ពលរដ្ឋ​នៅ​កំពត​ខ្លះ​ចោទ​ថា​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ចូល​រួម​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ ទី​១០ ខែ​តុលា ឆ្នាំ​២០១២ ចុះ​ទៅ​ស្រុក​ឈូក ខេត្ត​កំពត ដើម្បី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្រពាំងភ្លាំង និង​ឃុំ​ល្បើក ចំនួន ៥៣២​គ្រួសារ។

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ឃុំ​ល្បើក និង​ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត បាន​តវ៉ា​ថា ពួកគាត់​ត្រូវ​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ចូល​រួម​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​នៅ​ក្នុង​តំបន់​គាត់​រស់​នៅ។ ពួក​គាត់​បាន​ចោទ​ថា អាជ្ញាធរ​ទំនង​រើស​យក​តែ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទើប​អាច​មាន​ឈ្មោះ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​នោះ​បាន។

ប្រជាពលរដ្ឋ​ភូមិ​ព្រៃពាយ សុំ​មិន​ប្រាប់​ឈ្មោះ​ថ្លែង​ថា គាត់​ចង់​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដី​ពី​នាយករដ្ឋមន្ត្រី​ដោយ​ផ្ទាល់​ដៃ ក្នុង​ពេល​ដែល​លោក ហ៊ុន សែន ​ចុះ​ផ្ទាល់​ដល់​មូលដ្ឋាន​ភូមិ​ត្រពាំងស្តៅ ដើម្បី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី។ ប៉ុន្តែ​អាជ្ញាធរ​ដែនដី​ប្រហែល​ជា​រើសអើង​ប្រជាពលរដ្ឋ​គ្នា​ឯង ឬ​ប្រកាន់​គណបក្ស​នយោបាយ ទើប​មិន​ចែក​លិខិត​ឲ្យ​គាត់​បាន​ចូល​ស្ដាប់ និង​ឃើញ​មុខ​ថ្នាក់​ដឹកនាំ​ផ្ទាល់៖ «គណបក្ស​ណា​ក៏​ខ្ញុំ​អត់​ប្រកាន់​ថា​អ្នក​នេះ​ខុស អ្នក​នោះ​ត្រូវ​ដែរ ប៉ុន្តែ​រឿង​គាត់​មក​ចង់​ទៅ​ជួប​ទៅ​ឃើញ​ដែរ តែ​គេ​អត់​ឲ្យ​ចូល​ឲ្យ​ទៅ អន់​ចិត្ត​ដែរ»

ប្រជាពលរដ្ឋ​ភូមិ​ស្រែលាវ ឈ្មោះ រាម បុត្រ ថ្លែង​ថា គាត់​បាន​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​រួច​ហើយ។ គាត់​ចង់​ទទួល​បាន​ប័ណ្ណ​ដី​នោះ​ចែក​ឲ្យ​គាត់​ផ្ទាល់​ដៃ​នាយករដ្ឋមន្ត្រី។ ប៉ុន្តែ​មេភូមិ​ប្រាប់​ថា គេ​កំណត់​មនុស្ស​​តែ ៧០០​នាក់ ឲ្យ​ចូល​រួម​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​នោះ៖ «៧០០​នាក់​ហ្នឹង​តាម​មើល​បែប​សុទ្ធ​តែ​ប្រកាន់​តួនាទី​ជា​គណបក្ស​នយោបាយ​អ៊ីចឹង»

លោក ម៉ែន សុខខៃ មេ​ឃុំ​ល្បើក គណបក្ស​សិទ្ធិ​មនុស្ស និង​លោក ទេព វ៉ាន ជំទប់​ទី​២ ឃុំ​ល្បើក​គណបក្ស សម រង្ស៊ី បដិសេធ​ព័ត៌មាន​ថា អ្នក​ទៅ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​ពី​លោក​នាយករដ្ឋមន្ត្រី​រើស​យក​តែ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មិន​ពិត​ទេ ព្រោះ​នៅ​ក្នុង​ឃុំ​ល្បើក មាន​ប្រជាពលរដ្ឋ​គ្រប់​គណបក្ស​បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១០ ខែ​តុលា៖ «ប្រជាពលរដ្ឋ​វា​មិន​មែន​ថា សុទ្ធសាធ​តែ​ប្រជាពលរដ្ឋ​ខាង​គណបក្ស​ប្រជាជន​ទេ វា​មាន​ពី​គ្រប់​ទាំង​អស់​ក្នុង​ការ​វាស់​វែង​ដី»

មេ​ភូមិ​ព្រៃពាយ លោក ហេង សាន ថ្លែង​ថា ភូមិ​ព្រៃ​ពាយ មិន​ទាន់​បាន​ប័ណ្ណ​កម្មសិទ្ធិ​ទេ ទើប​តែ​បាន​វាស់ដី និង​កាត់​ចេញ​ដី​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​កំពុង​រស់​នៅ​តែ​មាន​ពាក់ព័ន្ធ​ដី​ក្រុមហ៊ុន​ត្រូវ​ប្រមុខ​រដ្ឋាភិបាល​បញ្ជា​ឲ្យ​កាត់​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​ប្រគល់​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ​កាន់​កាប់​ដី​វិញ។

លោក​ថា ពលរដ្ឋ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​បាន​ច្រើន​ប័ណ្ណ​គឺ​ឃុំ​ល្បើក ឯ​ឃុំ​ត្រពាំងភ្លាំង ទើប​បាន​ភូមិ​ត្រពាំងភ្លាំង មួយ​ទេ។ ចំពោះ​ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចូល​រួម​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​នៅ​ថ្ងៃ​ពុធ ទី​១០ ខែ​តុលា មាន​តែ​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​បិទ​ផ្សាយ​កន្លង​មក ទើប​អាច​ទៅ​ទទួល​ប័ណ្ណ​ផ្ទាល់​ដៃ​ពី​លោក ហ៊ុន សែន បាន។ ចំណែក​អ្នក​ភូមិ​ព្រៃពាយ បាន​ចូល​រួម​ក្នុង​ពិធី​មាន​អាជ្ញាធរ​ភូមិ​ទាំង ២​នាក់​ប៉ុណ្ណោះ។

លោក​ថា ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​នោះ រដ្ឋាភិបាល​មិន​រើស​អើង​ប្រជាពលរដ្ឋ​នៅ​គណបក្ស​ណា​ទេ ដី​គ្រួសារ​ណា​ដែល​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​បាន​វាស់ដី​ជូន​រួច ហើយ​មាន​កន្ទុយ​ប័ណ្ណ និង​បាន​ថត​រូប​នៅ​ពី​មុខ​ដី​របស់​ខ្លួន និង​មាន​ឈ្មោះ​បិទ​ប្រកាស​លើក​ទី​១​ហើយ​នោះ គ្រួសារ​នោះ​ត្រូវ​មាន​ឈ្មោះ​ទៅ​ទទួល​ប័ណ្ណ​ផ្ទាល់​ពី​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​១០ ខែ​តុលា ឆ្នាំ​២០១២៖ «គាត់​អត់​បាន​កម្មសិទ្ធិ​អ៊ីចឹង​គាត់​ភ័យ​ខ្លាច​អី​ចេះ​អី​ចុះ។ តាម​គេ​និយាយ​មាត់​មួយ​មាត់​ពីរ​ថា ធ្វើ​ប្លង់​ហើយ វាស់វែង​ហើយ​យក​វិញ​អី ក្រុមហ៊ុន​យក​វិញ មាន​ក្រុមហ៊ុន​មាន​អ៊ីចឹង ហើយ​ឥឡូវ​សប្បាយ​ចិត្ត​មែន​ទែន អរគុណ​សម្តេច​ដែល​បាន​ចុះ​មក​ចែក​ផ្ទាល់»

ដី​កសិកម្ម​នៅ​ក្នុង​ស្រុក​ឈូក មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ច្រើន​ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​កាន់កាប់ និង​ដាំ​ដុះ​ដំណាំ​កសិ​ឧស្សាហកម្ម។ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ បណ្ដាល​ឲ្យ​ប៉ះ​ទង្គិច​ការ​រស់​នៅ​ប្រកប​អាជីវកម្ម​ជាប់​លាប់​របស់​ពលរដ្ឋ​ក្នុង​តំបន់។ ទោះ​ជា​យ៉ាង​ណា នាយករដ្ឋមន្ត្រី​ខ្មែរ​បាន​ប្រកាស​កាត់​យក​ដី​វិនិយោគ ឬ​ឆ្វៀល​ចេញ​នូវ​ដី​ណា​ដែល​ប្រជាជន​កំពុង​កាន់កាប់ និង​រស់​នៅ។

មេ​ភូមិ​ព្រៃពាយ លោក ហេង ​សាន ថ្លែង​ថា ភូមិ​ព្រៃពាយ បាន​ទទួល​ដី​ជាង ៣.០០០​ហិកតារ ដែល​រដ្ឋ​បាន​កាត់​មក​ឲ្យ​ប្រជាពលរដ្ឋ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច។ ក្រុម​និស្សិត​កំពុង​ចុះ​វាស់វែង។ លោក​សង្ឃឹម​ថា នៅ​វគ្គ​ទី​២ នៃ​ការ​បែងចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​ចុះ​មក​ចែក​ទៀត សុំ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​អាក់​អន់​ចិត្ត​នៅ​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។