ស្របពេលគ្នានេះដែរ ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ បានប្ដេជ្ញាប្រែក្លាយការសោកស្ដាយចំពោះការបាត់បង់នេះ ឲ្យទៅជាការផ្សះផ្សាបង្រួបបង្រួម និងការអភិវឌ្ឍខេត្តនេះឲ្យបានរីកចម្រើនបន្ថែមទៀត។
ប្រជាពលរដ្ឋ មន្ត្រីជាន់ខ្ពស់ និងគណបក្សនយោបាយក្នុងខេត្តពោធិ៍សាត់ បានប្ដេជ្ញាថានឹងដង្ហែតាមព្រះទស្សន និងគំរូនៃអង្គព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ដែលបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ សុខា មានប្រសាសន៍នៅព្រឹកថ្ងៃទី១៩ តុលា ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ក្នុងខេត្ត ប្ដេជ្ញាដើរតាមគំរូវីរភាពរបស់ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គតែងឈរលើគោលការណ៍នៃការផ្សះផ្សា និងបង្រួបបង្រួម ដើម្បីអភិវឌ្ឍប្រទេសជាតិ។
លោកថា លោកនឹងយកគោលការណ៍នេះ ដើម្បីធ្វើការអភិវឌ្ឍខេត្តពោធិ៍សាត់ ផងដែរ៖ «ក្នុងដំណាក់កាលនៃការកាន់អំណាចរបស់លោក ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។ នៅពេលចុងក្រោយនេះ លើបញ្ហាបង្រួបបង្រួមជាតិ ព្រះអង្គក៏ជាតួអង្គសំខាន់មួយ។ ឯការលើកឡើងទាំងឡាយពីវីរភាពរបស់ព្រះអង្គនោះ គឺពិតជាគំរូដ៏ល្អសម្រាប់ឲ្យយើងធ្វើតាមនៅពេលអនាគត»។
មានប្រសាសន៍ក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅលើកោះសំពៅមាស មុខសាលាខេត្តពោធិ៍សាត់ លោក ខូយ សុខា តាំងនាមឲ្យប្រជាពលរដ្ឋក្នុងខេត្ត បានសម្ដែងនូវការសោកស្ដាយ និងទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះការសោយទិវង្គតរបស់ព្រះមហាវីរក្សត្រជាទីគោរពសក្ការៈនៃប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ដូចគ្នានេះដែរ ប្រធានគណបក្ស សម រង្ស៊ី ខេត្តពោធិ៍សាត់ គឺលោក សុខ អ៊ុំស៊ា មានប្រសាសន៍ថា ការសោយទិវង្គតរបស់ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ គឺជាការបាត់បង់មួយដែលគ្មានអ្វីអាចយកមកជំនួសបានសម្រាប់ប្រជាជាតិខ្មែរ។ តាំងនាមឲ្យគណបក្ស និងសមាជិកគណបក្ស សម រង្ស៊ី ទូទាំងខេត្ត លោកប្ដេជ្ញាថានឹងដឹកនាំសមាជិកគណបក្សឲ្យដើរតាមគំរូវីរភាព និងមរតកដែលព្រះមហាវីរក្សត្របានបន្សល់ទុក៖ «ទោះបីជាលោកមានព្រះជន្ម ៩០វស្សាហើយក៏ដោយ ក៏យើងចង់ឲ្យព្រះអង្គមានព្រះជន្មវែងជាងនេះទៀត ដើម្បីឲ្យព្រះអង្គជួយមើលសុខទុក្ខប្រជារាស្ត្រ ដូចដែលព្រះអង្គធ្លាប់បានធ្វើនាពេលកន្លងទៅ ដែលចាត់ទុកជាគំរូ និងជាមហាវីរភាពដ៏ឧត្ដុង្គឧត្ដម»។
ទន្ទឹមនឹងការសោកស្ដាយ និងទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការសោយទិវង្គតរបស់ព្រះមហាវីរក្សត្រជាទីគោរពសក្ការៈនៃប្រជាពលរដ្ឋខ្មែរគ្រប់រូប សមាជិកគណបក្សហ៊្វុនស៊ិនប៉ិច ខេត្តពោធិ៍សាត់ ជាគណបក្សបង្កើតឡើងដោយស្នាព្រះហស្តនៃព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ដែលលោកបានបន្សល់ទុកនោះ បានប្ដេជ្ញាដើរតាមគន្លងមាគ៌ាដែលព្រះមហាវីរក្សត្របានត្រួសត្រាយទុកនាពេលកន្លងទៅ។
លោក ពេជ ហន តំណាងគណបក្សហ៊្វុនស៊ិនប៉ិច ខេត្តពោធិ៍សាត់ មានប្រសាសន៍ថា លោកនឹងដឹកនាំគណបក្សខេត្តនេះ មិនឲ្យល្អៀងពីព្រះគំនិតដើមរបស់ព្រះមហាវីរក្សត្រឡើយ៖ «ក្នុងនាមជាសមាជិក ហើយក៏ជាថ្នាក់ដឹកនាំមួយរូបរបស់គណបក្សហ៊្វុនស៊ិនប៉ិច ខ្ញុំសូមធ្វើការប្ដេជ្ញាចិត្តថា នឹងដើរតាមមាគ៌ាដែលអង្គព្រះមហាវីរក្សត្រធ្លាប់ត្រួសត្រាយទុក និងប្ដេជ្ញារក្សាការពាររាជបល្ល័ង្គ និងដង្ហែតាមនយោបាយរបស់ព្រះអង្គ ដើម្បីឲ្យប្រទេសយើងបានថ្កុំថ្កើងរុងរឿង»។
នៅព្រឹកថ្ងៃទី១៨ តុលា ប្រជាពលរដ្ឋប្រមាណ ៥ពាន់នាក់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធនៃព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ពោរពេញដោយក្ដីខ្សឹកខ្សួលរំជួលចិត្ត និងទុក្ខក្រៀមក្រំរកទីបំផុតគ្មាននៅលើកោះសំពៅមាស មុខសាលាខេត្តពោធិ៍សាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
