ប្រជាពលរដ្ឋដែលរស់នៅតំបន់ដែលកំពុងមានជម្លោះដីធ្លីមួយចំនួនក្នុងប្រទេសកម្ពុជា សម្ដែងការសោកស្ដាយចំពោះការបាត់បង់សិទ្ធិបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន។
លោក ចាន់ ថា តំណាងប្រជាពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជននៅតំបន់មួយចំនួនក្នុងឃុំពីរធ្នូ ស្រុកស្នូល ខេត្តក្រចេះ ដូចជានៅតំបន់ វាលបី គ្រញូងសែនជ័យ ជ្រោះជ្រៅ តំបន់៤ អូរគគី ជាដើម។ លោកមានប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅតំបន់ទាំងនោះប្រមាណ ២ពាន់នាក់ ភាគច្រើនបានបាត់បង់សិទ្ធិបោះឆ្នោតទាំងថ្នាក់ជាតិ នាអាណត្តិកន្លងមក និង ថ្នាក់ ឃុំ សង្កាត់ ដែលប្រព្រឹត្តិទៅនៅពេលខាងមុខនេះ។
លោកបន្តថា បញ្ហានេះដោយសារពួកគាត់បានធ្វើចំណាកស្រុកជាច្រើនឆ្នាំមកហើយ ម្យ៉ាងតំបន់ដែលពួកគាត់កំពុងរស់នៅនោះកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។ ហេតុផលនេះបានធ្វើឲ្យអាជ្ញាធរមិនព្រមបញ្ជាក់ទីលំ ឬអត្តសញ្ញាណឲ្យដើម្បីបំពេញទៅតាមលក្ខខណ្ឌនៃការចុះឈ្មោះបោះឆ្នោតបាន។ បញ្ហានេះធ្វើឲ្យពួកគាត់មានការតូចចិត្តយ៉ាងខ្លាំងក្នុងនាមជាពលរដ្ឋខ្មែរ តែពុំមានសិទ្ធិពេញលេញក្នុងបំពេញកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋនោះទេ។
ស្ត្រីអ្នកភូមិម្នាក់ទៀត ឈ្មោះ សុខ សុគន្ធារី អាយុប្រមាណ ៤៥ឆ្នាំ រស់នៅតំបន់មានជម្លោះដីធ្លីក្នុងឃុំពីរធ្នូនោះដែរ។ លោកស្រីមានប្រសាសន៍ថា ពលរដ្ឋក្រីក្របានបាត់បង់សិទ្ធិជាបន្តបន្ទាប់រាប់ទាំងសិទ្ធិបោះឆ្នោត សិទ្ធិមានទីជម្រករស់នៅសមរម្យ និងមានដីធ្លីបង្កបង្កើនផលដើម្បីចិញ្ចឹមជីវិតជាដើម។ ស្ត្រីអ្នកភូមិរូបនេះបានសម្ដែងការសោកស្ដាយចំពោះការខកខានមិនបានទៅបោះឆ្នោត ដើម្បីជ្រើសរើសតំណាងរបស់ខ្លួនដោយផ្ទាល់ដៃនោះ។
ចំណែកនៅឯខេត្តកោះកុង ដែលជាខេត្តមួយនៅជាប់តំបន់សមុទ្រ និងជាប់ព្រំប្រទល់ខ្មែរ-ថៃ ក៏មានពលរដ្ឋមួយចំនួនខកខានមិនបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅពេលខាងមុខនេះដែរ។
លោក នាង បូរ៉ា ទីណូ ជាមន្ត្រីសម្របសម្រួលកិច្ចការបោះឆ្នោតនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល ប្រចាំខេត្តកោះកុង។ លោកមានប្រសាសន៍ថា ប្រជាពលរដ្ឋប្រមាណ ២៥ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋនៅក្នុងខេត្តនោះមានចំនួនប្រមាណ ១០ម៉ឺននាក់ ក៏ត្រូវបាត់បង់សិទ្ធិបោះឆ្នោតដែរ។
លោកបន្តថា ការបាត់បង់សិទ្ធិនេះអាចបណ្ដាលមកពីបញ្ហាពីរជាសំខាន់ គឺបញ្ហាចំណាកស្រុក និងពលរដ្ឋដែលរស់នៅតំបន់មានជម្លោះដីធ្លី។
ដោយឡែកប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ក៏កំពុងជួបបញ្ហានេះដូចគ្នាដែរ។ អ្នកភូមិដែលត្រូវបានអាជ្ញាធរបណ្ដេញចេញពីលំនៅឋាន ភាគច្រើនក្នុងរាជធានីភ្នំពេញ ដូចជាសហគមន៍ដីក្រហម បុរីកីឡា និងសហគមន៍បឹងកក់ជាដើម បានត្អូញត្អែរថា ពួកគេលំបាកក្នុងការទទួលបានសិទ្ធិចុះឈ្មោះបោះឆ្នោតសម្រាប់អាណត្តិក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២ នេះ។
ការលំបាកនេះ ព្រោះតែពួកគាត់ត្រូវបានអាជ្ញាធររើសអើង ដោយសារអាជ្ញាធរអះអាងថា ពុំមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ដើម្បីទទួលឲ្យចុះឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោតបាន។
អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា បានប៉ាន់ប្រមាណថា ពលរដ្ឋដែលបានបាត់បង់សិទ្ធិបោះឆ្នោតមានប្រមាណ ១លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបប្រមាណជាង ៩លាននាក់។
លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការ និចហ្វិក។ លោកមានប្រសាសន៍ថា តួលេខនេះស្ថិតក្នុងអត្រាមួយខ្ពស់គួរឲ្យព្រួយបារម្ភ ចំពោះការបាត់បង់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ។ លោកបន្តថា ករណីនេះវានាំឲ្យពួកគាត់មានផលប៉ះពាល់ខាងសេដ្ឋកិច្ច បាត់បង់សិទ្ធិទទួលបានការអប់រំរបស់កូនចៅគាត់ និងបាត់បងសិទ្ធិទទួលព័ត៌មានជាដើម។
លោកបានឲ្យដឹងទៀតថា ហេតុផលដែលនាំឲ្យមានប្រជាពលរដ្ឋបាត់បង់សិទ្ធិបោះឆ្នោត ឬខកខានមិនបានចូលរួមបោះឆ្នោតជ្រើសតំណាងរបស់ខ្លួននៅមានអត្រាខ្ពស់នេះ គឺមានការពាក់ព័ន្ធកត្តាសំខាន់ៗប្រមាណ ៥ចំណុច។
ទាក់ទងនឹងបញ្ហានេះដែរ អ្នកវិភាគឯករាជ្យលើបញ្ហាសង្គម និងជាអ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា ការដែលពលរដ្ឋបាត់បង់សិទ្ធិបោះឆ្នោត ឬខកខានមិនបោះឆ្នោតនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីផលប៉ះពាល់នូវកត្តាបីយ៉ាងជាចម្បង។ ក្នុងនោះធ្វើឲ្យមានឥទ្ធិពលលើលទ្ធផលនៃការបោះឆ្នោត ប៉ះពាល់ដល់ឆន្ទៈរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យមានអសន្តិសុខសង្គមជាដើម។
លោកបញ្ហានេះមិនត្រឹមតែធ្វើឲ្យពលរដ្ឋបាត់បង់សិទ្ធិបោះឆ្នោតប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យបាត់បង់សក្ដានុពល ឬតម្លៃនៃការរៀបចំបោះឆ្នោតរបស់ គ.ជ.ប. នោះថែមទៀត។ ពីព្រោះតម្លៃនៃការបោះឆ្នោតធ្វើម៉េចឲ្យពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតមានឱកាសបានទៅបោះឆ្នោតឲ្យបានច្រើន។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ទេព នីថា មានប្រសាសន៍ថា អត្រានៃអ្នកបាត់បង់សិទ្ធិបោះឆ្នោត ឬខកខានមិនបានទៅបោះឆ្នោតនោះ មិនស្ថិតនៅក្នុងត្រាមួយខ្ពស់នោះទេ។ ផ្ទុយទៅវិញចំនួនអ្នកដែលបានចុះឈ្មោះបោះឆ្នោត និងអ្នកដែលបានទៅបោះឆ្នោតទៅតាមប្រតិទិនដែលរៀបចំឡើងដោយ គ.ជ.ប. គឺមានចំនួនកើនឡើងជាលំដាប់ពីមួយអាណត្តិទៅមួយអាណត្តិ។
លោកបានឲ្យដឹងទៀតថា អ្នកដែលបានចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីអាណត្តិទី២ ឆ្នាំ២០០៧ មានចំនួនប្រមាណ ៦លាននាក់ ក្នុងនោះអ្នកដែលបានទៅបោះមានជាង ៦៧% ហើយ នៅអាណត្តិទី៣ ឆ្នាំ២០១២ នេះ អ្នកដែលបានចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតមានចំនួន ៩,២លាននាក់។
លោក ទេព នីថា សង្ឃឹមថា អ្នកដែលបានទៅបោះឆ្នោតនៅអាណត្តិទី៣ ឆ្នាំ២០១២ នេះ នឹងមានចំនួនកើនឡើងជាងឆ្នាំ២០០៧ កន្លងទៅ។ តែទោះយ៉ាងណាក្ដី លោកថា គ.ជ.ប. នឹងខិតខំប្រឹងប្រែងបន្តទៀត ធ្វើយ៉ាងណាដើម្បីឲ្យចំនួនអ្នកចុះឈ្មោះ និងអ្នកត្រូវទៅបោះឆ្នោតមានចំនួនកើនឡើងជាបន្តបន្ទាប់។
ការបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ ហើយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅចុង ខែកក្កដា ឆ្នាំ២០១៣ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
