ជាងផ្សារដែកម្នាក់ ដែលមានហាងនៅបណ្ដោយផ្លូវស៊ីធី (CT) ជិតផ្សារពាណិជ្ជកម្ម ក្រុងព្រះសីហនុ ឈ្មោះ ប៊ុន សិន លោកមានប្រសាសន៍ថា មុខរបររបស់លោក គឺពឹងផ្អែកលើភ្លើងអគ្គិសនីប្រើជាចាំបាច់។ ការងាររបស់លោកត្រូវរាំងស្ទះ និងបាត់បង់ចំណូលយ៉ាងច្រើន គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១១ ក្រោយពីមានការដាច់ភ្លើងញឹកញាប់មក ជាពិសេសនៅរយៈពេល ៣ខែចុងក្រោយនេះ៖ «តាំងពីគាត់តអាបណ្ដាញមកពីវៀតណាមហ្នឹងមក ភ្លើងដាច់ញឹកញាប់ អត់ដូចមុនទេ។ កាលពីមុន អត់អីចឹងទេបង។ ជាទូទៅនៅក្នុងមួយខែ ខ្ញុំទូទាត់ថ្លៃផ្ទះហើយ អីហើយ ខ្ញុំអាចសល់ ២០០ទៅ៣០០ដុល្លារ។ ប៉ុន្តែ បន្ទាប់ពីដាច់ភ្លើងញឹកញាប់ទៅ ធ្លាក់រហូតអស់ពាក់កណ្ដាលក៏មានដែរ សល់តែ ១៥០ ឬក៏អាចសល់ ១០០ដុល្លារ»។
សមាជិកក្រុមប្រឹក្សាខេត្ត នៃគណបក្ស សម រង្ស៊ី ខេត្តព្រះសីហនុ លោក លី ឌី មានប្រសាសន៍ថា ក្នុងនាមលោកជាតំណាងប្រជាពលរដ្ឋ សូមឲ្យអាជ្ញាធរអគ្គិសនី និងស្ថាប័នពាក់ព័ន្ធគិតគូរ និងចុះអន្តរាគមន៍លើបញ្ហានេះឲ្យបានឆាប់ ព្រោះវាអាចប៉ះពាល់ដល់វិស័យទេសចរណ៍ និងការរកស៊ីរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត៖ «បន្ទាប់ពីសៀមរាបមក កំពង់សោម ហ្នឹង មានភ្ញៀវទេសចរណ៍គួរសមដែរ។ យើងដើរទៅឃើញអ្នកទេសចរដើរងងឹតអី យើងអៀនខ្មាសណាស់។ រីឯផលប៉ះពាល់ទៅលើអាជីវករទៅវិញ អាជីវករគ្នាលក់អីវ៉ាន់នៅក្នុងផ្សារ ហើយផ្សារលើនេះ បើអត់ភ្លើង ងងឹតដូចយប់អីចឹង។ អាជីវករមួយចំនួន គ្នាយកភ្លើងធ្វើអាជីវកម្មដូចជាផ្សារ បញ្ចូលបទភ្លេង។ គាត់ជួលផ្ទះគេ ហើយជួលផ្ទះគេ គេអត់គិតរឿងដាច់ភ្លើងទេ គេដឹងតែខែទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអគ្គិសនីខេត្តព្រះសីហនុ លោក ជា ពុទ្ធី ដើម្បីសុំការពន្យល់អំពីមូលហេតុនៃការដាច់ភ្លើងញឹកញាប់ នៅក្រុងព្រះសីហនុ នោះបានទេ នៅថ្ងៃសៅរ៍ ទី៧ ខែកក្កដា។
ទោះជាយ៉ាងណា អភិបាលខេត្តព្រះសីហនុ លោក ស្បោង សារ៉ាត់ បានមានប្រសាសន៍ទទួលស្គាល់ថា ចរន្តអគ្គិសនីពិតជាមានការដាច់ញឹកញាប់មែន ដោយសារតែមានកំណើនអ្នកប្រើប្រាស់ច្រើននៅតាមជនបទ ជាពិសេសរោងចក្រ និងសហគ្រាសធំៗនៅក្នុងខេត្ត៖ «អគ្គិសនីរបស់ខេត្តហ្នឹង ខូចម៉ាស៊ីនពីរទៀត អាហ្នឹងវាអស់ ៥មេកាវ៉ាត់បាត់ហើយ។ អីចឹងទេ ភ្លើងដែលយកមកប្រើហ្នឹង គឺមកពីកំពត និងវៀតណាម។ អីចឹងទេ ការផ្គត់ផ្គង់មកពីនោះ វាអត់បានចែកចាយច្រើន អីចឹងវាត្រូវដាច់ចរន្តនៅកន្លែងខ្លះ វាភ្លឺនៅកន្លែងខ្លះអីចឹងទៅ»។
លោកបញ្ជាក់ថា ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា កំពុងខិតខំសម្រួលចរន្តអគ្គិសនីឲ្យបានប្រើប្រាស់គ្រប់គ្រាន់នៅទូទាំងខេត្ត ដោយមានគម្រោងទាញយកថាមពលមកពីវារីអគ្គិសនីភ្នំកំចាយ គិរីរម្យទី៣ និងនៅក្នុងខេត្ត គេកំពុងរៀបចំអគ្គិសនីដើរដោយធ្យូងថ្មមួយផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
