អ្នក​ផ្ទុក​មេរោគ​អេដស៍​ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​បារម្ភ​ពី​បញ្ហា​សុខភាព

អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​២៥ មករា បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​មុខ​រដ្ឋ​សភា ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ដោះស្រាយ និង​ស្វែង​រក​លំនៅ​សមរម្យ​ជូន​ប្រជាពលរដ្ឋ​បុរី​កីឡា​ដែល​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ ៣០​គ្រួសារ។

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ​ចំនួន​ជាង ៣០​គ្រួសារ នៃ​តំបន់​បុរី​កីឡា​ដែល​ផ្ទុក​មេរោគ​អេដស៍ កំពុង​តែ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​នៅ​ពេល​នេះ ដោយសារ​តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បណ្ដេញ​ពួកគាត់​ចេញ​ពី​បុរី​កីឡា ទៅ​ឆ្ងាយ​ពី​មណ្ឌល​ថែទាំ​សុខភាព និង​ឆ្ងាយ​ពី​ទី​កន្លែង​ទទួល​ថ្នាំ​ព្យាបាល​ពន្យារ​ជីវិត។

លោកស្រី ខន ម៉ាលីន អាយុ ៤៦​ឆ្នាំ ត្រូវ​ជា​ម្ដាយ​ចិញ្ចឹម​របស់​កុមារី​ម្នាក់ ដែល​ផ្ទុក​មេរោគ​អេដស៍​ឆ្លង​ពី​ម្ដាយ បាន​និយាយ​ប្រាប់​អ្នក​កាសែត​នៅ​ក្រៅ​សភា​ជាតិ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ថា តំលៃ​ធ្វើ​ដំណើរ​ពី​ភ្នំបាត មក​រាជធានី​ភ្នំពេញ ជាង ៤៥​គីឡូម៉ែត្រ ដើម្បី​ទទួល​សេវា​ថែទាំ​សុខភាព គឺ​អស់ ២​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ ចំណែក​ឯ​ថ្នាំ​ពន្យារ​ជីវិត នឹង​អស់​ឆាប់ៗ​នេះ។

អ្នកស្រី ខន ម៉ាលីន៖ «សុំ​ទទូច​អង្វរ​ដល់​រដ្ឋាភិបាល ក៏​ដូច​ជា​ក្រុមហ៊ុន​ផានអ៊ីម៉ិច សុំ​ឲ្យ​អភិវឌ្ឍន៍​ថែម ២​អគារ​ទៀត​ឲ្យ​ខ្ញុំ​ទៅ ព្រោះ​នេះ​ជា​កិច្ច​សន្យា​ដែល​គាត់​បាន​សន្យា​ជាមួយ​ខ្ញុំ។ ខ្ញុំ​មិន​អាច​ទទួល​យក​បាន​សម្ដី​របស់​គាត់ (អ្នកស្រី ស៊ុយ សុផាន ) ថា​ក្ស័យ​ធន​ទេ។ សំខាន់​បើ​គាត់​មិន​យោគ​យល់​ខ្ញុំ សុំ​ឲ្យ​គាត់​យោគ​យល់​កូន​ខ្ញុំ វា​រៀន​ថ្នាក់​ទី​៩ ទី​១០ មិន​អាច​ទៅ​រស់​នៅ​ឆ្ងាយ​បាន​ទេ»

កុមារី​អាយុ ១៣​ឆ្នាំ​ដែល​ផ្ទុក​មេរោគ​អេដស៍​តាំង​ពី​ឆ្នាំ​១៩៩៩ បាន​និយាយ​ថា នាង​ជា​ក្មេង​កំព្រា ពីព្រោះ​ឪពុក និង​ម្ដាយ​បាន​ស្លាប់​អស់​ហើយ ដោយសារ​ជំងឺ​អេដស៍ នាង​ត្រូវ​ការ​រស់​នៅ​ក្បែរ​មណ្ឌល​ថែទាំ​សុខភាព ដើម្បី​ទទួល​បាន​ថ្នាំ​ពន្យារ​ជីវិត​ឲ្យ​បាន​ទៀត​ទាត់។

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ ដែល​ចេញ​មុខ​សុំ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​សាលា​ក្រុង​ភ្នំពេញ អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ប្រឈម​មុខ​នេះ បាន​មាន​ប្រសាសន៍​ថា អ្នកស្រី​ចង់​ឲ្យ​សំឡេង​របស់​ប្រជាពលរដ្ឋ​ទាំង​នេះ ត្រូវ​បាន​ដឹង​ឮ​ជា​សាធារណៈ៖ «សូម​ឲ្យ​សម្ដេច​នាយករដ្ឋមន្រ្តី ផ្ដល់​អាទិភាព​ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឡើង​ទៅ​មាន​ផ្ទះ​នៅ​បុរី​កីឡា។ …​កុមារ និង​ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍ តើ​ឲ្យ​គ្នា​ទៅ​ឯ​ណា?»

មន្ត្រី​ជាន់​ខ្ពស់​សាលាក្រុង​ភ្នំពេញ លោក នួន សុម៉េត ដែល​ទទួល​បន្ទុក​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​សហគមន៍​នៅ​បុរី​កីឡា បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​អាច​បក​ស្រាយ​រឿង​នេះ​ទេ ដោយសារ​លោក​ជាប់​រវល់។

សាលា​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បាន​ចាត់​វិធានការ​រុះរើ​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ​នៅ​បុរី​កីឡា ដើម្បី​រឹប​យក​ដីធ្លី​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច របស់​អ្នកស្រី ស៊ុយ សុផាន។

ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ​នោះ ត្រូវ​បាន​គេ​ដឹក​ទៅ​ឲ្យ​រស់​នៅ​តំបន់​ភ្នំបាត នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល និង​ទៅ​រស់​នៅ​តំបន់​ទួលសំបូរ ជាយ​ទីក្រុង​ភ្នំពេញ ដែល​ឆ្ងាយ​ពី​សាលារៀន​មណ្ឌល​ថែទាំ​សុខភាព ទឹក​ស្អាត និង​ភ្លើង​អគ្គិសនី។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) និង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch ព្រម​ទាំង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត បាន​សុំ​ឲ្យ​លោក ហ៊ុន សែន បញ្ឈប់​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​បុរី​កីឡា​ដោយ​បង្ខំ និង​សុំ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច គោរព​កិច្ច​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​នៅ​បុរី​កីឡា​កន្លង​មក៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។