មតិ​ពលរដ្ឋ​ជុំវិញ​ការរៃអង្គាស​ប្រាក់​ឧបត្ថម្ភ​ដល់​កងទ័ព​នៅ​តំបន់​ព្រំដែន

2008-08-25

ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ណាស់​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ស្ទើរ​គ្រប់​ទិសទី មិន​ថា​ជនបទ​ដាច់ស្រយាល​ឡើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ បាន​នាំគ្នា​ធ្វើការ​បរិច្ចាគ​ប្រាក់កាស​ផ្ទាល់ខ្លួន​សម្រាប់​ឧបត្ថម្ភ​ទៅ​កងទ័ព​នៅ​សមរភូមិ​មុខ បន្ទាប់ពី​ស្ថានការណ៍​តឹងតែង​រវាង​ខ្មែរ​ថៃ​នៃ​តំបន់​ព្រះវិហារ ។

RFA file photo/Uy Sophea

ទាហាន​ខ្មែរ​ដែល​យាម​ការពារ​នៅ​ប្រាសាទ​ព្រះវិហារ សម្រាក​ទទួល​ទាន​អាហារ​រួមគ្នា នា​ថ្ងៃ​ទី៣០ កក្កដា ២០០៨។

ស្រី មុំ អាយុ​ជាង​២០​ឆ្នាំ រស់​នៅ​ស្រុក​សំពៅលូន បាន​និយាយ​ថា​ក្រុម​គ្រួសារ​របស់​នាង​៥​នាក់ បាន​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន​ក្នុង​ម្នាក់ៗ ប្រហែល​២​ម៉ឺន​រៀល​នៅ​ក្នុង​កម្មវិធី​រៃ​អង្គាស​នោះ ដើម្បី​បញ្ជាក់ពី​ការចូលរួម​ចំណែក​ក្នុង​ការលើក​ទឹក​ចិត្ត​ទៅ​ដល់​កងទ័ព​ខ្មែរ​នៅ​ជួរ​មុខ ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ខ្វះខាត​ក្នុង​ការការពារ​បូរណភាព​ទឹក​ដី ។

ស្រី មុំ បាន​ឲ្យ​ដឹង​ថា ៖ «ឮ​គេ​ថា​នៅ​ហ្នឹង​ខ្វះខាត​ខាង​ថ្នាំ​ពេទ្យ ឬ​មួយ​ក៏​សម្ភារៈ​ប្រើ​អ៊ីចឹង ម្ហូប​អាហារ​អី លុយ​ហ្នឹង​គេ​យក​ទៅ​ទិញ គេ​ប្រាប់​ថា​អ៊ីចឹង ទិញ​ជួយ​កងទ័ព​ការពារ​នៅ​ព្រះវិហារ​ហ្នឹង ។ ដូច​ថា​ខ្ញុំ​មាន​ប៉ុន្មាន ខ្ញុំ​ចូល​ប៉ុណ្ណឹង មិន​បាន​ជួយ​អី ជួយ​បាន​តែ​ប៉ុណ្ណឹង ។ ឃើញ​ទាហាន​ខ្មែរ​យើង​ក្នុង​ទូរទស្សន៍ ដូច​គួរ​ឲ្យ​អាណិតៗ​គ្រប់​គ្នា គេ​មក​រៃ​អី​អ៊ីចឹង ចេះតែ​ចូលៗ​ទៅ ។ ខ្ញុំ​ស្រឡាញ់​ទឹក​ដី​ខ្លួនឯង​ដែរ ស្អប់​សៀម»

ស្រី មុំ និយាយ​ទៀត​ថា​នៅ​តំបន់​របស់​នាង​សូម្បីតែ​អ្នក​សុំ​ទាន​ក៏​បាន​ចូលរួម​ចំណែក​នៅ​ក្នុង​រឿង​នេះ​ដែរ ។

កម្មវិធី​រៃ​អង្គាស​ប្រាក់​មាន​ស្ទើរ​គ្រប់​កន្លែង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មិន​ថា​នៅ​តាម​ផ្សារ​ទេ នៅ​តាម​ភូមិ សាលារៀន និង​នៅ​តាម​វត្តអារាម​ទេ ក្នុង​មួយ​ភូមិៗ​ត្រូវ​បាន​គេ​រាយការណ៍​ថា ទទួល​បាន​នូវ​ជំនួយ​ទឹក​ប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ហើយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ផ្តល់​ទៅ​ខាង​ស្រុក​រៀងៗ​ខ្លួន ដែល​មាន​តំណាង​សម្រាប់​ទទួល​ភារកិច្ច​នេះ​ក្នុង​ការទិញ​សម្ភារៈ ដូច​ជា​កៅស៊ូតង់ អង្រឹង បរិក្ខា​បរិភោគ និង​បរិក្ខាពេទ្យ​ជាដើម ។

ព្រះតេជព្រះគុណ ឡាន់ លាង នៅ​វត្ត​រលំជ្រៃ ស្រុក​ថ្មពួក មាន​ពុទ្ធដីកា​ថា ព្រះអង្គ​ក៏​បាន​ជួយ​បំពេញ​កាតព្វកិច្ច​នេះ​ដែរ ដោយ​ប្រមូល​ប្រាក់​បាន​ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​ក្នុង​វត្ត​បាន​ប្រហែល​១០​ម៉ឺន​រៀល ។ ព្រះអង្គ​បន្ត​ទៀត​ថា​អ្វី​ដែល​ព្រះអង្គ​មិន​ទុក​ចិត្ត​នោះ​ខ្លាច​តែ​ការឧបត្ថម្ភ​មិន​បាន​ដល់​ដៃ​ពល​ទាហាន​ប៉ុណ្ណោះ ។

ព្រះតេជព្រះគុណ ឡាន់ លាង បាន​មាន​ដីកា​ថា ៖ «ពេល​មាន​អាសន្ន បាន​ហៅ​គ្នា​ប្រើ​អ៊ីចឹង វា​លំបាក​ដែរ ដូច​អត់​សូវ​បាន​គិតគូរ​ដល់​គ្នា​អ្នក​តូចតាច ។ ញោមញាតិ​អ្នក​បរិច្ចាគ​ទៅ​ឲ្យ​យើង​សង្ឃឹម​ថា យក​ទៅ​ឲ្យ​ដល់​កងទ័ព​មាន​ជំនឿ​អ៊ីចឹង»

លោក គល់ ម៉ក់ មេ​ឃុំ​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ថ្លែង​ថា​ឃុំ​របស់​លោក​បាន​ទទួល​នូវ​ថវិកា​យ៉ាង​ហោច​ណាស់​មួយ​លាន​រៀន​ពី​អ្នក​បរិច្ចាគ ។

មេ​ឃុំ​គោរមៀត ឈ្មោះ សួន ឌុល នៅ​ខេត្ត​បន្ទាយមានជ័យ​នេះ​ដែរ ឲ្យ​ដឹង​បន្ថែម​ថា​ការរៃអង្គាស​នោះ​មិន​មែន​ត្រូវ​កំណត់​ដោយ​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ឆន្ទៈ​របស់​ពលរដ្ឋ​ស្នេហា​ជាតិ ហើយ​អាជ្ញាធរ​ត្រូវ​ទទួល​បន្ទុក​រ៉ាប់រង​ថវិកា​នោះ ចៀសវាង​ការបាត់បង់​ទើប​តូ្រវ​ធ្វើឡើង​តាមរយៈ​ភូមិ​ឃុំ ។

លោក សួន ឌុល បាន​មាន​ប្រសាសន៍​ថា ៖ «យើង​ស្រឡាញ់​ជាតិ​របស់​យើង គេ​មិន​គិត​រឿង​គណបក្ស​នយោបាយ​ណា​ទេ ការជួយ​នេះ​គឺ​ជួយ​ដើម្បី​បង្ហាញ​នូវ​ទឹកចិត្ត​តែប៉ុណ្ណោះ​ទេ ។ ...តាមរយៈ​ហើយ​គេ​យក​ទៅ​ជួប​ផ្ទាល់​តែម្ដង»

ក្រុម​អ្នក​គាំទ្រ​បាន​បង្ហាញ​អំពី​ស្មារតី​រួមចំណែក​លើ​ទឹកចិត្ត​កងទ័ព​ក្នុង​ការការពារ​បូរណភាព​ទឹកដី ដែល​កំពុង​ត្រូវ​កងទ័ព​ថៃ​ទន្ទ្រាន ប៉ុន្តែ​អ្នក​មិន​ចូលរួម​ចំណែក​ក្នុង​កម្មវិធី​នេះ​បាន​បង្ហាញ​ទស្សនៈ​របស់​ពួក​គេ​ថា គេ​ចង់​ឲ្យ​រដ្ឋាភិបាល​ទាំងមូល​បង្ហាញ​នូវ​ភាព​ទទួល​ខុសត្រូវ​ទៅ​លើ​ភាព​កម្សត់​របស់​កងទ័ព​ជាតិ​ខ្មែរ​នៅ​ក្នុង​ស្ថានភាព​បែបនេះ ។

អ្នកស្រី រ៉ានី នៅ​ខេត្ត​ពោធិ៍សាត់​រិះគន់​ថា សកម្មភាព​រៃអង្គាស​ប្រាក់​ហាក់​ដូច​ជា​រូបភាព​មួយ​ដែល​ទម្លាក់​ការទទួល​ខុស​ត្រូវ​ក្នុង​ការជួយ​កងទ័ព​ខ្មែរ​ទៅ​ឲ្យ​ប្រពលរដ្ឋ​ទៅ​វិញ ។

អ្នកស្រី​រអ៊ូរ​ថា ៖ «ការធ្វើ​វិភាគទាន​សប្បុរសធម៌​គឺ​ការបរិច្ចាគ​ដោយ​សទ្ធា​ជ្រះ​ថ្លា តែ​នេះ​មិនមែន​ផង សូម្បីតែ​នៅ​តាម​ទីផ្សារ​ក៏​មាន​ការដើរ​រៃអង្គាស ហើយ​ដែល​ចូល​រៃអង្គាស​ហ្នឹង​ក៏​ពួក​គាត់​អត់​សប្បាយ​ចិត្ត​ដែរ ។ គាត់​បាន​បញ្ចេញ​មតិ​ប្រាប់​ខ្ញុំ​ថា សូម្បីតែ​កងទ័ព​៤​-​៥​ពាន់​នាក់ រដ្ឋាភិបាល​ទ្រទ្រង់​មិន​កើត​ផង​ហ្នឹង ប្រទេស​ខ្មែរ​មិន​មែន​មាន​សង្រ្គាម​ពេញ​ប្រទេស​ឯ​ណា មានតែ​នៅ​មួយ​កន្លែង​តូច​មួយ គឺ​ព្រះវិហារ​ហ្នឹង ហើយ​រដ្ឋាភិបាល​ឧបត្ថម្ភ​អត់​កើត ទទួល​ខុស​ត្រូវ​អត់​កើត​ផង រហូត​ដល់​ថ្នាក់​ដើរ​រៃអង្គាស​ហើយ​ហ្នឹង»

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា​អត្ថាធិប្បាយ​ថា លោក​គាំទ្រ​ទៅ​ដល់​ទឹកចិត្ត​របស់​មហាជន ប៉ុន្តែ​លោក​មិន​គាំទ្រ​ចំពោះ​សកម្មភាព​រៃអង្គាស​ប្រាក់​នោះ​ឡើយ ។

លោក​យល់​ថា​ការធ្វើ​របៀប​នេះ​គឺ​ជា​កាយវិការ​ដែល​ធ្វើ​ឲ្យ​សត្រូវ​មាក់ងាយ​ដល់​ប្រទេស​ខ្មែរ​ទាំងមូល ដោយសារតែ​រដ្ឋាភិបាល​បាន​ទុក​កងទ័ព​របស់​ខ្លួន​ឲ្យ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​កម្សត់​បែប​នេះ ។

លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា ៖ «គេ​មើល​មក ជាតិ អន្តរជាតិ​អី គេ​មើល​ថា អ្នក​ដឹកនាំ ឬ​មួយ​ក៏​ថវិកា​ជាតិ​ខ្មែរ​យើង​ហ្នឹង អត់​មាន​គម្រោង​ថវិកា​ណា​មួយ​សម្រាប់​ចំណាយ​ទៅ​លើ​ទ័ព ដើម្បី​ថា​នៅ​ពេល​ជួប​ឧបសគ្គ​នៅ​ក្នុង​ជួរ​មុខ​គេ បែរ​ជា​ធ្វើ​ចលនា​រៃ​អង្គាស ។ បែប​ហ្នឹង​វា​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​ជាតិ​យើង​ដែរ ។ ហើយ​ក្នុង​នាម​ខ្ញុំ​ផ្ទាល់​ក៏​អរគុណ​ទៅ​ដល់​បងប្អូន​ជន​រួម​ជាតិ​ទាំងអស់ ដែល​មាន​សប្បុរសធម៌​អាណិត​ជាតិ ប៉ុន្តែ​យើង​ត្រូវ​ដឹង​ថា ជាតិ​យើង​បើ​មើល​ទៅ​តាម​ថង់​ថវិកា​ជាតិ​សម្រាប់​ចំណាយ​ទៅ​លើ​បញ្ហា​ទាហាន​ដែល​ប្រឈម​មុខ​នៅ​ជួរ​មុខ​អី​ហ្នឹង យើង​ឃើញ​ខ្ទង់​ចំណាយ​មួយ​ឆ្នាំៗ​២០០​លាន​ដុល្លារ»

ជាមួយ​គ្នា​នេះ​ដែរ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ដែល​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​១៨​អង្គការ​ក៏​បាន​គាំទ្រ​កម្មវិធី​រៃអង្គាស​ប្រាក់​នេះ​ដែរ ។ កាលពី​ពេល​ថ្មី​នេះ​គេ​បាន​យក​ថវិកា​ប្រហែល​២​លាន​រៀល និង​សម្ភារៈ​ឧបភោគ​និង​បរិភោគ​ទៅ​ដល់​ជំរំ​ទ័ព​ផ្ទាល់ ។

លោក ចាន់ សាវ៉េត តំណាង​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម មាន​ប្រសាសន៍​ថា លោក​ទទួល​ស្គាល់​អំពី​ការមិន​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​មក​លើ​កងទ័ព​របស់​ខ្លួន ក៏ប៉ុន្តែ​លោក​សង្ឃឹម​ថា​ការចូលរួម​ចំណែក​របស់​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នឹង​អាច​ជួយ​ជា​ស្មារតី​ទៅ​ដល់​កងទ័ព​ខ្មែរ និង​ជា​ពន្លឺ​ទៅ​ដល់​រដ្ឋាភិបាល​ចំពោះ​ការគិតគូរ​ឡើង​វិញ​មក​លើ​កងទ័ព​ខ្មែរ ។

លោក ចាន់ សាវ៉េត បាន​មាន​ប្រសាសន៍​ថា ៖ «កិច្ចការ​ទាំងអស់​ហ្នឹង​រដ្ឋាភិបាល​ត្រូវតែ​មាន​ជំហរ​ខ្លួនឯង ព្រោះ​មើល​ឃើញ​ស្រាប់​ហើយ នៅ​ពេល​ដែល​ចាប់ផ្ដើម​បើក​ឆាក​ដំបូង មិន​ទាន់​បាន​ផ្ទុះ​អាវុធ​ផង យើង​ឃើញ​ថា​មាន​ការអត្តខាត់​ច្រើន»

មក​ដល់​ពេល​នេះ​បើ​ទោះបី​ជា​ពលរដ្ឋ​មាន​ទស្សនៈ​ផ្សេងៗ​គ្នា​ក៏ដោយ ប៉ុន្តែ​សកម្មភាព​រៃអង្គាស​ប្រាក់​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ។ ជាមួយគ្នា​នេះ​ដែរ​ប្រភព​ពី​សមាគម​គ្រូ​និង​សមាគម​អាដហុក បាន​ឲ្យ​ដឹង​ថា ពល​ទាហាន​បាន​ទទួល​អំណោយ​តិចតួច​បំផុត​អំពី​ភាព​សន្ធឹកសន្ធាប់​នៃ​ការបរិច្ចាគ​នោះ បើ​ទោះបី​ជា​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់​ថា គេ​បាន​ធ្វើការ​ដោយ​ប្រយ័ត្នប្រយែង​ដើម្បី​យក​អំណោយ​ទៅ​ដល់​ដៃ​កងទ័ព​ក៏​ដោយ ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

កម្ពុជា​បដិសេធ​ព័ត៌មាន​ថា​បុត្រី​ហ៊ុនសែន​មាន​គម្រោង​គ្រប់គ្រង​ក្រុមហ៊ុន​CATS

ពាណិជ្ជករ​ថៃ​ធំៗ​បារម្ភ​ពី​បញ្ហា​ទំនាស់​រវាង​រដ្ឋាភិបាល​ខ្មែរ​និង​ថៃ

ចំនួន​ពលរដ្ឋ​ខ្មែរ​ដែល​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​មាន​ការ​កើន​ឡើង

កម្ពុជា​បក​ស្រាយ​រឿង​ចាប់​ខ្លួន​និង​ហាម​​ថៃ​មិន​ឲ្យ​បញ្ជា​ចរាចរណ៍​ជើង​អាកាស

មន្ត្រី​ការ​បរទេស​ថៃ​ឲ្យ​កម្ពុជា​គោរព​តាម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម

កម្ពុជា​ហាម​បុគ្គលិក​ថៃ​មិន​ឲ្យ​ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​ជើង​យន្តហោះ

កម្ពុជា​មិន​ទាន់​ទទួល​លិខិត​ផ្លូវការ​ស្នើ​សុំ​ដោះ​លែង​ចារកម្ម​ថៃ​នៅ​ឡើយ

មន្រ្តី​រដ្ឋាភិបាល​បំភ្លឺ​ពី​បញ្ហា​ព្រំដែន​និង​ការ​លើក​អភ័យ​ឯក​សិទ្ធិ​សមរង្ស៊ី

ទស្សនៈ​នានា​ជុំវិញ​ការ​លើក​អភ័យ​ឯក​សិទ្ធិ​សមរង្ស៊ី

អាជ្ញាធរ​ថៃ​គ្រោង​ដោះលែង​ខ្មែរ​៨​នាក់​ដែល​បាន​ឆ្លង​ដែន​ខុស​ច្បាប់