ព្រឹត្តិការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨ព្រឹកថ្ងៃ១ កញ្ញា នៅក្នុងបរិវេណវត្ត ដោយក្រុមបាតុករបាននាំគ្នាដាក់មេក្រូស្រែកតវ៉ាទាមទារឲ្យចៅអធិការវត្តព្រះនាម ហួត ប៊ុនថុន ចាកចេញពីវត្តនេះ។
លោកយាយ ហ៊ុល សុខុន យាយជីកាន់សីលក្នុងវត្តនេះ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីពីមូលហេតុដែលលោកយាយចូលរួមក្នុងការទាមទារបណ្តេញលោកគ្រូចៅអធិការព្រះនាម ហួត ប៊ុនថុន ចេញពីវត្តនោះថា ៖ «មូលហេតុលោកគ្មានវិន័យ លោកមិនកសាង។ ពុទ្ធបរិស័ទធ្វើបុណ្យ ដូចធ្វើក្នុងភ្លើងអ៊ីចឹង យកបុណ្យមកដុតចោលទេ លុយគាត់ខំរក កូនឲ្យមកមិនហ៊ានស៊ីគុយទាវផង សុខចិត្តមកធ្វើបុណ្យ ព្រោះចាស់ហើយ ដើម្បីបុណ្យ ដើម្បីយកទៅមុខ បើយកមកធ្វើជាមួយសង្ឃ ដែលអត់មានវិន័យ វាមិនបរាជិក មិនមែនបរាជិក ចាំតែអ្នកឯងហ្នឹងមានស្រីញីមកដេកក្នុងវត្ត បានថាបរាជិកទេ ពាក្យថាបរាជិក លួចសម្បត្តិវត្ត គឺបរាជិកហើយ»។
លោកតាអាចារ្យឈ្មោះ ប្រាក់ ម៉ូវ មានប្រសាសន៍បន្ថែមថា ៖ «សូម្បីតែព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គបានត្រាស់ជាព្រះពុទ្ធហើយ ៤៥ព្រះវស្សា គឺលោកអត់មានសម្រាកទេ ហើយយើងដែលជាសាវ័ក បួសទៅតាមដំណើររបស់ព្រះដែរ ម៉េចក៏យើងមិននម្សការថ្វាយបង្គំ ហើយនិងធ្វើឧបោសថកម្ម។ ហ្នឹងជាការសំខាន់របស់ខ្ញុំ ពុទ្ធបរិស័ទ មើលឃើញកំហុសឆ្គងហ្នឹង ហើយមិនគាំទ្រលោកចៅអធិការហ្នឹងតទៅមុខទៀត»។
មិនអាចសុំការបំភ្លឺពីចៅអធិការវត្តវារិន្ទព្រែកលៀបបានទេ នៅព្រឹកថ្ងៃដដែលនេះ តែក្រុមពុទ្ធបរិស័ទដែលគាំទ្រលោកចៅអធិការវត្តជាច្រើននាក់បាននាំគ្នាបដិសេធការចោទប្រកាន់នេះ។
លោកតា កែវ អៀវ ដែលមានផ្ទះនៅជាប់របងវត្តមានប្រសាសន៍ថា ៖ «លោកមិនបានប្រណិបតន៍ធម៌ ដោយសារការគំរាមរបស់បុគ្គល គណៈកម្មការ រីឯគណៈកម្មការវត្ត ថាទង្វើនេះ ជាការខុសឆ្គង របស់ព្រះសង្ឃ វត្តជាវត្តរបស់លោក មិនអាចធ្វើអ៊ីចឹងបានទេ បើលោកខុសនៅក្នុងផ្នែកសង្ឃ គួរតែដោះស្រាយតាមច្បាប់ មិនត្រូវប្រើកំហឹងទេ»។
លោកយាយ គឹម យឿន បន្ថែម ៖ «ខ្ញុំទៅសីលរាល់ថ្ងៃ ខ្ញុំអត់ដឹងទេ ដឹងតែលោកត្រឹមត្រូវ លោកល្អ ព្រោះលោកមិនដែលមានអ្នកណាមកធ្វើអីលោក»។
ក្នុងព្រឹត្តិការណ៍នេះ គេសង្កេតឃើញមានកម្លាំងប៉ូលិសនិងប៉េអឹមរាប់សិបនាក់បានត្រៀមលក្ខណៈទប់ស្កាត់ក្រែងមានអំពើហិង្សាណាមួយកើតឡើងជាយថាហេតុ។
ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាក្រុងភ្នំពេញ លោក ផន ដាវី មានប្រសាសន៍ថា លោកកំពុងទៅសុំយោបល់ពីសាលាគណដើម្បីដោះស្រាយវិវាទនេះ ៖ «យើងមិនចង់ឲ្យមានការបណ្ដេញព្រះសង្ឃអីទេ គឺថាចង់ធ្វើម៉េចឲ្យមានការសម្របសម្រួល ហើយចាប់ដៃគ្នាកសាងអភិវឌ្ឍវត្តហ្នឹងទៅ។ ឥឡូវខ្ញុំកំពុងតែធ្វើការសម្របសម្រួលជាមួយសាលាគណហ្នឹង»។
សូមបញ្ជាក់ថា រហូតមកដល់ម៉ោង ៤និង៣០នាទីរសៀលថ្ងៃដដែលនេះ នៅពុំទាន់មានដំណោះស្រាយណាមួយដើម្បីបញ្ឈប់ការតវ៉ារបស់ក្រុមបាតុករនៅឡើយទេ៕
