ពលរដ្ឋ​មាន​ជម្លោះ​ដី​នាំ​គ្នា​តវ៉ា​ស្រប​ពេល​​មាន​កិច្ច​ប្រជុំ​អាស៊ាន

នៅ​ខណៈ​ដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន​កំពុង​តែ​ដំណើរ​ការ​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ និង​មាន​ប្រធានាធិបតី​ចិន មក​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​នោះ គេ​សង្កេត​ឃើញ​ក្រុម​ពលរដ្ឋ​នៅ​តំបន់​មួយ​ចំនួន ដែល​រង​គ្រោះ​ដោយសារ​បញ្ហា​ជម្លោះ​ដីធ្លី បាន​ឡើង​តវ៉ា​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​ដែល​ពាក់​ព័ន្ធ​នានា ពិសេស​ទៅ​ទៀត​រហូត​ដល់​បិទ​ផ្លូវ​ជាតិ​ដើម្បី​ឲ្យ​អាជ្ញាធរ​រក​ដំណោះ​ស្រាយ​ជូន​ពួកគេ។

0:00 / 0:00

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ តើ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​នោះ​យក​ឱកាស​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដើម្បី​ធ្វើ​ការ​តវ៉ា​របស់​ខ្លួន​រក​ដំណោះស្រាយ ឬ​ដើម្បី​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចាប់​អារម្មណ៍​មក​លើ​ពួកគាត់ ដែល​ទាមទារ​រក​យុត្តិធម៌​នោះ ឬ​យ៉ាង​ណា?

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បាន​ឈាន​មក​ដល់​ថ្ងៃ​ទី​បី​ហើយ គិត​ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា មក​ដល់​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១២ ដែល​គេ​រៀបចំ​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ​នោះ។

នៅ​ស្រប​ពេល​ដែល​ដំណើរ​ការ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន កំពុង​ដំណើរការ ហើយ​មាន​ប្រទេស​កម្ពុជា ជា​ម្ចាស់​ផ្ទះ និង​ជា​ប្រធាន​អាស៊ាន​នោះ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​បញ្ហា​រង​គ្រោះ​ដោយ​សារ​ការ​រំលោភ​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន​នានា​នោះ ក៏​បាន​ឡើង​មក​ភ្នំពេញ ដើម្បី​តវ៉ា​រក​ដំណោះ​ស្រាយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ដែរ។

តំណាង​អ្នក​ភូមិ​បឹង​កក់​ចំនួន ៥​នាក់ បាន​យក​ញត្តិ​មក​ដាក់​នៅ​ស្ថានទូត​ចិន ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១២ ខណៈ​ប្រធានាធិបតី​ចិន មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​ប្រធានាធិបតី​ចិន ធ្វើ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) ឬ​ទៅ​រដ្ឋាភិបាល ឲ្យ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​បឹងកក់។ ប៉ុន្តែ​ការ​យក​ញត្តិ​មក​ដាក់​នៅ​ស្ថានទូត​ចិន មិន​បាន​សម្រេច​នោះ​ទេ ដោយសារ​តែ​មន្ត្រី​នៃ​ស្ថានទូត​គេ​បាន​ឈប់​សម្រាក​ពី​ការងារ​ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ដល់​ថ្ងៃ​ទី​៥ ខែ​មេសា ទើប​គេ​ចូល​ធ្វើ​ការ​វិញ។

នៅ​ខណៈ​ដែល​តំណាង​អ្នក​ភូមិ​ចេញ​ពី​លំនៅឋាន​ពី​តំបន់​បឹង​កក់ គេ​សង្កេត​ឃើញ​មាន​ក្រុម​សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​តាម​ពួក​គាត់ និង​ព្យាយាម​រារាំង​មិន​ឲ្យ​អ្នក​ភូមិ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្ថានទូត​ចិន​ទេ។

តំណាង​អ្នក​ភូមិ​បឹង​កក់ អ្នកស្រី ទេព វន្នី បាន​រៀប​រាប់​ថា ពួក​គាត់​បាន​សម្រេច​ចិត្ត​យក​ញត្តិ​មក​ដាក់​នៅ​ស្ថានទូត​ចិន​នេះ ពីព្រោះ​ពួក​គាត់​សង្ឃឹម​ថា ប្រធានាធិបតី​ចិន មាន​ឥទ្ធិពល​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ស៊ូកាគូ និង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ឲ្យ​មាន​តម្លាភាព។

អ្នកស្រី ទេព វន្នី៖ «ពួក​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​ឮ​ថា ប្រធានាធិបតី​ចិន​មក​ទស្សនកិច្ច​នៅ​កម្ពុជា ពីព្រោះ​អី​ក្រុមហ៊ុន​អភិវឌ្ឍន៍​បឹង​កក់​ធ្វើ​ឲ្យ​ពួក​ខ្ញុំ​ស្រក់​ទឹក​ភ្នែក រហូត​ដល់​សម្ដេច ហ៊ុន សែន បាន​កាត់​ដី​ឲ្យ​ពួក​ខ្ញុំ​ហើយ​នៅ​តែ​មាន​ឈ្មោះ​លោក ឡាវ ម៉េងឃីន នៅ​ក្នុង​នោះ​ដែរ ហើយ​ក្រុមហ៊ុន​ស៊ូកាគូ​ក៏​មាន​ចំណែក​ភាគ​ចិន នៅ​ក្នុង​ហ្នឹង​ដែរ»

អភិបាល​រង​ខណ្ឌ​ចំការមន លោក ជរ គឹមស៊ មាន​ប្រសាសន៍​ថា ការ​រាំង​អ្នក​ភូមិ​បឹង​កក់​មិន​ឲ្យ​យក​ញត្តិ​មក​ដាក់​នៅ​ស្ថានទូត​បែប​នេះ ដោយសារ​លោក​មិន​ចង់​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​ទីក្រុង នៅ​ខណៈ​កម្ពុជា​កំពុង​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ៖ «ស្ថានទូត​គាត់​បាន​ឆ្លើយ​ហើយ យើង​បាន​និយាយ​គ្នា​ហើយ អ៊ីចឹង​សូម​បង​អញ្ជើញ​ទៅ​ផ្ទះ​វិញ កុំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​អាស៊ាន​យើង»

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា និង​ដើម្បី​ជៀសវាង​បញ្ហា​ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋាភិបាល ក្នុង​ឱកាស​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ​រដ្ឋាភិបាល​គួរ​តែ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា ពី​មុន​មក​ឲ្យ​មាន​តម្លាភាព។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា នៅ​ក្នុង​កាលៈទេសៈ​នេះ​ពិភពលោក​កំពុង​សម្លឹង​មើល​ប្រទេស​កម្ពុជា ឬ​រដ្ឋាភិបាល​កម្ពុជា នៅ​អំឡុង​ពេល​រដ្ឋាភិបាល​ធ្វើ​ជា​ប្រធាន​អាស៊ាន ដូច្នេះ​ការ​ចេញ​មុខ​របស់​អ្នក​ភូមិ​យក​ញត្តិ​ទៅ​ដាក់​ស្ថានទូត​ចិន និង​ការ​បិទ​ផ្លូវ​របស់​ប្រជាពលរដ្ឋ​ដើម្បី​រក​ដំណោះស្រាយ​នេះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​រដ្ឋាភិបាល​កម្ពុជា។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក អ៊ូ វីរៈ បាន​លើក​ហេតុផល​ថា បញ្ហា​ទាំង​នេះ​មិន​អាច​បន្ទោស​ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំង​នោះ​បាន​ទេ ពីព្រោះ​ថា រាល់​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ ក្នុង​មូលហេតុ​តែ​មួយ​គត់ គឺ​រក​ដំណោះស្រាយ​សមស្រប៖ «ប្រជាពលរដ្ឋ​ភាគ​ច្រើន​គាត់​ចង់​បាន​ដំណោះស្រាយ គាត់​មិន​មែន​ធ្វើ​ដើម្បី​ចង់​បង្អាប់​រដ្ឋាភិបាល ឬ​ចង់​បង្ក​បញ្ហា​ទេ ព្រោះ​អី​ពួក​គាត់​សុទ្ធតែ​ដល់​ក ពួក​គាត់​ប្រឈម​នឹង​បញ្ហា​រស់​នៅ»

នៅ​ខណៈ​ដែល​កម្ពុជា​បាន​បើក​ដំណើរការ​កិច្ច​ប្រជុំ​អាស៊ាន​ថ្ងៃ​ដំបូង ប្រជាពលរដ្ឋ​ជិត ៤០​នាក់​មក​ពី​ស្រុក​ពីរ​ផ្សេង​គ្នា​នៃ​ខេត្ត​កោះកុង បរាជ័យ​ក្នុង​ការ​យក​ញត្តិ​ដាក់​ទៅ​ស្ថានទូត​ចិន ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់ ដោយសារ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ យូញៀន ឌីវឺឡុបមេន (Union Development Group) ពីព្រោះ​ពួក​គាត់​ទាំង​នោះ ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ចាប់​ជញ្ជួន​ទៅ​ខែត្រ​កោះកុង​វិញ។

ប៉ុន្តែ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​ទី​៣១ ខែ​មីនា ប្រជាពលរដ្ឋ​ប្រមាណ ៨០០​នាក់ នៅ​ឃុំ​២​ធ្នួ ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​នាំ​គ្នា​ដាក់​របាំង​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧៦ ក្នុង​លក្ខខណ្ឌ​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ទំនាស់​ដី​ធ្លី​ជូន​ពួក​គាត់។ ប៉ុន្តែ​បន្ទាប់​ពី​មាន​ការ​សន្យា​ពី​អាជ្ញាធរ​ខែត្រ​ថា ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នេះ ទើប​អ្នក​ភូមិ​បាន​បើក​ផ្លូវ​ឲ្យ​ធ្វើ​ចរាចរណ៍​វិញ កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មីនា។

នៅ​ថ្ងៃ​ទី​២ ខែ​មេសា នេះ អ្នក​ភូមិ​បឹងកក់ បាន​បរាជ័យ​ម្ដង​ទៀត​ក្នុង​ការ​យក​ញត្តិ​ទៅ​ដាក់​ស្ថានទូត​ចិន ក្នុង​គោល​បំណង​យក​ញត្តិ​ទាំង​នោះ​ជូន​លោក ហ៊ូ ជិនតាវ ប្រធានាធិបតី​ចិន ដោយសារ​ស្ថានទូត​ចិន​បាន​បិទ​ទ្វារ​សម្រាក​មិន​ធ្វើការ​ទេ រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​មេសា គេ​នឹង​ធ្វើ​ការ​វិញ។

ទាក់ទង​ទៅ​នឹង​បញ្ហា​ទាំង​នេះ ត្រូវ​បាន​លោក ឈាង វណ្ណារិទ្ធិ ជា​នាយក​ប្រតិបត្តិ​ទ្យាស្ថាន​ខ្មែរ​សំរាប់​សហ​ប្រតិបត្តិការ និង​សន្តិភាព បាន​ពន្យល់​ថា នៅ​ក្នុង​ពេល​នេះ អ្នក​រង​គ្រោះ​ដោយសារ​បញ្ហា​ដីធ្លី​កំពុង​ឆក់​ឱកាស​ទាញ​យក​ការ​ចាប់​អារម្មណ៍​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ឲ្យ​ដឹង​អំពី​សុខ​ទុក្ខ​របស់​ពួក​គាត់​កំពុង​ប្រឈម​នៅ​កម្ពុជា។

ផ្ទុយ​ទៅ​វិញ​បញ្ហា​នេះ លោក ឈាង វណ្ណារិទ្ធិ បាន​អះអាង​ថា វា​មិន​ប្រាកដ​ថា ការ​ធ្វើ​ដូច្នេះ​វា​មិន​មាន​ផល​វិជ្ជមាន​នោះ​ទេ៖ «បញ្ហា​ផ្ទៃ​ក្នុង​អាស៊ាន​មិន​អាច​លូក​ដៃ​បាន​ទេ អា​ហ្នឹង​ជា​គោលការណ៍​របស់​អាស៊ាន ដូច្នេះ​យើង​មិន​អាច​សង្ឃឹម​ថា អាស៊ាន​អាច​លូក​ដៃ​ដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​ណា​បាន​ទេ បើ​យើង​ជំរុញ​បញ្ហា​ហ្នឹង​ឡើង​ដល់​ខ្ពស់​ពេក អា​ហ្នឹង​វា​ឈាន​ទៅ​ដល់​បញ្ហា​លំបាក​ទៅ​វិញ​ទេ ដូច្នេះ​ហើយ​យើង​គួរ​តែ​រក​មធ្យោបាយ​ផ្សេង»

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ នាយក​លេខាធិការដ្ឋាន​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ បាន​សង្កត់​ធ្ងន់​ថា មូលហេតុ​សំខាន់​នៅ​ត្រង់​ថា ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា កន្លង​មក រដ្ឋាភិបាល​មិន​ទាន់​មាន​ជំហរ​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ​ឲ្យ​មាន​តម្លាភាព​នៅ​ឡើយ។

លោក​បាន​លើក​ឡើង​ថា បញ្ហា​ទាំង​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី​ឆ្លៀត​ចេញ​មុខ​តវ៉ា​នៅ​ពេល​នេះ៖ «ភាព​អាម៉ាស់​របស់​ការ​បាត់បង់​កិត្តិយស ភាព​ថ្លៃថ្នូរ ពីព្រោះ​នៅ​ពេល​ដែល​យើង​មិន​អាច​ដោះស្រាយ​បញ្ហា​តូចៗ​នៅ​ក្នុង​ប្រទេស​យើង​បាន​ផង យើង​ទៅ​ដល់​ដឹកនាំ​ប្រទេស​ផ្សេងៗ​ទៀត​ដែល​មាន​ការ​ជឿនលឿន ដែល​មាន​ការ​គោរព​សិទ្ធិ​មនុស្ស មាន​ការ​គោរព​ប្រជាធិបតេយ្យ​ល្អ... ហ្នឹង​ហើយ​បង្ហាញ​ពី​ការ​ខ្វះ​សមត្ថភាព​របស់​យើង»

លើស​ពី​នេះ​ទៀត ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា បាន​ទៅ​ជួប​អ្នក​ភូមិ​បឹង​កក់ ប្រមាណ ៣០០​នាក់។ ពួក​គេ​មួយ​ចំនួន​បាន​សម្ដែង​ក្ដី​សោកស្ដាយ និង​ខ្លះ​ទៀត​សម្រក់​ទឹក​ភ្នែក​នៅ​ពេល​ឃើញ​ស្ថានភាព​អ្នក​បឹង​កក់​ទាំង​នោះ។ ពួក​គាត់​បាន​ថ្លែង​ថា ពួក​គាត់​គាំទ្រ​ចំពោះ​ការ​តវ៉ា​នានា​ដោយ​អហិង្សា​របស់​អ្នក​ភូមិ​កន្លង​មក។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ផ្ដល់​អនុសាសន៍​ថា ដើម្បី​កុំ​ឲ្យ​កម្ពុជា បាក់​មុខ​មាត់​នៅ​ខណៈ​ដែល​កម្ពុជា​កំពុង​មាន​តួនាទី​សំខាន់​នៅ​ក្នុង​តំបន់​អាស៊ាន ពិសេស​កម្ពុជា ជា​ប្រធាន​អាស៊ាន​នោះ រដ្ឋាភិបាល​កម្ពុជា ត្រូវ​ជំរុញ និង​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់ និង​កែ​ទម្រង់​ស្ថាប័ន​របស់​ខ្លួន​ឡើង​វិញ លុប​បំបាត់​អំពើ​ពុករលួយ កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឲ្យ​ឯករាជ្យ និង​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ឲ្យ​ឯករាជ្យ ពីព្រោះ​ថា ប្រព័ន្ធ​បោះ​ឆ្នោត​មិន​ឯករាជ្យ​នោះ​ហើយ ទើប​បណ្ដាល​ឲ្យ​បញ្ហា​រំលោភ​ដីធ្លី និង​រំលោភ​សិទ្ធិ​មនុស្ស​កើត​មាន​ក្រោយ​ពេល​បោះ​ឆ្នោត​នោះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។