CDRI៖ ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះ​រាំង​ស្ងួត​ច្រើន​ជាង​គ្រោះ​ទឹក​ជំនន់

ការ​ធ្វើ​អង្កេត​របស់​វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ស៊ី.ឌី.អរ.អាយ (CDRI) បាន​បង្ហាញ​ថា គ្រួសារ​ដែល​នៅ​មូលដ្ឋាន​រង​ផល​ប៉ះពាល់​ដោយ​សារ​គ្រោះ​រាំងស្ងួត​ខ្លាំង​ជាង​គ្រោះ​ទឹក​ជំនន់ ដែល​ក្នុង​នោះ​គ្រួសារ​ជាង​៣០% បាត់​បង់​ទ្រព្យសម្បត្តិ​ដោយ​សារ​គ្រោះ​រាំង​ស្ងួត រីឯ​១២%​នៃ​គ្រួសារ​នៅ​មូលដ្ឋាន បាត់​បង់​ទ្រព្យសម្បត្តិ ដោយ​សារ​គ្រោះ​ទឹក​ជំនន់។
ដោយ អាន ស៊ីថាវ
2012-09-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រាំង​ស្ងួត កសិករ ៣០៥
កសិករ​ស្ទូង​ស្រូវ​ក្នុង​ស្រែ​គ្មាន​ទឹក នៅ​ខេត្ត​កំពង់ស្ពឺ។
RFA/Sok Serey

កត្តា​នេះ​បញ្ជាក់​ថា គ្រួសារ​ទទួល​ឥទ្ធិពល​ដោយ​គ្រោះ​រាំង​ស្ងួត​នឹង​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​កាន់​តែ​ខ្លាំង​ឡើង។ ម៉្យាង​វិញ​ទៀត ទាំង​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា បាន​ផ្ដល់​ជំនួយ​តែ​លើ​ផ្នែក​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​ច្រើន​ជាង​លើ​ផ្នែក​គ្រោះ​រាំង​ស្ងួត។

គ្រោះ​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត ដែល​គេ​បាន​កំណត់​ថា ជា​បម្រែបម្រួល​អាកាសធាតុ ហើយ​បង្ក​ជា​ហានិភ័យ​ចំពោះ​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​កសិកម្ម ជាពិសេស ប្រទេស​កំពុង​អភិវឌ្ឍ។ ប្រទេស​កម្ពុជា ជា​ប្រទេស​កសិកម្ម​មួយ​មាន​ប្រជាជន​ច្រើន​ជាង​៨០% ពឹង​លើ​ការ​ដាំដុះ និង​សកម្មភាព​កសិកម្ម​ផ្សេង​ទៀត ដែល​បាន​ទទួល​រង​ការ​ខូចខាត​ដោយ​គ្រោះ​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត។ រៀង​រាល់​ឆ្នាំ រដ្ឋាភិបាល​បាន​ធ្វើ​ការ​គាំទ្រ​ចំពោះ​ការ​ស្ដារ​ឡើង​វិញ ចំពោះ​ផល​ប៉ះពាល់​ដែល​រងគ្រោះ​ដោយ​សារ​គ្រោះ​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត​ទាំង​នោះ។

យ៉ាង​ណា​ក៏​ដោយ ក្រៅ​ពី​ការ​ជួយ​គាំទ្រ​ចំពោះ​រដ្ឋាភិបាល ក៏​មាន​ដៃគូ​បាន​ផ្ដល់​ជា​កម្ចី​ដែល​ផ្ដល់​ឲ្យ​ប្រទេស​កម្ពុជា ដោយ​ការ​ប្រាក់​ទាប និង​ជា​ជំនួយ​ឥត​សំណង​ជាដើម។ បច្ចុប្បន្ន ទីភ្នាក់ងារ​អូស្ត្រាលី​ ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ បាន​ផ្ដល់​ទឹក​ប្រាក់​ប្រមាណ​ជាង​៥លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ។

ទោះ​យ៉ាង​ណា​ក៏ដោយ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB=អេ.ឌី.ប៊ី) បាន​ផ្ដល់​ជា​ឥណទាន​ការ​ប្រាក់​ទាប​ដល់​រដ្ឋាភិបាល​កម្ពុជា មាន​ចំនួន​ទឹក​ប្រាក់​៥៥លាន​ដុល្លារ​អាមេរិក ក្នុង​គោល​បំណង​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់។

មន្ត្រី​កម្មវិធី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លោក គឹម ចន្ថា មាន​ប្រសាសន៍​ថា ទំហំ​ទឹក​ប្រាក់​ដែល​ផ្សព្វផ្សាយ​ចំពោះ​គម្រោង​កសាង​ឡើង​វិញ ផល​ប៉ះពាល់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់ មាន​ចំនួន​ជាង​៦០លាន​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះ​ក៏​មាន​ការ​ផ្ដល់​ជំនួយ​ពី​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ៖ «សរុប​ទៅ​ជាង​៦០​លាន ក្នុង​ហ្នឹង​រដ្ឋាភិបាល​ក៏​ចូល​រួម​ជា​ថវិកា​បដិភាគ ក្នុង​ន័យ​ដែល​គេ​ហៅ​ថា មន្ត្រី​ធ្វើ​ការ​ក្នុង​គម្រោង ក្នុង​ន័យ​ថា ការ​លើកលែង​ពន្ធ​ចំពោះ​សកម្មភាព​នៅ​ក្នុង​គម្រោង ប្រហាក់​ប្រហែល​ទឹក​ប្រាក់​៦,៩លាន​ដុល្លារ​អាមេរិក​ដែរ»

លោក គឹម ចន្ធា បន្ថែម​ថា រហូត​ដល់​ពេល​នេះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​នៅ​ប្រទេស​កម្ពុជា មិន​មាន​គម្រោង​ណា​មួយ​ទាក់​ទង​នឹង​ការ​គាំទ្រ​ដល់​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​គ្រោះ​រាំង​ស្ងួត​នៅ​ឡើយ​ទេ ដោយ​លោក​បញ្ជាក់​ថា ធនាគារ​អេ.ឌី.ប៊ី នឹង​ផ្ដល់​ជា​កម្ចី​សម្បទាន​ដល់​រដ្ឋាភិបាល​ចំពោះ​ផល​ប៉ះពាល់​ដោយ​គ្រោះ​រាំង​ស្ងួត បើ​សិន​ជា​មាន​ការ​សិក្សា និង​ការ​ស្នើ​សុំ​ពី​ខាង​រដ្ឋាភិបាល និង​អ្នក​ដែល​ពាក់ព័ន្ធ។

អ្នក​នាំ​ពាក្យ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី មាន​ប្រសាសន៍​ថា បញ្ហា​គ្រោះ​ធម្មជាតិ ដូច​ជា គ្រោះ​រាំង​ស្ងួត ឬ​គ្រោះ​ទឹក​ជំនន់ តែង​ប៉ះពាល់​ដល់​ប្រជាជន​នៅ​តាម​មូលដ្ឋាន ប៉ុន្តែ​ការ​ប៉ះពាល់​ខ្លាំង ឬ​តិច ទៅ​តាម​តំបន់ ដោយ​សារ​តែ​ទីកន្លែង​ខ្លះ​ងាយ​ស្ដារ​ឡើង​វិញ​ជាដើម៖ «ធម្មតា​ពេល​រាំង​ស្ងួត ឬ​ក៏​មាន​ទឹក​ជំនន់ គឺ​ប្រជាជន​មាន​ការ​លំបាក​នៅ​ក្នុង​រយៈពេល​ រងគ្រោះ​ហ្នឹង មាន​រយៈពេល​ខ្លី ឬ​វែង ទៅ​តាម​កន្លែង។ កន្លែង​ណា​ដែល​អាច​ស្ដារ​ឡើង​វិញ​បាន ដូច​ជា ការ​ធ្វើ​ស្រែ​ប្រដេញ​ទឹក ហើយ​កន្លែង​ខ្លះ​ពេល​ដែល​ទឹក​ស្រក មិន​អាច​ស្ដារ​ឡើង​វិញ​បាន​ទេ»

លោក កែវ វី មាន​ប្រសាសន៍​បន្ថែម​ថា រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា បាន​ជួយ​គាំទ្រ​ដល់​អ្នក​រងគ្រោះ និង​កំពុង​ស្ដារ​ឡើង​វិញ​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ ទាំង​នោះ។

យ៉ាង​ណា​ក៏ដោយ របាយការណ៍​ប្រចាំ​ឆ្នាំ​របស់ ស៊ី.ឌី.អរ.អាយ ដដែល​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​ ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​នៅ​តំបន់​អាស៊ី​បូព៌ា ដែល​ងាយ​រង​ការ​ប៉ះពាល់​ដោយ​គ្រោះធម្មជាតិ​ជាង​គេ ជាពិសេស គ្រោះ​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត​ជា​រៀងរាល់​ឆ្នាំ។ បញ្ហា​នេះ បណ្ដាល​មក​ពី​ប្រជាជន​ ភាគ​ច្រើន​ពឹង​ខ្លាំង​លើ​ធនធាន​ធម្មជាតិ ដូច​ជា ព្រៃឈើ ផល​នេសាទ ទឹក និង​ធនធាន​ផ្សេង​ទៀត​ក៏​ដូច​ជា ដំណាំ​ស្រូវ និង​សត្វ​ចិញ្ចឹម សម្រាប់​ជីវភាព​រស់នៅ​របស់​ខ្លួន។

អ្នក​វិភាគ​កសិកម្ម​យល់​ឃើញ​ថា ក្នុង​ចំណោម​អ្នក​ដែល​រង​ផល​ប៉ះពាល់​ពី​គ្រោះ​ធម្មជាតិ ដូច​ជា គ្រោះ​រាំង​ស្ងួត ឬ​គ្រោះ​ទឹក​ជំនន់​នោះ គឺ​ឥទ្ធិពល​គ្រោះ​រាំង​ស្ងួត​ធ្វើ​ឲ្យ​គ្រួសារ​នៅ​មូលដ្ឋាន​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ។

យោង​តាម​របាយការណ៍​សង្ខេប​របស់​ស៊ី.ឌី.អរ.អាំយ ប្រចាំ​ឆ្នាំ​២០១១-២០១២ បាន​បង្ហាញ​អំពី​លទ្ធផល​អង្កេត​អំពី​ទស្សនៈ​របស់​កសិករ ចំពោះ​គ្រោះ​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត បាន​បង្ហាញ​ថា ពួក​គាត់​បាន​ជួប​គ្រោះ​រាំង​ស្ងួត​ច្រើន​ជាង​គ្រោះ​ទឹក​ជំនន់ នៅ​ក្នុង​កំឡុង​ពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ។ ស្ថានភាព​គ្រោះ​រាំង​ស្ងួត​ជា​ញឹកញាប់​នេះ មាន​លក្ខណៈ​មិន​ល្អ​ទេ​សម្រាប់​ការ​ធ្វើ​កសិកម្ម។

គ្រួសារ​ជាច្រើន​បាន​រងគ្រោះ​រាំង​ស្ងួត​ច្រើន​ជាង​គ្រោះ​ទឹក​ជំនន់ ដែល​លទ្ធផល​អង្កេត​បាន​បង្ហាញ​ថា គ្រួសារ​ចំនួន​៣៤% បាន​បាត់​បង់​ទ្រព្យសម្បត្តិ​ដោយ​សារ​គ្រោះ​រាំង​ស្ងួត ធៀប​នឹង​១២% ដែល​បាន​បាត់​បង់​ទ្រព្យសម្បត្តិ​ដោយ​សារ​គ្រោះ​ទឹក​ជំនន់។ មូលហេតុ​គ្រួសារ​ដែល​ងាយ​រង​ឥទ្ធិពល​ពី​គ្រោះ​រាំង​ស្ងួត​ជាង​គ្រោះ​ទឹក​ជំនន់ ពីព្រោះ គោ និង​ក្របី​ដែល​ជា​កម្លាំង​ចម្បង​ក្នុង​ផលិតកម្ម​កសិកម្ម តែង​តែ​ស្លាប់​ក្នុង​កំឡុង​ពេល​រាំង​ស្ងួត។ ដែល​កត្តា​នេះ​បង្ហាញ​ថា សត្វ​អូស​ទាញ​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​សម្រាប់​បង្កបង្កើន​ផល ហើយ​គ្រួសារ​ទាំង​នោះ​ត្រូវ​ចំណាយ​ទុន​ច្រើន​ណាស់ បើ​សិន​ជា​ត្រូវ​រក​អ្វី​ផ្សេង​មក​ជំនួស​កម្លាំង​សត្វ​ពាហនៈ​ទាំង​នោះ។

តាម​ការ​អង្កេត​បាន​បង្ហាញ​ថា តម្លៃ​ជា​មធ្យម​នៃ​ការ​បាត់​បង់​ក្របី ដោយ​សារ​គ្រោះ​រាំង​ស្ងួត គឺ​មាន​ចំនួន​ប្រមាណ​៥​សែន​រៀល​ក្នុង​មួយ​គ្រួសារ។ ម៉្យាង​វិញ​ទៀត ជា​មធ្យម​ការ​ខាត​បង់​សរុប​បង្ក​ឡើង​ដោយ​ទឹក​ជំនន់ គឺ​ប្រមាណ​៦​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ។ រីឯ​ការ​ខាត​បង់​បង្ក​ដោយ​គ្រោះ​រាំង​ស្ងួត គឺ​ ប្រមាណ​២​សែន​៥​ម៉ឺន​រៀល ក្នុង​មួយ​គ្រួសារ ដែល​ការ​អង្កេត​នោះ ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​ចំនួន​១១ ដែល​ជាប់​នឹង​បឹង​ទន្លេសាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

from me Jayavarman VII

ពី Angkor

TO KHMER LEADERS PLEASE STOP CUT THE TREES.

Sep 25, 2012 01:58 AM

អ្នក​អាន​អនាមិក

ចង់ដឹងពីរយុទ្ធសាស្រ្ត

Sep 07, 2012 10:05 PM