អាជ្ញាធរ​បណ្ដេញ​អ្នក​ភូមិ​ចេញ​ពី​ជើង​ភ្នំ​គូលែន

អង្គការ​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ក្រុម​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៦០​គ្រួសារ​នៅ​ជើង​ភ្នំ​គូលែន អាច​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ដីធ្លី។

0:00 / 0:00

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា គេ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ទៅ​ក្រុម​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ នៅ​ភូមិ​ត្បែង​ខាង​លិច ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ដែល​ចេះ​តែ​នាំ​គ្នា​ចូល​មក​ច្រើន​ឡើង​ៗ ធ្វើ​សកម្មភាព​កាប់​រាន​ដុត និង​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​របស់​រដ្ឋ នៅ​តំបន់​ការពារ​ជិត​ជើង​ភ្នំ​គូលែន​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន និង​តាំង​ទីលំនៅ​ថ្មី​នោះ ឲ្យ​រុះរើ​ចាក​ចេញ​ទៅ​វិញ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។

លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ទី​២៥ ខែ​កក្កដា​ថា ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​រួម​នឹង​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ចេញ​ប្រកាស និង​ដីកា​ដក​ហូត​ដី​តំបន់​ទ្រនាប់​ភ្នំ​គូលែន នៅ​ភូមិ​ត្បែង​ខាង​លិច ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​ចំនួន​១២៤៧​ហិកតារ ដើម្បី​បង្កើត​ជា​ស្ថានីយ​ផ្សព្វ​ផ្សាយ និង​ស្ដារ​ព្រៃ​ឈើ​ឡើង​វិញ ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​ទៅ​កាន់​កាប់​ដី​តំបន់​នោះ​ជា​ដី​សម្បទាន​សង្គម​កិច្ច​បាន​ទេ។

លោក ទា គឹម​សុទ្ធ មាន​ប្រសាសន៍​ដូច្នេះ ៖ «ឥឡូវ​ហ្នឹង​ក្រសួង​កសិកម្ម​នោះ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​ដី​សម្បទាន​សង្គម​កិច្ច​ទេ កាល​ណា​យើង​អភិវឌ្ឍ​ព្រៃ​ឈើ យើង​ធ្វើ​អី​អត់​កើត។ ឥឡូវ​ហ្នឹង​មាន​លិខិត​របស់​ក្រសួង​ហើយ ខ្ញុំ​អនុវត្ត​តាម​លិខិត​របស់​ក្រសួង តាម​វិធានការ​ពី​អភិបាល​ខេត្ត​ដែរ។ ជា​លាយ​ល័ក្ដ​អក្សរ​ត្រូវ​ប្រកាស​ជូន​ដំណឹង​អ៊ីចឹង​ឯង ឲ្យ​គាត់​ជ្រាប​ជា​ព័ត៌មាន​មុន អ្នក​ដែល​នៅ​គាត់​មិន​ព្រម​រុះ​រើ​ចេញ​ហ្នឹង ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់»

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀមរាប បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ដល់​ក្រុម​ប្រជា​ពលរដ្ឋ ដែល​គេ​យល់​ថា បាន​នាំ​គ្នា​កាប់​រាន​ដី​ព្រៃ​របស់​រដ្ឋ ចូល​ទៅ​សង់​ទីលំនៅ​ទាំង​នោះ ឲ្យ​រុះ​រើ​ចាក​ចេញ​ក្នុង​រយៈ​ពេល ១៥​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ចេញ​សេចក្ដី​ជូន​ដំណឹង​នោះ​។

ទោះ​យ៉ាង​ណា ក្រុម​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ រស់​នៅ​ទី​នោះ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ថា ពួក​គេ​នឹង​មិន​មាន​ដី​កន្លែង​ផ្សេង​ទៀត​រស់​នៅ​ទេ។

លោក ធួន នឿម តំណាង​ឲ្យ​ក្រុម​អ្នក​ភូមិ​ត្បែង​ខាង​លិច បាន​មាន​ប្រសាសន៍​ថា តាម​ការ​ជំរឿន​គឺ​មាន​អ្នក​ភូមិ​កំពុង​រស់​នៅ​ទី​នោះ​ចំនួន​១០៥​គ្រួសារ ហើយ​ផ្ទៃ​ដី​ដែល​គេ​រស់​នៅ គឺ​ទំហំ​តែ​កន្លះ​ហិកតារ​ប៉ុណ្ណោះ ក្នុង​១​គ្រួសារ​ៗ។

លោក ធួន នឿម បាន​សំដែង​ការ​ព្រួយ​បារម្ភ​ថា អ្នក​ភូមិ​របស់​គាត់​មិន​ដឹង​ទៅ​រស់​នៅ​ទី​ណា​ទេ ប្រសិន​បើ​ដល់​ថ្ងៃ​កំណត់​ដែល​គេ​ឲ្យ​រុះរើ​ផ្ទះ​ចាក​ចេញ​នោះ។

លោក ធួន នឿម មាន​ប្រសាសន៍ ៖ «ព្រួយ​បារម្ភ​ត្រង់​ថា ១៥​ថ្ងៃ​គេ​ដេញ​ខ្ញុំ​មិន​ដឹង​ថា​គិត​យ៉ាង​ម៉េច មិន​ដឹង​ទៅ​នៅ​ឯណា​ទៀត​អស់​ហើយ។ សំណូមពរ​ឲ្យ​តែ​បាន​នៅ​ដី​កន្លែង​នេះ ដែល​រស់​នៅ​ទៅ​ហើយ​មិន​ដឹង​រើ​ទៅ​ណា​មាន​ប្រាក់​ឯ​ណា​ទៀត​ធ្វើ​ផ្ទះ សុទ្ធ​តែ​ក្រ​ពិត​ប្រាកដ​មែន​ឡើង​មើល​តាម​ផ្ទះ​មិន​ដែល​មាន​អង្គរ​១​បេ​ទេ មាន​តែ​២​កំប៉ុង​៣​កំប៉ុង​ទេ គឺ​ធ្វើ​ការ​១​ថ្ងៃ​ហូប​១​ថ្ងៃ ខ្លះ​ជីក​ដំឡូង​ហូប​ទៀត»

លោក សួស ណារិន អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស ADHOC ប្រចាំ​ខេត្ត​សៀមរាប ដែល​បាន​ចុះ​អង្កេត​បញ្ហា​នោះ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ដែល​គេ​អះអាង​ជាង​១០០​គ្រួសារ បាន​ចូល​ទៅ​កាន់​កាប់​ដី​ភូមិ​ត្បែង​ខាង​លិច​នោះ គឺ​មាន​ប្រហែល​ជាង​៦០​គ្រួសារ​ប៉ុណ្ណោះ ជា​អ្នក​ដែល​តាំង​ទីលំនៅ​អចិន្ត្រៃយ៍​ពិត​ប្រាកដ។

លោក សួស ណារិន បាន​មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​ដែល​តាំង​ទី​លំនៅ​អចិន្ត្រៃយ៍​ពិត​ប្រាកដ ត្រូវ​គេ​ដឹង​ថា បាន​ទៅ​រស់​នៅ​កាល​ពី​ឆ្នាំ​២០០៧ ហើយ​ពួក​គេ​មាន​ស្ថានភាព​ក្រីក្រ។ លោក​សំណូមពរ​ឲ្យ​អាជ្ញាធរ គួរ​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច​ដល់​ប្រជា​ពលរដ្ឋ​ដែល​តាំង​ទី​លំនៅ​ពិត​ប្រាកដ នៅ​ពេល​បណ្ដេញ​ពួក​គេ​ឲ្យ​ចាក​ចេញ​ពី​ដី​ព្រៃ​របស់​រដ្ឋ។

ដីកា​លេខ​១០២​សសរ របស់​សាលា​ខេត្ត​សៀមរាប ចុះ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០០៦ បាន​សម្រេច​ដក​ហូត​ផ្ទៃ​ដី​ទំហំ​១២៤៧​ហិកតារ នៅ​ភូមិ​ត្បែង​ខាង​លិច ឃុំ​ត្បែង ស្រុក​បន្ទាយ​ស្រី ដើម្បី​ស្ដារ និង​អភិវឌ្ឍ​ព្រៃ​ឈើ​ឡើង​វិញ នៅ​តំបន់​ទ្រនាប់​ភ្នំ​គូលែន៕