ការអះអាងបញ្ជាក់របស់ពលរដ្ឋពីភាពគង់វង្សរបស់កោះមួយចំនួន ដូចជា កោះព្រីង កោះតាំង កោះពូឡូវ៉ៃ និងប្រជុំកោះមួយចំនួនទៀត ដែលស្ថិតនៅក្នុងដែនសមុទ្រកម្ពុជា កើតឡើងនៅគ្រារដ្ឋាភិបាល ដែលគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រងនូវសម្ពាធ និងការចោទប្រកាន់ថា បានធ្វើឲ្យដែនទឹក និងប្រជុំកោះក្រៅពីកោះត្រល់ និងកោះក្រចកសេះ ត្រូវបានរបូតបន្តទៀតទៅប្រទេសវៀតណាម ក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៨២ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន។
លោក ប្រាក់ ម៉ាឡៃ ដែលបម្រើការឲ្យក្រុមហ៊ុនដឹកភ្ញៀវទេសចរណ៍មួយ តាមកោះប្រចាំខេត្តព្រះសីហនុ លោកបដិសេធថា ការពិតកោះមួយចំនួន ដូចជាកោះព្រីង និងកោះពូឡូវៃ ជាដើម ដែលគេសង្ស័យថាសាធារណរដ្ឋសង្គមនិយមវៀតណាម កាន់កាប់បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាត់ប្រគល់ឲ្យនោះ គឺពុំមែនជាការពិតនោះឡើយ។ ក្នុងឋានៈជាអ្នកបើកបរទូកតាមផ្លូវទឹកជាង៣០ឆ្នាំមកនេះ លោក ប្រាក់ ម៉ាឡៃ បញ្ជាក់ថា ក្រៅពីកោះត្រល់ និងក្រោះក្រចកសេះ ឬ(កោះពូឡូប៉ង់យ៉ង់) ដែលបាត់បង់ទៅប្រទេសវៀតណាម នោះ ចំណែកក្រៅពីនេះ គឺស្ថិតនៅក្នុងអធិបតេយ្យរបស់កម្ពុជា និងការពារយ៉ាងរឹងមាំពីយោធាជើងទឹកថែមទៀតផង។
លោក ប្រាក់ ម៉ាឡៃ៖ «ខាងសម្ដេចហ្នឹងគាត់ឲ្យសាងសង់ដូចជាផ្លូវចាក់បេតុង ដូចជាអគារធំៗធ្វើអំពីឥដ្ឋប្រក់ហ្វីបប្រូស៊ីម៉ង់ត៍សព្វគ្រប់។ ផ្លូវតាំងពីមាត់សមុទ្ររហូតដល់ទៅលើកំពូលកោះចាក់បេតុងរហូត ពូឡូវ៉ៃ។ វរៈនៅក្រោម មានស្នងការមួយក្រុមទៀតនៅលើកំពូលឯណោះ»។
ក៏ប៉ុន្តែ ឯកសារមួយច្បាប់ដែលចេញដោយគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសបារាំង រកឃើញថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ នៅភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកកោះពូឡូវ៉ៃ ឬកោះវ៉ៃ ថាជារបស់វៀតណាម កាន់កាប់ចាប់តាំងពីរបបសាធារណរដ្ឋកម្ពុជា ដែលគ្រប់គ្រងដោយលោកសេនាប្រមុខ លន់ លន់ មកម្ល៉េះ។
នាយសេនាធិការជើងទឹករាមប្រចាំខេត្តព្រះសីហនុ គឺលោក ហ៊ីង សុធារ៉ា លោកមានប្រសាសន៍ថា ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលបច្ចុប្បន្ន ពិតជាប្រឹងប្រែងអស់ពីសមត្ថភាព និងការពារបូរណភាពទឹកដីបានយ៉ាងរឹងមាំ។ លោកបញ្ជាក់ថា កោះមួយចំនួនដែលនៅសេសសល់ក្រោយពីរបបសាធារណរដ្ឋលោកសេនាប្រមុខ លន់ លន់ និងរបបដឹកនាំមុនៗ ពោលគឺពុំបានបាត់បង់ទៅប្រទេសវៀតណាម ដូចការរកឃើញនោះទេ។ លោកបន្តថា សព្វថ្ងៃនេះ កោះមួយចំនួនដូចជា កោះព្រីង កោះតាំង កោះពូឡូវ៉ៃ ជាដើម និងប្រជុំកោះផ្សេងទៀត កងទ័ពកម្ពុជា បានបោះបន្ទាយឈរជើងការពារចាប់តាំងពីក្រោយឆ្នាំ១៩៧៩។
លោក ហ៊ីង សុធារ៉ា៖ «អត់ទេមិនៗមានខាងណាបាត់បង់ទេ គឺថា កោះយើងឈរជើងទាំងអស់ ឈរជើងរឹងមាំហ្មង ហើយលេណដ្ឋានទីតាំងអីរឹងមាំទាំងអស់។ លោកជំទាវធ្វើឲ្យថ្មទាំងអស់ ផ្លូវសុទ្ធតែបេតុង។ កាលមុនយើងនៅផ្ទះឈើ ផ្ទះឈើផ្ទះអីទាំងអស់ ឥឡូវលោកជំទាវដាក់ផ្ទះថ្មទាំងអស់ស្អាតហ្មង ដូចយើងនៅក្រុងហ្នឹងដែរ»។
កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់វេទិកាសភាជាង៥ម៉ោង ដើម្បីឆ្លើយសំណួររបស់លោក សុន ឆ័យ អ្នកតំណាងរាស្ត្រមកពីគណបក្ស សម រង្ស៊ី។ លោក ហ៊ុន សែន ចាត់ទុកការរកឃើញរបស់មន្ត្រីបក្សប្រឆាំង និងអ្នកជំនាញកិច្ចការព្រំដែនមួយចំនួនថា រដ្ឋាភិបាលដែលគ្រប់គ្រងដោយលោកផ្ទាល់ បានធ្វើឲ្យបាត់បង់ដែនគោក និងដែនសមុទ្រ តាមរយៈការបោះបង្គោលព្រំដែន នឹងឈានទៅកំណត់ព្រំដែនទឹក គឺពុំអាចទទួលយកបាននោះទេ។ ក្នុងន័យនេះ លោកអះអាងថា ផ្ទុយទៅអ្វីដែលរដ្ឋាភិបាលកំពុងធ្វើ គឺដើម្បីរក្សាការពារបញ្ចៀសនូវការបាត់បង់បន្ថែមទៀតតែប៉ុណ្ណោះ។
លោក ហ៊ុន សែន៖ «យើងបានធ្វើការសិក្សាលំអិតលើឯកសារទាំងឡាយដែលពាក់ព័ន្ធលើការងារព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងទាំងបី។ ទាំងព្រំដែនគោក និងព្រំដែនសមុទ្រ ដែលពេលនេះខ្ញុំសូមលើកឡើងតែករណីជាមួយប្រទេសវៀតណាម មួយប៉ុណ្ណោះ។ ផ្អែកលើការសិក្សាលំអិតនេះ កម្ពុជាបានពិនិត្យឃើញនូវការចាំបាច់ ត្រូវស្នើសុំទៅរដ្ឋាភិបាលវៀតណាម សូមធ្វើការកែសម្រួល និងបំពេញបន្ថែមនូវចំណុចមួយចំនួនលើកិច្ចព្រមព្រៀង និងសន្ធិសញ្ញាដែលមានរួចមកហើយ»។
សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការបង្កើតតំបន់ទឹកប្រវត្តិសាស្ត្ររវាងសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយនឹងរដ្ឋាភិបាលដែលគ្រប់គ្រងដោយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលក្រោយមកក្លាយទៅជារដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនបច្ចុប្បន្ន គឺជារនាំងក្នុងការទប់ស្កាត់ចំពោះការបាត់បង់តំបន់ទឹកបន្ថែមទៀត និងរក្សាបាននូវដែនទឹកសម្រាប់អធិបតេយ្យកម្ពុជា។
ក៏ប៉ុន្តែ របាយការណ៍ចំនួន៤១ទំព័រដែលចេញផ្សាយ កាលពីខែឧសភា ឆ្នាំ២០០២ របស់គណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសបារាំង បានហៅកិច្ចព្រមព្រៀងស្ដីពីតំបន់ទឹកប្រវត្តិសាស្ត្រកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៨២ ថា ធ្វើឲ្យសាធារណរដ្ឋសង្គមនិយមវៀតណាម មានឱកាសកាត់យកកោះខ្មែរមួយចំនួន និងដែនសមុទ្រខ្មែរមួយភាគបី (១/៣) ក្លាយជាសម្បត្តិរបស់វៀតណាម បន្ថែមទៀត។
យ៉ាងណាក៏ដោយ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា លោកបដិសេធទៅនឹងការចេញផ្សាយរបាយការណ៍នេះ ដោយចាត់ទុកថា ការព្យាយាមដាស់មនុស្សមិនដេក គឺជាការពិបាក៖ «ប្រាំម៉ោងហើយ ពួកហ្នឹងនៅតែមិនយល់ទៀត គឺយើងមិនដឹងជាពន្យល់ម៉េច មនុស្សដែលគេមិនចង់យល់ទេ។ មនុស្សអត់ខ្វាក់ធ្វើខ្វាក់ មនុស្សអត់ថ្លង់ធ្វើថ្លង់ អាហ្នឹងមិនដឹងធ្វើម៉េចទេ ខាតម៉ោងពេលវេលាខ្ញុំ។ សម្ដេចលោកមានប្រសាសន៍ប្រាំម៉ោងរួចអស់ហើយ ថានៅតែមិនយល់ទៀតវាភ្លើ។ ឥឡូវវាដូចអត់មានអីថែមទៀតទេ ដូចអាស៊ីសេរីផ្សាយពីព្រឹកមិញរួចហើយ ម្សិលមិញក៏ឭដែរថា ខ្ញុំអត់ធ្វើអត្ថាធិប្បាយទេ»។
ដូចការអះអាងរបស់ពលរដ្ឋ និងមន្ត្រីយោធា លោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា មានមូលដ្ឋាននៅប្រទេសបារាំង មានប្រសាសន៍ថា ក្រៅពីកោះក្រចកសេះ និងកោះត្រល់ ដែលស្ថិតក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម ក្រោយពីមានកិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រ នៅក្រុងហូជីមិញ ឆ្នាំ១៩៨២។ លោកបន្តថា ចំណែកកោះមួយចំនួនទៀត ដូចជា កោះពូឡូវ៉ៃ ជាដើម ស្ថិតនៅក្នុងអធិបតេយ្យកម្ពុជា ចាប់តាំងពីមុនឆ្នាំ១៩៧៥ មកម្ល៉េះ។ លោក ស៊ាន ប៉េងសែ ព្រមានថា ប្រសិនបើកោះមួយចំនួនទៀតត្រូវបាត់បង់ក្រៅពីកោះត្រល់ និងកោះក្រចកសេះ គឺជាការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន។
លោក ស៊ាន ប៉េងសែ៖ «ជំនាន់ដែលខ្ញុំនៅ ដែលជាសាធារណរដ្ឋអាដែងពីសង្គម រួចទៅខ្ញុំចេញមកមុន៧៥ហ្នឹង គឺថាកោះហ្នឹងជារបស់ខ្មែរទេ មានខ្មែរនៅ មានទាហាននៅ មានអីរហូត។ ឥឡូវហ្នឹង បើសិនណាមានយួនមកនៅ អាហ្នឹងត្រូវតែលោក ហ៊ុន សែន ដោះស្រាយ»។
ទោះជាបែបណា ក្នុងពេលបច្ចុប្បន្ននេះ ទាំងព្រំដែនទឹក និងព្រំដែនសមុទ្រ បានក្លាយទៅជាប្រធានបទដ៏ក្ដៅគគុក និងជាសារដ៏មានសារសំខាន់របស់អ្នកនយោបាយ ដើម្បីទាក់ទាញប្រជាប្រិយភាពពីអ្នកជាតិនិយម ទាំងមុន និងក្រោយការបោះឆ្នោត។
មន្ត្រីបក្សប្រឆាំងចោទប្រកាន់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អស់រយៈពេលជាង៣០ឆ្នាំមកនេះថា បានធ្វើឲ្យបាត់បង់ទឹកដីទៅប្រទេសជិតខាង និងបន្តឲ្យច្បាប់ស្ដីពីការគ្រប់គ្រងជនអន្តោប្រវេសន៍ ស្ថិតនៅក្រោមឥទ្ធិពលរបស់បក្សប្រជាជនប៉ុណ្ណោះ។ ក៏ប៉ុន្តែ រដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ តែងអះអាងថា ពុំបានធ្វើឲ្យអធិបតេយ្យកម្ពុជា ត្រូវបាត់បង់ទៅបរទេសណាមួយ សូម្បីមួយមិល្លីម៉ែត្រនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។