែនៅមួយកន្លែងតូចមួយ គឺព្រះវិហារហ្នឹង ហើយរដ្ឋាភិបាលឧបត្ថម្ភអត់កើត ទទួលខុសត្រូវអត់កើតផង រហូតដល់ថ្នាក់ដើររៃអង្គាសហើយហ្នឹង» ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាអត្ថាធិប្បាយថា លោកគាំទ្រទៅដល់ទឹកចិត្តរបស់មហាជន ប៉ុន្តែលោកមិនគាំទ្រចំពោះសកម្មភាពរៃអង្គាសប្រាក់នោះឡើយ ។
លោកយល់ថាការធ្វើរបៀបនេះគឺជាកាយវិការដែលធ្វើឲ្យសត្រូវមាក់ងាយដល់ប្រទេសខ្មែរទាំងមូល ដោយសារតែរដ្ឋាភិបាលបានទុកកងទ័ពរបស់ខ្លួនឲ្យស្ថិតនៅក្នុងស្ថានភាពកម្សត់បែបនេះ ។
លោក រ៉ុង ឈុន បានបញ្ជាក់ថា ៖ «គេមើលមក ជាតិ អន្តរជាតិអី គេមើលថា អ្នកដឹកនាំ ឬមួយក៏ថវិកាជាតិខ្មែរយើងហ្នឹង អត់មានគម្រោងថវិកាណាមួយសម្រាប់ចំណាយទៅលើទ័ព ដើម្បីថានៅពេលជួបឧបសគ្គនៅក្នុងជួរមុខគេ បែរជាធ្វើចលនារៃអង្គាស ។ បែបហ្នឹងវាធ្វើឲ្យប៉ះពាល់កិត្តិយសរបស់ជាតិយើងដែរ ។ ហើយក្នុងនាមខ្ញុំផ្ទាល់ក៏អរគុណទៅដល់បងប្អូនជនរួមជាតិទាំងអស់ ដែលមានសប្បុរសធម៌អាណិតជាតិ ប៉ុន្តែយើងត្រូវដឹងថា ជាតិយើងបើមើលទៅតាមថង់ថវិកាជាតិសម្រាប់ចំណាយទៅលើបញ្ហាទាហានដែលប្រឈមមុខនៅជួរមុខអីហ្នឹង យើងឃើញខ្ទង់ចំណាយមួយឆ្នាំៗ២០០លានដុល្លារ» ។
ជាមួយគ្នានេះដែរគណៈកម្មាធិការប្រព្រឹត្តិកម្មដែលមានអង្គការក្រៅរដ្ឋាភិបាលចំនួន១៨អង្គការក៏បានគាំទ្រកម្មវិធីរៃអង្គាសប្រាក់នេះដែរ ។ កាលពីពេលថ្មីនេះគេបានយកថវិកាប្រហែល២លានរៀល និងសម្ភារៈឧបភោគនិងបរិភោគទៅដល់ជំរំទ័ពផ្ទាល់ ។
លោក ចាន់ សាវ៉េត តំណាងគណៈកម្មាធិការប្រព្រឹត្តិកម្ម មានប្រសាសន៍ថា លោកទទួលស្គាល់អំពីការមិនយកចិត្តទុកដាក់របស់រដ្ឋាភិបាលមកលើកងទ័ពរបស់ខ្លួន ក៏ប៉ុន្តែលោកសង្ឃឹមថាការចូលរួមចំណែករបស់គណៈកម្មាធិការប្រព្រឹត្តិកម្ម នឹងអាចជួយជាស្មារតីទៅដល់កងទ័ពខ្មែរ និងជាពន្លឺទៅដល់រដ្ឋាភិបាលចំពោះការគិតគូរឡើងវិញមកលើកងទ័ពខ្មែរ ។
លោក ចាន់ សាវ៉េត បានមានប្រសាសន៍ថា ៖ «កិច្ចការទាំងអស់ហ្នឹងរដ្ឋាភិបាលត្រូវតែមានជំហរខ្លួនឯង ព្រោះមើលឃើញស្រាប់ហើយ នៅពេលដែលចាប់ផ្ដើមបើកឆាកដំបូង មិនទាន់បានផ្ទុះអាវុធផង យើងឃើញថាមានការអត្តខាត់ច្រើន» ។
មកដល់ពេលនេះបើទោះបីជាពលរដ្ឋមានទស្សនៈផ្សេងៗគ្នាក៏ដោយ ប៉ុន្តែសកម្មភាពរៃអង្គាសប្រាក់នៅមិនទាន់ចប់នៅឡើយទេ ។ ជាមួយគ្នានេះដែរប្រភពពីសមាគមគ្រូនិងសមាគមអាដហុក បានឲ្យដឹងថា ពលទាហានបានទទួលអំណោយតិចតួចបំផុតអំពីភាពសន្ធឹកសន្ធាប់នៃការបរិច្ចាគនោះ បើទោះបីជាអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា គេបានធ្វើការដោយប្រយ័ត្នប្រយែងដើម្បីយកអំណោយទៅដល់ដៃកងទ័ពក៏ដោយ ៕
ស្ថានការណ៍នៅតំបន់ជម្លោះព្រំដែនមានសភាពតានតឹង
កម្ពុជាមានពេលច្រើនថែមទៀតដើម្បីដាក់ជូនផែនការអភិរក្សប្រាសាទព្រះវិហារ
ទាហានថៃ-ខ្មែរប្រឈមមុខគ្នានៅខាងលិចព្រះវិហារ ប៉ុន្តែគ្មានការផ្ទុះអាវុធទេ
អាជ្ញាធរខ្មែរចាប់បញ្ជូនសង្ឃថៃ៦អង្គទៅថៃវិញពីបទឆ្លងដែនខុសច្បាប់
នាយករដ្ឋមន្ត្រីខ្មែរព្រមានបាញ់ទម្លាក់យន្តហោះថៃដែលហោះចូលដែនអាកាសខ្មែរ
ទាហានថៃប៉ុនប៉ងសង់លេណដ្ឋានបេតុងប៉ុន្តែត្រូវទាហានខ្មែររារាំង
ជំនួបបិទទ្វារនាថ្ងៃ២៧មិថុនារវាងមន្ត្រីថៃនិងនាយករដ្ឋមន្ត្រីខ្មែរ
មេដឹកនាំខ្មែរទទួលជួបមន្ត្រីជាន់ខ្ពស់ថៃ២រូប
អ្នកភូមិមួយចំនួននៅក្បែរតំបន់ជម្លោះព្រំដែនចាកចេញពីលំនៅ
នាយករដ្ឋមន្ត្រីខ្មែរសោកស្ដាយចំពោះឥរិយាបថរបស់មេដឹកនាំថៃ