ពលរដ្ឋខ្មែរជាច្រើននាក់ដែលបានជួបសម្ភាសន៍ បានសម្ដែងការខឹងសម្បាចំពោះកងទ័ពថៃ និងសម្មភាពរបស់ប្រទេសថៃ មកលើកម្ពុជា នៅពេលដែលវិទ្យុអាស៊ីសេរី សាកសួរមតិជុំវិញរឿង ប្រាសាទព្រះវិហារ និងការប្រឹងប្រែងចរចារបស់រដ្ឋាភិបាលខ្មែរ ដែលនាំឲ្យដកកងទ័ពជាបន្តបន្ទាប់ចេញពីតំបន់នោះ ។
លោក អាំងអេង សុភាព ជាវេជ្ជបណ្ឌិតម្នាក់សម្ដែងថា លោកអន់ចិត្តជាខ្លាំងចំពោះទង្វើរបស់រដ្ឋាភិបាលខ្មែរ ដែលមិនព្រមប្រគល់រឿងនេះទៅឲ្យអង្គការសហប្រជាតិជាអ្នកដោះស្រាយ ដើម្បីបញ្ចប់បញ្ហាជម្លោះទល់ដែនជាមួយថៃទាំងស្រុង ។
លោក អាំងអេង សុភាព បានមានប្រសាសន៍ដូច្នេះ ៖ «បើសិនជារដ្ឋាភិបាលយើងឆ្លាត យើងត្រូវយកចំណេញនៅកន្លែងហ្នឹង ប្ដឹងឲ្យអង្គការសហប្រជាជាតិសើរើព្រំដែនកម្ពុជា-ថៃ ទាំងមូលតែម្ដង នេះបានយើងមានផ្លូវចំណេញបាន ។ ភាគីខាងគេ គេមករំលោភខាងយើង យើងធ្វើសម្បទានបន្តិច គេសម្បទានបន្តិច អ៊ីចឹងមានន័យថា យើងជាអ្នកចាញ់ហើយ» ។
លោក ស៊ុន ធន់ គ្រូបង្រៀននៅកំពង់ធំ ថ្លែងថា លោកមិនដែលឃើញខ្មែរចំណេញទាល់តែសោះ នៅក្នុងការចរចាកន្លងមកជាមួយប្រទេសជិតខាងក្នុងរឿងទំនាស់ដែនដីនេះ ។ លោកបន្តទៀតថា ការធ្វើរបៀបនេះ កំពុងនាំឲ្យមានភាពច្របូកច្របល់ ។
លោក ស៊ុន ធន់ មានប្រសាសន៍ថា ៖ «យើង ការចរចារវាងខ្មែរ, យួន និងសៀម ចោរយួន ចោរសៀម បញ្ហាព្រំដែននេះ គឺអត់ដែលបានផលប្រយោជន៍ទេ គឺខ្មែរយើងមានតែការខាតបង់ ។ ដូច្នេះខ្ញុំយល់ថា រដ្ឋាភិបាលចរចាជាមួយរដ្ឋាភិបាលសៀមនេះ គឺយើងអត់បានទទួលផលប្រយោជន៍ទេ ពីព្រោះមិនអាចចរចាបានទេ ព្រោះរបស់យើងៗ ត្រូវឲ្យអន្តរជាតិដោះស្រាយ ឲ្យសហគមន៍អន្តរជាតិដោះស្រាយ ព្រោះជារបស់ខ្មែរ» ។
អ្នកស្រី រ៉ានី មានប្រសាសន៍ពីខេត្តពោធិ៍សាត់ថា មោទនភាពជាតិខ្មែរមិនដឹងជានៅកន្លែងណាទេ បើប្រាង្គប្រាសាទជារបស់ខ្មែរ បែរជាមន្ត្រីខ្មែរដាក់ខ្លួនយ៉ាងទន់ភ្លន់ ទៅចរចាជាមួយប្រទេសថៃ ដែលជាអ្នករំលោភយកទៅវិញនោះ ។
អ្នកស្រី រ៉ានី មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំគិតថាចម្រៀងមោទនភាពជាតិខ្មែរវាគ្មានន័យអីទេ អត់មានមោទនភាពអីទេ បើមោទនភាពគ្រាន់តែដើរតាមអង្វរចោរហើយឥឡូវហ្នឹង ។ ខកចិត្តចំពោះទង្វើរបស់រដ្ឋាភិបាល ។ ខ្ញុំមានអារម្មណ៍ធុញទ្រាន់ណាស់ពីរឿងចរចា ពីរឿងរៃវិភាគទានស្អីសប្បុរសជន សប្បុរសធម៌ហ្នឹង ។ បើតាមចិត្តខ្ញុំ ខ្ញុំគិតថា ការចរចាផ្អែមល្ហែមហ្នឹង វាសម្រាប់តែអ្នកខុសចរចាជាមួយអ្នកត្រូវ ប៉ុន្តែដល់យើងនេះជាអ្នកអស់ទឹកដី ជាជនរងគ្រោះ ដែលត្រូវជនបរទេសឈ្លានពាន រំលោភដីធ្លី តែបែរជាទៅទន់ភ្លន់ អង្វរករគេ ចរចាផ្អែមល្ហែមដាក់គេអ៊ីចឹង ខ្ញុំក៏អត់យល់ដែរ ហើយថែមទាំងធុញថប់ទៀត ។ ចុះហេតុអីក៏យើងមិនធ្វើតាមច្បាប់ទៅ ? យើងចាំបាច់ទៅចរចាស្អីជាមួយស្ដេចថៃ ទៅចរចាជាមួយអ្នកខុស ។ ខ្ញុំឧទាហរណ៍តូចមួយថា ផ្ទះខ្ញុំចោរប្លន់ម៉ូតូ ហើយប៉ូលិសអត់ទាំងទៅចាប់ចោរផងហ្នឹង ទៅចរចាអង្វរចោរ ឲ្យយកម៉ូតូមកឲ្យខ្ញុំមក» ។
និស្សិត ហ៊ុន ឈិន អាយុ ២៨ឆ្នាំវិញ អត្ថាធិប្បាយថា គេមានការព្រួយបារម្ភចំពោះបញ្ហានេះជាខ្លាំង ដោយគេគិតថា រដ្ឋាភិបាលគ្មានចេតនាដោះស្រាយបញ្ហានោះទេ ដោយហេតុថា ទំនងពាក់ព័ន្ធនឹងបញ្ហាអ្វីផ្សេងទៀតនៅពីខាងក្រោយក្នុងរឿងហ្នឹងហើយ ៖ «និយាយទៅសម្រាប់ខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំគិតថាវាគ្រាន់តែជាល្បែងនយោបាយមួយ របស់អ្នកដឹកនាំខ្មែរតែប៉ុណ្ណឹងទេ សម្រាប់ខ្ញុំជាប្រជាពលរដ្ឋសាមញ្ញម្នាក់ ដូចជាពិបាកនឹងថ្លែងដែរ បើនិយាយទៅវាគ្រាន់តែជាការយល់ឃើញទេ ។ ខ្ញុំគិតថាវាប្រាកដជាបញ្ហានៅពីក្រោយ» ។
លោក ថេន ចាន់ថា អាយុ ៣២ឆ្នាំបន្ថែមថា ការចរចា នឹងធ្វើឲ្យកម្ពុជាខាតបង់រឹតតែច្រើន ។ លោកគិតថា ការទម្លាក់រឿងរ៉ាវនេះឲ្យសមាជិកអាស៊ាន ឬក៏អង្គការសហប្រជាជាតិដោះស្រាយ នឹងធ្វើពលរដ្ឋខ្មែរមានទំនុកចិត្តច្រើនជាងទង្វើបច្ចុប្បន្ន ដែលផ្តោតទៅលើការចរចា ។
លោក ថេន ចាន់ថា មានប្រសាសន៍ដូច្នេះថា ៖ «ខ្ញុំយល់ថា បើសិនជាមិនប្ដឹងទៅអង្គការសហប្រជាជាតិទេ ហើយយើងចរចាគ្នារវាងកម្ពុជា-ថៃហ្នឹង ខ្ញុំជឿថា ខ្មែរនឹងខាតប្រយោជន៍ហើយៗ បើសិនជាយើងធ្វើរបៀបនេះ ព្រោះអីថៃគេមិនព្រមឲ្យយើងទេ ថ្វីត្បិតតែគេថាដកមែន តែគេនៅមានគំនិតមួយ គេនៅចង់ឲ្យព្រំដែនហ្នឹង ខ្មែរក៏កាន់មិនបាន ថៃក៏កាន់មិនបាន នៅគំនូសស ខ្មែរអត់ដដែលហ្នឹង» ។
អាជីវករម្នាក់ទៀតឈ្មោះ ផាន់នី អាយុជាង ៤០ឆ្នាំ ពិពណ៌នាថា លោកមានការភ័យព្រួយ នៅពេលដែលឮថា ភាគីកម្ពុជាសុខចិត្តទទួលការចរចា ជំនួសការវែកញែកអំពីរឿងច្បាប់ ៖ «មានការព្រួយបារម្ភទៅលើបញ្ហាដែលជារបស់ខ្មែរហើយ ត្រូវគេឈ្លានពាន ។ ខ្ញុំមិនជឿថាការចរចា បែបហ្នឹងទទួលបានជោគជ័យ ក្រៅពីអង្គការសហប្រជាជាតិ» ។
លោក កេង វណ្ណថា គ្រូបង្រៀន បានហៅការដកកងទ័ពរបស់ខ្មែរ ថាជាទង្វើកំសាក ។ លោកថា ទឹកដីខ្មែរបានបាត់បង់ជាបន្តបន្ទាប់មកទល់បច្ចុប្បន្ន ប៉ុន្តែខ្មែរនៅតែខំចរចា មិនដោះស្រាយតាមផ្លូវច្បាប់ ដែលមានស្រាប់សម្រាប់តំបន់ប្រាសាទព្រះវិហារ ។
លោក កេង វណ្ណថា មានប្រសាសន៍ដូច្នេះ ៖ «ថៃបានរំលោភយ៉ាងធ្ងន់ធ្ងរទាំងកំរោលតែម្ដង ទៅលើសាលក្រមរបស់តុលាការអន្តរជាតិក្រុងឡាអេ ។ អ្វីដែលទាក់ទងនឹងការព្រួយបារម្ភនោះ គឺក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅដែរ ខ្ញុំគិតថាមិនខុសគ្នាទេ គឺការដែលព្រួយបារម្ភនេះ គឺព្រួយបារម្ភខ្លាចបាត់បង់ទឹកដី ព្រោះយើងបានដឹងហើយថា តាមប្រវត្តិសាស្រ្ដខ្មែរយើងបានបាត់បង់ទឹកដីដ៏ច្រើន ប្រហែលជាបាត់បង់ ៣ភាគ៤ នៃទឹកដីបច្ចុប្បន្ន គឺខ្មែរយើងបានបាត់បង់អស់ ៣ភាគ៤ហើយ នៅសល់ប្រហែលជា ១ភាគ៤ទេ ។ បើរដ្ឋាភិបាលយើងនៅតែប្រកាន់ជំហរដោះស្រាយៗ តែក្នុងលក្ខណៈមួយរណបឲ្យបរទេស យើងមិនគួរណាចរចាឲ្យដកកងទ័ព នេះជារឿងមួយកំសាករបស់រដ្ឋាភិបាល ខ្ញុំយល់ថាអ៊ីចឹង» ។
នៅក្នុងការសាកសួរពលរដ្ឋសាមញ្ញជាច្រើននាក់ គេហាក់ដូចពិបាករកឃើញអ្នកផ្តល់យោបល់ យល់ស្របចំពោះការដកកងទ័ពខ្មែរ ចេញពីប្រាសាទព្រះវិហារ និងការចរចាដែលមន្ត្រីខ្មែរកំពុងធ្វើបច្ចុប្បន្ននេះ ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសខ្មែរ លោក ហោ ណាំហុង ដែលទើបនឹងត្រឡប់មកកម្ពុជាវិញក្រោយការចរចានោះ បានអះអាងថា ការចរចាជាមួយនឹងភាគីថៃបានទទួលជោគជ័យជាបន្តបន្ទាប់ ដោយភាគីសងខាងបានសុខចិត្តដកទ័ពចេញរៀងៗខ្លួន ចៀសវាងសង្រ្គាម ហើយរង់ចាំការដោះស្រាយដោយសន្តិវិធី ។
បច្ចុប្បន្ននេះបរិវេណប្រាសាទព្រះវិហា រក្សាទុកកងទ័ព ៣០នាក់ នៃភាគីម្ខាងៗ នៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ ។
លទ្ធផលនៃការចរចានេះ នាំឲ្យគេគិតថា វាមិនបានបង្ហាញអំពីការដោះស្រាយជាក់លាក់ណាមួយ និងបានផ្តល់ផលចំណេញសម្រាប់កម្ពុជា ដែលកំពុងត្រូវគេរំលោភបូរណភាពទឹកដីនោះឡើយ ៕
