ពលរដ្ឋ​ក្រុង​ស្ទឹងសែន​មិន​ចាប់​អារម្មណ៍​បក្ស​ណា​ជាប់​ឆ្នោត

សមាគម​មនុស្ស​ចាស់​ខេត្ត​កំពង់ធំ បាន​ជំរុញ​អោយ​រាជរដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ចាស់​ផង។ ដោយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​សំដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​គណបក្ស​នយោបាយ​មួយ​ចំនួន​ថា មិន​ដែល​បាន​ជួយ​ដោះ​ស្រាយ​អ្វី​ទេ​នៅ​ពេល​ដែល​ពួក​គាត់​ជួប​ប្រទះ​នូវ​បញ្ហា​ផ្សេងៗ​នោះ។

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ស្រយ៉ូវ ក្រុង​សឹ្ទងសែន ខេត្ត​កំពង់ធំ បាន​អះអាង​ថា ពួក​គាត់​មិន​មាន​ការ​ចាប់​អារម្មណ៍​ទេ ចំពោះ​គណបក្ស​នយោបាយ​ណា​មួយ​ជាប់​ឆ្នោត នៅ​ក្នុង​ការ​បោះ​ឆ្នោត​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ក្នុង​អាណត្តិ​ទី​៣​នេះ។

អ្នក​ស្រី សឹម យន់ អាយុ ៥៥​ឆ្នាំ រស់​នៅ​ភូមិ​ពុក​យុក ឃុំ​ស្រយ៉ូវ ក្រុង​សឹ្ទងសែន ខេត្ត​កំពង់ធំ មាន​ប្រសាសន៍​ថា អ្នក​ស្រី​មិន​ខ្វល់​ថា គណបក្ស​ណា​ឈ្នះ​នោះ​ទេ ប៉ុន្តែ​អ្នក​ស្រី​សូម​អោយ​គណបក្ស​នយោបាយ​ទាំង​អស់ ដែល​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​នោះ អោយ​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ស្រយ៉ូវ ផង។ អ្នក​ស្រី​ថា អាណត្តិ​មុនៗ គណបក្ស​បាន​តែ​សន្យា​តែ​មាត់​ទេ តែ​មិន​បាន​អនុវត្តន៍​ការងារ​ដែល​ខ្លួន​និយាយ​នោះ​ទេ៖ «មិន​ជឿ​គណបក្ស ប៉ុន្តែ​ដូច​ខ្ញុំ​ថា ខ្ញុំ​នៅ​វាល​មិន​សូវ​ដឹង​ទេ គេ​ឃោសនា​ម្ដេច ​មិន​សូវ​ដឹង ដល់​អញ្ចឹង​មិន​ទាន់​ហ៊ាន​ថា ថា​មិន​កើត»

លោក ផ្លុង ពន្ធ អាយុ ៧១​ឆ្នាំ រស់នៅ​ឃុំ​ស្រយ៉ូវ ក្រុង​សឹ្ទងសែន ខេត្ត​កំពង់ធំ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា នេះ​ថា លោក​នឹង​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ខាង​មុខ​នេះ ប៉ុន្តែ​លោក​មិន​មាន​ជំនឿ​ទៅ​លើ​គណបក្ស​ណា​មួយ​នោះ​ទេ ព្រោះ​នៅ​ពេល​គណបក្ស​ទាំង​អស់​នោះ​ឈ្នះ​ឆ្នោត មិន​អាច​ជួយ​ដល់​ប្រជាពលរដ្ឋ​ឡើយ។ លោក​ថា ការ​សន្យា គឺ​នៅ​លើ​តែ​បបូរ​មាត់​គេ​តែ​ប៉ុណ្ណោះ ធ្វើ​មិន​ធ្វើ គឺ​ជា​រឿង​មួយ​ផ្សេង​ទៀត៖ «ទេ! លឺ​តែ​ថាៗ ស្មោះ​ត្រង់​ដែល​ឃើញ​ជួយ​អី ថាៗ​នៅ​ពេល​ជាប់​នៅ​អត់​មាន​ជួយ​អី​ទេ វា​ជាក់ស្ដែង​ឥត​វៀចវេរ ជួយៗ ប៉ុន្តែ​គ្មាន​បាន​អី​ទេ ដល់​ប្រជាជន​វា​មិន​គ្រប់​គ្នា អ្នក​ខ្លះ​បាន​អ្នក​ខ្លះ​មិន​បាន»

អ្នកស្រី រដ្ឋ ស៊ីម រស់​នៅ​ឃុំ​ស្រយ៉ូវ ខេត្ត​កំពង់​ធំ មាន​ប្រសាសន៍​ថា អ្នក​ស្រី​កំពុង​រង់ចាំ​ថ្ងៃ​បោះ​ឆ្នោត​មក​ដល់ នឹង​ទៅ​ចូល​រួម​បោះ​ឆ្នោត​អោយ​គណបក្ស​ដែល​អ្នក​ស្រី​ពេញ​ចិត្ត។ អ្នក​ស្រី​សង្ឃឹម​ថា គណបក្ស​នយោបាយ​ដែល​ជាប់​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ក្នុង​អាណត្តិ​ទី​៣​នេះ នឹង​មាន​ការ​ចាប់​អារម្មណ៍​ជួយ​ដល់​មនុស្ស​ចាស់ និង​អ្នក​ដែល​គ្មាន​ទី​ពឹង៖ «តែ​គេ​ជួយ​ហូរហែ​មក​ចាំ​តែ​ម្នាក់ ប៉ុន្តែ​អោយ​ទៅ​បោះ អត់​ទាន់​ហ៊ាន​ថា»

លោក ម៉ែន សុថាវរិន្រ្ទ ប្រធាន​ក្រុម​ប្រឹក្សា​គណបក្ស សម រង្ស៊ី ខេត្ត​កំពង់ធំ មាន​ប្រសាសន៍​ថា បើ​គណបក្ស សម រង្ស៊ី ឈ្នះ​ឆ្នោត​នៅ​ក្នុង​អាណត្តិ​នេះ លោក​ថា គណបក្ស សម រង្ស៊ី នឹង​ធ្វើ​សំណើ​មួយ​ទៅ​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​អោយ​ជួយ​គិត​គូរ​ដល់​មនុស្ស​ចាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មុន​គេ​បង្អស់៖ «បើ​គណបក្ស សម រង្ស៊ី ជាប់​មេ​ឃុំ​ច្រើន យើង​ធ្វើ​របាយការណ៍ យើង​ស្រង់​ទិន្នន័យ​ទាំង​អស់ ប្រជាពលរដ្ឋ​ដែល​មាន​ចាស់​ជរា​ច្រើន យើង​ធ្វើ​របាយការណ៍​ដើម្បី​ជួយ ដល់​ថ្នាក់​ជាតិ ពិសេស​កាកបាទក្រហម ស្ដេច​ផែន​ដី និង​នាយករដ្ឋមន្ត្រី​អោយ​ជួយ​ប្រជាពលរដ្ឋ​បាន​ខិត​ខំ​បង់​ប្រាក់​ទៅ​រដ្ឋ​ជា​រៀង​រាល់​ខែ​នោះ សូម​អោយ​រដ្ឋាភិបាល​គិតគូរ​គាត់​ផង»

លោក តោក លឹម ចៅ​សង្កាត់​សឹ្ទងសែន ខេត្ត​កំពង់ធំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​គោល​នយោបាយ​របស់​បក្ស និង​មាន​កញ្ចប់​ថវិកា​របស់​ខ្លួន សំរាប់​ជួយ​មនុស្ស​ចាស់​ដែល​គ្មាន​អ្នក​ពឹង​ពាក់​នោះ៖ «កន្លង​មក យើង​បាន​ធ្វើ​ហើយ មិន​មែន​មិន​បាន​ធ្វើ​ទេ ប៉ុន្តែ​ជា​ទូទៅ​ទេ ដោយ​ផ្អែក​លើ​កញ្ចប់​ថវិកា​យើង ហើយ​នឹង​ការ​រក​ជំនួយ​អំពាវនាវ​សប្បុរសជន​នៅ​ក្នុង​សង្កាត់ និង​គាត់​មាន​បញ្ហា​កើត​ឡើង​ដោះ​ស្រាយ​យ៉ាង​ជាក់ស្តែង​កន្លង​មក​ធ្វើ​អ្វី​ក្នុង​តែ​ក្រុម​ប្រឹក្សា​សង្កាត់​ហ្នឹង»

ប្រធាន​សមាគម​មនុស្ស​ចាស់ លោក ឡាយ ហ៊ែល មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឃុំ​ស្រយ៉ូវ ភាគ​ច្រើន​ពួក​គាត់​សុទ្ធ​តែ​មនុស្ស​ចាស់ ដែល​ជា​វ័យ​ពួក​គាត់​ត្រូវ​ការ​មនុស្ស​ជួយ​យក​អាសា និង​ទំនុក​បំរុង​ជីវភាព​រស់នៅ​របស់​ពួក​គាត់ ប៉ុន្តែ​បែរ​ជា​មាន​ការ​រើសអើង​ពី​រដ្ឋាភិបាល និង​សង្គម​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។