ម្ចាស់​រថយន្ត​ដឹក​ទំនិញ​មិន​សប្បាយ​ចិត្ត​នឹង​បទ​បញ្ជា​សាលាក្រុង

ប្រជាពលរដ្ឋ​ខែ្មរ​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​មាន​រថយន្ត​ប្រភេទ Pick-Up ដឹក​ទំនិញ​ទម្ងន់​២​តោន​កន្លះ​សម្រាប់​ជួល​ដឹក​ទំនិញ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​សម្ដែង​ការតវ៉ា​ថា អាជីវករ​នានា​ជា​ច្រើន​រយ​គ្រួសារ​កំពុង​តែ​ប្រឈម​មុខ​នឹង​ការលំបាក​ជា​ខ្លាំង​ចំពោះ​ការដាក់​បទបញ្ជា​របស់​សាលាក្រុង​ភ្នំពេញ​តម្រូវ​ឲ្យ​ពួកគេ​បង់​ប្រាក់​២០​ដុល្លារ​អាមេរិក​ជា​រៀង​រាល់​ខែ​ដើម្បី​សុំ​សិទ្ធិ​បើកបរ​ក្នុង​ទីក្រុង​ភ្នំពេញ។

0:00 / 0:00

ស្រ្តី​ម្នាក់​តំណាង​អាជីវករ​ជាច្រើន​រយ​នាក់​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ត្អូញត្អែរ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោកស្រី​មាន​រថយន្ត​ប្រភេទ Pick-Up ដឹក​ទំនិញ​ចំនួន​៣​គ្រឿង សម្រាប់​ប្រើប្រាស់ ប៉ុន្តែ​លោកស្រី​កំពុង​តែ​ជួប​ប្រទះ​នឹង​ការលំបាក ៖ «មាន​អ្នក​តំណាង អ្នក​ដែល​គេ​មាន​ឡាន ២​តោន​កន្លះ គាត់​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ដោយសារ​សាលាក្រុង​ចេញ​ច្បាប់ ឲ្យ​សុំ​ច្បាប់​បើកបរ​លើ​ផ្លូវ​ហ្នឹង មួយ​ខែ​បង់ ២០​ដុល្លារ ហើយ​មួយ​ខែ​សុំ​ម្ដងៗ។ ២០​ថ្ងៃ ត្រូវ​តែ​សុំ​ច្បាប់ ដល់​អ៊ីចឹង​វា​យ៉ាប់យ៉ឺន​មែន​ទែន ហើយ​គេ​មិន​សុខចិត្ត។ បង់​ផ្លូវ​មួយ​ឆ្នាំ អស់​តែ ២៥​ម៉ឺន​ទេ សាលាក្រុង​ចេញ​ច្បាប់​មក ឲ្យ​បង់​មួយ​ខែ ២០​ដុល្លារ ហើយ​មួយ​ខែ​សុំ​ច្បាប់​ម្ដង បើ​មិន​អ៊ីចឹង​ទេ​ចាប់ ចាប់​ផាក​ម្ដង ៨​ម៉ឺន ១០​ម៉ឺន។ គេ​ទើប​ចាប់​ផ្ដើម​ចាប់ ២​-៣​ខែ​ហ្នឹង​ទេ ហើយ​ខ្ញុំ ក៏​ទើប​ចាប់ផ្ដើម​បង់​តាំង​ពី​ខែ​៦»

ទាក់ទងនឹង​បញ្ហា​ដូចគ្នា​ខាង​លើ​នេះ លោក សុខ ហ៊ុយ តំណាង​អាជីវករ​ដែល​មាន​រថយន្ត​ប្រភេទ pick-up សម្រាប់​ជួល​ផង​ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា លោក​មាន​រថយន្ត​ចំនួន​២​គ្រឿង លោក​កំពុងតែ​មាន​បញ្ហា​លំបាក​ក្នុង​ការបង់​ប្រាក់​សុំ​ការអនុញ្ញាត​បើកបរ​ក្នុង​ទីក្រុង​ភ្នំពេញ។

លោក សុខ ហ៊ុយ ថ្លែង​ដូច្នេះ​ថា ៖ «ទារ​ឲ្យ​បង់ ២០​ដុល្លារ​ហើយ មួយ​ខែ​បង់​ម្ដង​ទៀត។ រវល់​តែ​បង់​អាហ្នឹង មិន​បាច់​រកស៊ី​អី​ទេ រវល់​តែ​បង់​អាហ្នឹង។ បើ​មួយ​ឆ្នាំ​សុំ​ម្ដង​អី​ទៅ ឬ​មួយ​ក៏​លុប​អាហ្នឹង​ចោល​ទៅ ឡាន​តូច​ដែរ មិនមែន​ឡាន​ធំ បើសិន​ជា​ឡាន​ធំ​ដឹកដី តម្រូវ​ឲ្យ​បង់ មិន​ថា​អី​ទេ»

លោក ម៉ាន់ ឈឿន អភិបាលរង​នៃ​សាលាក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​ខាង​លើ​នេះ​ទេ ពីព្រោះ​មាន​លោក ឈាង សុផាន ជា​អភិបាលរង​ម្នាក់​ទៀត​ទទួល​បន្ទុក​បញ្ហា​នេះ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ឈាង សុផាន ដើម្បី​សុំ​សេចក្តី​បំភ្លឺ​ឬ​សេចក្តី​អត្ថាធិប្បាយ​បាន​ភ្លាមៗ​ទេ នៅ​ថៃ្ង​ចន្ទ​នេះ ជុំវិញ​ការតវ៉ា​ខាង​លើ​នេះ។

លោក អឹង ជុនហួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​សម្ដែង​ការព្រួយ​បារម្ភ​អំពី​កំណើន​របស់​រថយន្ត​និង​ម៉ូតូ​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា​ថា ៖ «ព្រួយ​ខ្លាំង​មែនទែន ព្រោះ​ឥឡូវ​ហ្នឹង កាន់តែ​ចង្អៀត​ទៅៗ ហើយ​ផ្លូវ​យើង​នៅ​ដដែល ស្ទះ​ចរាចរណ៍​ស្ទះ​ខ្លាំង»

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ដូច​ជា​ម៉ូតូ​ចំនួន​ជាង​កន្លះ​លាន​គ្រឿង​និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​ជាង ១០​ម៉ឺន​គ្រឿង កំពុង​តែ​ធ្វើ​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា ជា​រៀង​រាល់​ថ្ងៃ។

លោក​ប៉ាន់​ស្មាន​ថា មធ្យោបាយ​ធ្វើ​ដំណើរ​ទាំង​នោះ នឹង​មាន​ការកើន​ទើ្បង​ថែម​ទៀត ដោយសារ​ការហូរ​ចូល​ពី​ប្រទេស​ជិត​ខាង៕