ចៅក្រមស៊ើបសួរតុលាការខេត្តក្រចេះ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមេសា ឆ្នាំ២០១២ បានចេញដីកាចាប់ខ្លួនលោក ប៊ុន រដ្ឋា ជាតំណាងពលរដ្ឋសហគមន៍ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ លើសំណុំរឿងព្រហ្មទណ្ឌ។
ហេតុការណ៍ចាប់ខ្លួននេះ បណ្ដាលឲ្យប្រជាពលរដ្ឋឃុំកំពង់ដំរី ប្រមាណ ២០០នាក់ភ្ញាក់ផ្អើល ហើយបានលើកគ្នាមកតវ៉ាដល់មុខតុលាការមុខពន្ធនាគារខេត្តក្រចេះ និងបានបិទផ្លូវជាតិពីទីប្រជុំជនខេត្តក្រចេះ ឆ្ពោះទៅស្រុកឆ្លូង ដើម្បីស្នើឲ្យតុលាការដោះលែងតំណាងពួកគេ។
ពលរដ្ឋឲ្យដឹងថា ទំនាស់ឈានដល់ចាប់ខ្លួនតំណាងពួកគេ ផ្ដើមមកពីក្រុមហ៊ុនកាស្ទីន បានប្រើគ្រឿងចក្រឈូសឆាយ និងបានសង់ទីស្នាក់ការលើដីចំការពលរដ្ឋធ្លាប់បង្កបង្កើនផលច្រើនឆ្នាំ។ ប៉ុន្តែនៅពេលពលរដ្ឋទាមទារឲ្យរុះរើក្រុមហ៊ុនមិនធ្វើតាម ហើយអាជ្ញាធរក៏គ្មានវិធានការ ទើបពួកគេបំផ្លាញទីស្នាក់ការក្រុមហ៊ុនចោល៖ «មានមនុស្សជាប់ពន្ធនាគារ។ ឥឡូវប្រជាជនរាប់រយនាក់បានមកតវ៉ាមុខពន្ធនាគារ ឲ្យដោះលែងតំណាងដែលគាត់ជួយទាមទារលើទំនាស់ដីធ្លីជាមួយក្រុមហ៊ុនរំលោភយកដីធ្លី។ តែឥឡូវតុលាការចាប់ឃុំខ្លួនក្នុងគុក»។
ក្រុមប្រជាពលរដ្ឋបានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដាក់ភ្នាក់ងារចុះស៊ើបអង្កេតពីសកម្មភាពរបស់ក្រុមហ៊ុនកាស្ទីន ព្រោះបានបង្កការលំបាក និងគំរាមកំហែងដល់ការរស់នៅរបស់ពលរដ្ឋក្នុងមូលដ្ឋាន។
ទាក់ទងបញ្ហានេះ លោក ហុង សុនី អធិការនគរបាលស្រុកឆ្លូង ខេត្តក្រចេះ បានឲ្យដឹងថា ការចាប់ខ្លួនតំណាងពលរដ្ឋឈ្មោះ ប៊ុន រដ្ឋា ធ្វើទៅតាមដីកាតុលាការខេត្តក្រចេះ ទាក់ទងសំណុំរឿងព្រហ្មទណ្ឌប្ដឹងដោយក្រុមហ៊ុនកាស្ទីន៖ «ខ្ញុំអនុវត្តតាមដីការបស់ចៅក្រម ធ្វើឲ្យខូចខាតដោយចេតនាលើទ្រព្យសម្បត្តិ ដុតបំផ្លាញស្នាក់ការក្រុមហ៊ុនកាស្ទីន»។
កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១២ ចៅក្រមស៊ើបសួរតុលាការខេត្តក្រចេះ លោក រស់ សាមឌី បានចេញដីកាបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទឈ្មោះ ប៊ុន រដ្ឋា លើសំណុំរឿងព្រហ្មទណ្ឌចោទពីបទធ្វើឲ្យខូចខាតដោយចេតនា កាលពីថ្ងៃទិ១២ ខែមីនា កន្លងទៅ។ ដីកានេះក៏ចោទជនជាប់ចោទថា បានគេចវេះមិនចូលខ្លួនមកបំភ្លឺទៅតាមដីកាកោះរបស់តុលាការកន្លងមក។
ប៉ុន្តែសាច់ញាតិជនជាប់ចោទឈ្មោះ ប៊ុន រដ្ឋា បដិសេធថា មិនដែលទទួលបានដីកាកោះឲ្យចូលខ្លួនទៅបំភ្លឺពីតុលាការដំបូងខេត្តក្រចេះ ម្ដងណាទេ ទើបតែឃើញដីកាឲ្យនាំខ្លួននៅថ្ងៃទី៦ ខែមេសា ប៉ុណ្ណោះ។
តំណាងក្រុមហ៊ុនកាស្ទីន លោក លី ហួត បានបដិសេធមិនធ្វើអត្ថាធិប្បាយច្រើនទេ ប៉ុន្តែឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ ប្រជាពលរដ្ឋប្រមាណ ២០០នាក់ មកពីឃុំកំពង់ដំរី បានមកដុតបំផ្លាញទីស្នាក់ការក្រុមហ៊ុន ទើបមេធាវីក្រុមហ៊ុនដាក់ពាក្យប្ដឹងទៅតុលាការជួយរកយុត្តិធម៌។
លោក លី ហួត បានឲ្យដឹងដូច្នេះ៖ «ពីបទបំផ្លាញទ្រព្យសម្បត្តិដោយចេតនា។ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ គាត់នាំប្រជាពលរដ្ឋប្រមាណ ២០០នាក់ ទៅដុតស្នាក់ការក្រុមហ៊ុននៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង។ ដុតឆេះអស់ស្នាក់ការក្រុមហ៊ុន ១កន្លែង និងទ្រព្យសម្បត្តិមួយចំនួនទៀត»។
យ៉ាងណាក៏ដោយ លោកស្រី ធីម ណារិន មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តក្រចេះ មិនទាន់ធ្វើអត្ថាធិប្បាយច្រើនទេលើករណីចាប់ខ្លួនតំណាងពលរដ្ឋនៅឃុំកំពង់ដំរី ប៉ុន្តែលោកស្រីបញ្ជាក់ថា កំពុងស៊ើបអង្កេតលើករណីចាប់ខ្លួននេះ៖ «សំខាន់យើងចង់ឲ្យខាងអាជ្ញាធរគាត់មានយុទ្ធសាស្ត្រយ៉ាងម៉េច ដើម្បីឲ្យការធ្វើបាតុកម្មបិទផ្លូវហ្នឹងបានផ្អាកទៅវិញ។ បើសិនគ្មានដំណោះស្រាយណាមួយ ហើយពលរដ្ឋនៅបិទផ្លូវ នឹងធ្វើឲ្យរាំងស្ទះចរាចរណ៍ផ្លូវសាធារណៈ»។
ក្នុងប៉ុន្មានឆ្នាំមកនេះ សកម្មភាពបិទផ្លូវជាតិពីសំណាក់ពលរដ្ឋលើទំនាស់ដីធ្លី បានកើតមានជាច្រើនករណីនៅតាមខេត្ត-ក្រុង មួយចំនួនក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែងនៅខេត្តក្រចេះ មានករណីបិទផ្លូវជាតិលើទំនាស់ដីធ្លី ឬករណីស្នើឲ្យអាជ្ញាធរដោះលែងតំណាងពលរដ្ឋដែលត្រូវអាជ្ញាធរចាប់ខ្លួន បានកើតមានប្រហែល ៣ដងរួចមកហើយ។
ទោះយ៉ាងណា ក្រុមប្រជាពលរដ្ឋសហគមន៍ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ប្រមាណ ៣០០នាក់ បានអះអាងថា ប្រសិនបើតុលាការមិនដោះលែងតំណាងពួកគេឈ្មោះ ប៊ុន រដ្ឋា ពីពន្ធនាគារតាមការទាមទាររបស់ពួកគេទេ ពលរដ្ឋនឹងបន្តបិទផ្លូវជាតិពីទីរួមខេត្តក្រចេះ ឆ្ពោះទៅស្រុកឆ្លូង ឬឆ្ពោះទៅភ្នំពេញ ឲ្យដំណើរការរហូតមានការដោះលែង៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
