មន្ត្រីនគរបាលដដែលបានឲ្យដឹងថា ៖ «គិតទៅគំនិតថៃគឺនៅដដែល ដូចខ្មែរយើងកាលពីមុនថា គំនិតថៃចោរគឺនៅតែចោរ» ។
ការដាក់ទ័ពឈ្លានពានរបស់កងទ័ពទាហានឈុតខ្មៅរបស់ថៃបានកើតមានឡើងក្រោយពីប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ និងក្រោយពីប្រទេសកម្ពុជាបានបា្ររព្ធពិធីអបអរសាទរពីភាពជោគជ័យក្នុងការដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិភណ្ឌពិភពលោក ។
ប្រជាពលរដ្ឋកត់សម្គាល់ថានៅថ្ងៃទី២៦ ខែកក្កដា ថៃបានធ្វើសកម្មភាពចល័តទ័ព រថពាសដែក និងកាំភ្លើងតូចធំគ្រប់ប្រភេទ ហើយបានតម្រង់ទិសដៅមកប្រទេសកម្ពុជា ៖ «ថ្ងៃហ្នឹងឃើញតែកាំភ្លើងធំដឹកចូលពេលយប់ ដល់ពេលកូនខ្ញុំចូលទៅទិញអីវ៉ាន់ថៃ វាថាឃើញគេដាក់» ។
រីឯលោកវរសេនីយ៍ឯក នាក់ វង្ស មេបញ្ជាការកងពល៤២ បានមានប្រសាសន៍ថាទាហានឈុតខ្មៅថៃជាង៣០០នាក់ កាលពីថ្ងៃទី២៦ ខែកក្កដា បានឈ្លានពានចូលពង្រាយកម្លាំងយ៉ាងកំរោលមកហួសប្រាសាទតាមាន់ធំរបស់ខ្មែរលើខ្នងភ្នំដងរែកចម្ងាយ៣០០ម៉ែត្រ នៅភាគឧត្តរនៃប្រទេសកម្ពុជា ។
លោកវរសេនីយ៍ឯក នាក់ វង្ស បានមានប្រសាសន៍ថា ៖ «រឿងនេះមែនទែន យើងមានការប្រយុទ្ធដែរ មិនមែនអត់ប្រយុទ្ធទេ តែយើងប្រយុទ្ធយ៉ាងម៉េច គឺយើងដាក់កម្លាំង យើងមកពីខាងក្រោយដើម្បីធ្វើឲ្យវាភ័យដែរ នៅថ្ងៃហ្នឹងយើងយកកម្លាំងដាក់ ដល់ពេលអ៊ីចឹងវានៅពីមុខយើង វាត្រូវតែដក ។ កម្លាំងវាមក៣០០នាក់ជាង» ។
សុផល មុន្នី ៖ ហើយនៅពេលហ្នឹងតើយើងអាចដាក់កម្លាំងយើងប៉ុន្មាននាក់ដែរ ?
នាក់ វង្ស ៖ ខ្ញុំឡើងមក២២០នាក់ ។ ខ្ញុំឡើងមកលើនេះ (ខ្នងភ្នំដងរែក) តែ៥០នាក់ទេ ។
យោងតាមការអង្កេតជាក់ស្តែងនៅលើខ្នងភ្នំដងរែកទាហានឈុតខ្មៅថៃបានបន្សល់ទុកនូវក្រណាត់ពណ៌លឿង និងកំណាត់ឈើចងជាប់តាមដើមឈើក្រោយពីការដកចេញកាលពីថ្ងៃទី៥ សីហា ឆ្នាំ២០០៨ ។
លោកវរសេនីយ៍ឯក នាក់ វង្ស មេបញ្ជាការកងពល៤២បានថ្លែងថា មុនការដកចេញកងទ័ពភាគីទាំងពីរបានប្រឈមមុខដាក់គ្នា ប៉ុន្តែមិនមានការផ្ទុះអាវុធអ្វីកើតឡើងដែរ ។
លោកវរសេនីយ៍ឯក នាក់ វង្ស បានបញ្ជាក់ថា ៖ «យើងមកដេញឲ្យទៅវិញ មិនមែនជារឿងធម្មតាទេ គឺមកដេញឲ្យទៅតែម្ដង យើងមិនឲ្យនៅ» ។
សុផល មុន្នី ៖ យើងប្រាប់គេថាម៉េចខ្លះនៅពេលហ្នឹង ?
នាក់ វង្ស ៖ យើងប្រាប់គេថា លោកមកនេះមកហួសខុសពីភាពធម្មតា បានន័យថា លោកចល័តនិងកិលមកមុខរំលោភចូលដីខ្មែរ អ៊ីចឹងលោកត្រូវតែដកចេញ ។
ទោះជាថៃបានដកទ័ពចូលបន្ទាយរបស់ខ្លួនវិញ កាលពីថ្ងៃទី៥ សីហា ក៏ដោយ តែទាហានឈុតខ្មៅថៃនៅតែកាន់កាប់ប្រាសាទតាមាន់ធំដដែល ចំណែកកងទ័ពកម្ពុជាដែលឈរជើងការពារនៅទីនោះថៃមិនអនុញ្ញាតឲ្យចូលទៅក្នុងបរិវេណប្រាសាទតាមាន់ធំនោះឡើយ ។
ជាក់ស្តែងនៅថ្ងៃទី៨ ខែ៨ ឆ្នាំ២០០៨ ទាហានឈុតខ្មៅថៃជាង១០នាក់បានចេញមកពីបន្ទាយរបស់ខ្លួនខាងក្រោយ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ហាមឃាត់មិនឲ្យប្រជាពលរដ្ឋខ្មែរចូលទៅខាងក្នុងបរិវេណប្រាសាទ ដើម្បីប្រារព្ធពិធីបួងសួងតាមបែបព្រហ្មញ្ញសាសនានៅទីនោះទេ ។
លោកវរសេនីយ៍ឯក នាក់ វង្ស មេបញ្ជាការកងពល៤២បានថ្លែងថា លោកបានស្នើសុំទៅភាគីថៃដើម្បីឲ្យពុទ្ធបរិស័ទខ្មែរដែលដឹកនាំដោយលោក មឿង សុន ប្រធានសមាគមទ្រទ្រង់អរិយធម៌ខ្មែរ ចូលទៅធ្វើពិធីក្នុងទីប្រាសាទនោះ ប៉ុន្តែត្រូវបានខាងភាគីថៃបដិសេធមិនឲ្យចូលដោយនិយាយថា រង់ចាំបទបញ្ជាពីមេបញ្ជាការថៃក្នុងរយៈពេល២សប្តាហ៍ទៀត ។
លោកវរសេនីយ៍ឯក នាក់ វង្ស បានឲ្យដឹងថា ៖ «យើងបានសុំគេហើយ យើងបានជម្រាបគេមុនហើយ ក៏ប៉ុន្តែគេឆ្លើយថារង់ចាំបទបញ្ជាពីថ្នាក់លើគេពីរសប្តាហ៍ ។ គេអត់ថាម៉េចទេ គេឲ្យរង់ចាំបទបញ្ជាសិន» ។
លោកស្រី ព្រាប ស៊ីណូរ៉ា ដែលបានខំប្រឹងធ្វើដំណើរឡើងទៅដល់ខ្នងភ្នំដងរែកនោះ បានសម្តែងការខកចិត្តយ៉ាងខ្លាំងដោយជនជាតិខ្មែរមិនអាចចូលទៅកាន់ប្រាសាទតាមាន់ធំរបស់ខ្មែរបាន ។
លោកស្រីបានបន្តថាសៀមមិនគោរពនូវអធិបតេយ្យភាពរបស់ខ្មែរ មិនគោរពច្បាប់អន្តរជាតិ ហើយសៀមមិនគោរពនូវកិច្ចព្រមព្រៀងក្នុងនាមប្រទេសជាអាស៊ានទេ ។
លោកស្រី ព្រាប ស៊ីណូរ៉ា បានមានប្រសាសន៍ថា ៖ «ខ្ញុំសប្បាយរីករាយដែលបានមកឃើញប្រាសាទរបស់ខ្មែរ តែខ្ញុំមានការទោមនស្សយ៉ាងខ្លាំងដែលឃើញប្រាសាទខ្មែរហើយខ្មែរមិនអាចចូលបាន ។ សៀមឈ្លានពានខ្មែរ សៀមអត់គោរពនូវច្បាប់អន្តរជាតិ ពួកយើងស្ថិតនៅក្នុងអាស៊ានទាំងអស់គ្នា គួរណាតែសៀមគោរពច្បាប់របស់អាស៊ានផង» ។
លោក សាយ វណ្ណារ៉េត មេបញ្ជាការកង៥០៣ ការពារព្រំដែនភាគពាយ័ព្យនៃប្រទេសកម្ពុជា បានដាក់ការសង្ស័យថាថៃបានប្រើយុទ្ធវិធីកងទ័ព គ្រឿងសព្វាវុធ ចល័តនៅតាមព្រំដែនជាបន្តបន្ទាប់នោះ ទំនងគ្រាន់តែជារូបភាពមួយដើម្បីដាក់សម្ភាធគាបសង្កត់នយោបាយការទូតបង្ខំមកលើរដ្ឋាភិបាលខ្មែរឲ្យបើកការចរចាជាមួយខ្លួនតែប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងសភាពការណ៍តានតឹងនៃការប្រឈមមុខដាក់គ្នារវាងកងទ័ពទាំងពីរនៅតាមក្រវ៉ាត់ព្រំដែនជាបន្តបន្ទាប់នាពេលកន្លងមក ប្រទេសទាំងពីរបានជួបចរចាគ្នាចំនួនពីរលើករួចមកហើយ ជំនួបទីមួយគឺបានធ្វើឡើងកាលពីថ្ងៃទី២១ ខែកក្កដា នៅក្នុងខេត្តស្រះកែវ ប្រទេសថៃ រវាងថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលើកទី២ នៅខេត្តសៀមរាប ប្រទេសកម្ពុជា រវាងថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ ប៉ុន្តែមិនទាន់មានដំណោះស្រាយនៅឡើយទេទាក់ទងបញ្ហាព្រំដែននិងការប្រឈមមុខដាក់គ្នារវាងកងទ័ពនៃប្រទេសទាំងពីរ ។
កម្ពុជាថៃគ្រោងជួបគ្នាជាថ្មីម្តងទៀត រវាងថ្នាក់រដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរនៅក្នុងប្រទេសថៃ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០០៨ នេះ ។
ទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋខ្មែរនិងមេបញ្ជាការកងយោធពលខេមរភូមិន្ទការពារនៅតាមព្រំដែនបានថ្លែងប្រហាក់ប្រហែលគ្នាថា ពួកគេមិនចង់ឲ្យកើតមាននូវសង្រ្គាមដែលនាំមកនូវការបង្ហូរឈាមទេ ប៉ុន្តែរដ្ឋាភិបាលខ្មែរគួរធ្វើយ៉ាងណារៀបចំប្តឹងទៅអង្គការសហប្រជាជាតិ ដើម្បីទាមទារយកទឹកដីនិងរាល់ប្រាសាទទាំងឡាយដែលសៀមកំពុងឈ្លានពាននោះមកវិញ ៖ «សំណូមពររដ្ឋាភិបាលឲ្យគិតគូរនូវប្រាសាទទាំងឡាយដែលត្រូវគេឈ្លានពាន ដែលយើងមានប្រាកដថាដីរបស់យើងហើយ ។ សូមឲ្យធ្វើការប្ដឹងទៅអង្គការសហប្រជាជាតិ ដើម្បីជួយឲ្យបានប្រាសាទហ្នឹងមកជារបស់ខ្មែរយើង ។ ខ្ញុំចេះតែគិតថារឿងជាតិវាធំជាងរឿងអីទាំងអស់ រឿងស្អីដទៃទៀត បើសិនជាអត់ជាតិយើងត្រូវរលាយ» ៕
