មន្រ្តីទ័ពអាកាស លោក យិន ជន ទើបត្រឡប់មកពីធ្វើការ អង្គុយបាចទឹកចេញពីក្នុងផ្ទះ សង់ក្នុងក្រុមទី៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌឫស្សីកែវ មានប្រសាសន៍ថា រាល់ឆ្នាំទឹកលិច តែផ្លូវទេ មិនដែលលិចដល់ក្នុងផ្ទះឡើយ។ ឯទឹកចាប់ផ្តើមលិច ទាល់តែពាក់កណ្តាលខែ៩ ទៅខែ១០។ ប៉ុន្តែឆ្នាំនេះ ទឹកលិចពីខែ៨ មានជម្រៅជ្រៅនិងលាតសន្ធឹងធំ ហូរចូលដល់ក្នុងផ្ទះទៀត។
លោក យិន ជន មានប្រសាសន៍ដូច្នេះថា ៖ «លិចអស់ហើយ រាល់ឆ្នាំអត់លិចទេ ទើបលិចឆ្នាំហ្នឹង។ មូលហេតុមកពីចាក់ដីធ្វើផ្ទះល្វែងអស់រលីង កន្លែងស្តុកទឹកអីអស់ហើយ ពីឆ្នាំទៅអត់មានលិចទេកន្លែងហ្នឹង ហើយឆ្នាំនេះលិចតែម្ដងម្ដុំហ្នឹង។ កាលមុន លិចតែផ្លូវទេ ឥឡូវលិចទាំងអស់ ទាំងផ្ទះទាំងអីលិចអស់។ ចាក់ដីស្តុកអស់រលីងហើយ ផ្ទះល្វែងអីគ្រប់កន្លែងទាំងអស់...»។
កុមារីនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ឈ្មោះ កនិ្នកា កំពុងបាចទឹក ចេញពីទីធ្លា មុខផ្ទះវិឡាធំមួយ បានអះអាងថា ៖ «ឆ្នាំហ្នឹងទឹកចាល់ មកពីគេអត់បង្ហូរ។ លិចជ្រៅ ត្រឹមជង្គង់។ រមាស់ស្អុយ»។
កុមារា ករុណា សិស្សថ្នាក់ទី២ សាលាអង្គការ ម៉េតូឌីស កំពុងលេងទឹកយ៉ាងសប្បាយ បានឲ្យដឹងថា ឆ្នាំនេះ គេសប្បាយនឹងលេងទឹកជាងរាល់ឆ្នាំ។ ដោយឆ្នាំមុនៗ ទឹកលិចភូមិជម្រៅត្រឹមក្បាលជង្គង់ ឯឆ្នាំនេះទឹកលិចដល់ត្រឹមក ៖ «ផ្ទះខ្ញុំលិចត្រឹមក គេបូមទម្លាក់មកភ្នំពេញថ្មី»។
អ្នកស្រី សុង អ៊ីនសេង នៅភូមិទំនប់ដែរ មានប្រសាសន៍ថា គាត់ចាក់ដីភូមិថែមរាល់ឆ្នាំដើម្បីទប់កំពស់ទឹក កុំឲ្យលិចផ្ទះ ជ្រៅពេក។ ប៉ុន្តែចាក់ដីយ៉ាងណា ទឹកនៅតែលិចលើដីចាក់ជានិច្ច ៖ «កាលមិនទាន់ចាក់លិចត្រឹមគូទផ្លូវហ្នឹង ចាក់កម្ពស់ប្រហែល ១ម៉ែត្រឡើងហើយ នៅតែលិចត្រឹមពាក់កណ្ដាលក្រោមជង្គង់ ពាក់កណ្ដាលកជើង។ ទឹកស្អុយ មិនមែនទឹកល្អអី ទឹកលូទម្លាក់គ្រប់កន្លែង គេបូមផង ប្រឡាយផង បូមពីក្នុងភ្នំពេញ ទម្លាក់ត្រឡោកបែក ទម្លាក់ពីពោធិ៍ចិនតុងមកតាមប្រឡាយ។ កាយហើយបានរាងស្រកបន្តិចទៅវិញ ប៉ុន្តែវាហូរមិនទាន់នៅចុងឯណោះ ស្ទះនៅចុងហ្នុង ដាក់លូតូច។ ពីនេះទៅលូ ២ម៉ែត្រ ដល់ទៅក្រោមលូ១ម៉ែត្រ..»។
និស្សិតវេជ្ជបណ្ឌិតនៃសកលវិទ្យាល័យអន្តរជាតិ លោក គង់ សំបូរ មានប្រសាសន៍ថា គាត់មករៀន៦ឆ្នាំហើយ ទឹកមិនដែលលិចផ្លូវនិងសាលារៀនគាត់ទេ។ ប៉ុន្តែឆ្នាំនេះ ទឹកលិចជ្រៅ គាត់ជិះម៉ូតូទៅរៀន ទឹកចូលម៉ាស៊ីនម៉ូតូ ធាក់មិនឆេះ។ គាត់ប្តូរប្រេងម៉ាស៊ីន ១អាទិត្យនេះ ២ដងហើយ ៖ «ខូចទាំងពីរដង ប្ដូរប្រេងម៉ាស៊ីនចោល ទឹកចូលប្រេងម៉ាស៊ីន»។
អាជ្ញាធរខណ្ឌឫស្សីកែវ លោក កូប ស្លេះ មានប្រសាសន៍ថា ទឹកលិចក្នុងខណ្ឌមាន២សណ្ឋាន នៅប៉ែកខាងជើង ក្រុមហ៊ុន ខាំខូ ស៊ីធី សង់អគារធំកម្ពស់ច្រើនជាន់ ទឹកលិចតិចតួច។ ផ្ទុយពីប៉ែកខាងត្បូងក្រុមហ៊ុននោះ ទឹកលិចជ្រៅមិនទាន់អាចកាយប្រឡាយឲ្យធំបាន ដោយសារមានរឿងទំនាស់ដីធ្លីកាយប្រឡាយអមផ្លូវ៥៩៨ នៅទីនោះ ដោះស្រាយមិនទាន់រួច។
លោក កូប ស្លេះ មានប្រសាសន៍ថា ៖ «ផ្ទះប្រជាជនដែលគាត់សង់នៅពីរ នៅកណ្ដាលប្រឡាយហ្នឹង... សំខាន់បំផុតនៅកន្លែងហ្នឹង តែយើងកាយមិនទាន់បាន ដោយសារប៉ះពាល់ផ្ទះប្រជាជនហ្នឹង។ យើងចុះទៅទាំងអស់គ្នា ដំបូងឡើយ យើងថា កាយកន្លែងហ្នឹងសិន ដល់ពេលហើយមានលិខិតមហាផ្ទៃណែនាំអ៊ីចឹងទៅ ឯកឧត្ដមអភិបាលក្រុង ក៏គាត់ណែនាំដែរថា ឲ្យយើងធ្វើម៉េចឲ្យប៉ះពាល់តិច ហើយតិចហ្នឹង កន្លែងហ្នឹងយើងធ្វើមិនទាន់កើត។ ណាមួយម្ចាស់ផ្ទះហ្នឹងគេអត់នៅខ្លួនឯងផ្ទាល់ទេ គេធ្វើហើយ គេជួលឲ្យគេ»។
ប្រធានអង្គភាពលូទឹករាជធានីភ្នំពេញ លោក នៅ សារឿន មានប្រសាសន៍ថា ប្រឡាយកាន់តែតូច ការចាក់ដីសង់លំនៅ កាន់តែច្រើន ទើបទឹកហូរពាសពេញ កន្លែងមិនធ្លាប់លិច ទៅជាលិច។ ឯកន្លែងធ្លាប់លិចរាក់ បែរជាលិចកាន់តែជ្រៅ។ ឯអាជ្ញាធរប្រឹងកាយដែរ តែប្រឡាយកាន់តែតូច ដោយសារការចាក់ដីលុបផ្លូវទឹករត់ ធ្វើលំនៅ ម្យ៉ាងទៀតម៉ាស៊ីនបូមទឹកចេញដំណើរមិនទាន់ល្អ។
លោក នៅ សារឿន មានប្រសាសន៍ថា ៖ «កន្លងទៅស្រុកនេះ លិចតែខែ៩ ខែ១០ ទេ ដោយឡែកឆ្នាំនេះ ទឹកទាំងអស់មិនទាន់បានពេញ នៅឡើយទេ ព្រោះយើងប្រឹងបូមចែកជាពីរ ប្រឹងបូមទឹកស្ថានីយស្វាយប៉ាកដែរ នៅគីឡូម៉ែត្រលេខ៩ ប្រឹងបូមមួយផ្នែកដើម្បីរំដោះទឹកចេញពី ៤សង្កាត់របស់ខណ្ឌឫស្សីកែវ។ អ៊ីចឹងទឹកដែលហូរមកនេះ គឺត្រូវចាល់ទៅលើអាង នៅបឹងប៉ាយ៉ាប។ ឥឡូវហ្នឹង ទឹកផ្ទៃបឹង មិនទាន់ដល់កំណត់ទេ នៅកម្ពស់ទឹក ១ម៉ែត្រកន្លះទៀត បានពេញរ៉ឺសឺវ័រវា។ អ៊ីចឹងទឹកដែលលិចនេះ បានន័យថា វាចាល់ទឹកបឹងទេ វាចាល់តាមដំណើរការអភិវឌ្ឍន៍របស់បងប្អូនយើង ហើយផ្លូវទឹកចង្អៀត ផ្ទះសំណង់សង់ពីលើផ្លូវទឹកនិងស្ដង់បិទដីឡូត៍»។
មន្រ្តីដដែលបន្តថា អាជ្ញាធរក្រុង មន្ទីរសាធារណការ មន្ទីរធនធានទឹក កំពុងញាប់ដៃជើង បើកទឹកបង្ហូរចេញឲ្យបានឆាប់ៗ ទាន់មេឃមិនទាន់ធ្លាក់ភ្លៀងបន្តទៀត ៖ «ទីតាំងបិទបាំងផ្លូវទឹកមួយចំនួនទៀត ពីសំណាក់បងប្អូនយើងជាម្ចាស់ដី គាត់ពង្រីកផ្ទៃដីគាត់យកអាចម៍ដីនោះ ក៏គាត់បានរុញដីហ្នឹង ទៅឲ្យកៀកជាប់គ្នារវាងក្រុមម្ខាងទៀត អ៊ីចឹងផ្លូវទឹកយើងមានការរួមតូចបន្តិច បានជាខ្ញុំខំដោះស្រាយនេះ គឺដើម្បីបើកផ្លូវទឹកឲ្យបានធំ។ ហើយរយៈពេលនេះ គឺយើងបានដំណើរការ បានមកដល់ថ្ងៃនេះ គឺទឹកយើងស្រកផុតពីផ្លូវហាណូយ បាន ៥តឹក ហើយមកផ្លូវ ១៩៨៦ ស្រកបាន ៣តឹក។ ហើយមកដល់ពេលនេះ គឺចំណាត់ការដោះស្រាយគឺយើងមានជម្រើសតែមួយគត់ គឺបើនៅខាងក្នុង យើងខិតខំបូមទឹកចេញទៅ ដល់ក្រៅនេះ អត់មានម៉ាស៊ីនបូមទេ អ៊ីចឹងគឺយើងប្រឹងពន្លឿនទឹកឲ្យលឿន ហូរទៅដល់កន្លែងស្តុកនៅបឹងពោងពាយ បឹងប៉ាយ៉ាប»។
លោក នៅ សារឿន បន្តថា ទឹកលិចខណ្ឌឫស្សីកែវ បណ្តាលមកពីទឹកភ្លៀងខ្លាំងច្រើនថ្ងៃជាប់គ្នានៅស្រុកអង្គស្នួលនិងជាយក្រុងភ្នំពេញ នាំឲ្យទឹកឡើង ពេញប្រៀប វាហូររកកន្លែងទាប។ ឯកន្លែងទាប សម្រាប់រំដោះទឹកកន្លងមក បែរជាមានការអភិវឌ្ឍសំណង់ផ្ទះល្វែងច្រើនសន្ធឹក បានចាក់ដីលុបផ្លូវរត់របស់ទឹក។ ហើយនាំគ្នា សង់លូ ពីធំ មកតូច ទើបទឹករត់ មិនទាន់ល្បឿនរបស់វា ទៅជាលិចច្រើនសង្កាត់ ក្នុងរាជធានីភ្នំពេញ។
តាមការសង្កេតប៉ុន្មានឆ្នាំចុងក្រោយនេះ សំណង់ធំៗបានសង់ឡើងក្នុងទីក្រុងភ្នំពេញ។ ប៉ុន្តែប្រព័ន្ធស្តុកទឹកនិងលូបង្ហូរទឹក បែរជាមានទំហំតូចទៅវិញ។ ជាមួយគ្នានេះ ក្រោយភ្លៀងខ្លាំងតំបន់ម្តុំព្រះបរមរាជវាំង ស្តាតអូឡាំពិក និងបណ្តោយវិថី សហព័ន្ធរុស្ស៊ី វិថីកម្ពុជាក្រោម បានក្លាយជាតំបន់ងាយទឹកលិចផងដែរ៕
