សាលាក្រុងភ្នំពេញកំពុងរៀបចំបង្កើតក្រុមប៉ូលិស ដើម្បីត្រួតពិនិត្យចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញរយៈពេល ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងទីក្រុង ដែលមានអត្រាខ្ពស់នៅសព្វថ្ងៃនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញលើគេហទំព័រចុះថ្ងៃទី ១៧ សីហា បានឲ្យដឹងថា សាលារាជធានីភ្នំពេញបានសាងសង់ការិយាល័យប្រចាំការត្រួតពិនិត្យចរាចរណ៍ក្នុងក្រុងមួយតូចល្មម ក្នុងតម្លៃទឹកប្រាក់ជិត ១០០ លានរៀល ស្មើនឹង ២៤.៥០០ ដុល្លារអាមេរិក។ ការិយាល័យនេះស្ថិតនៅជ្រុងខាងកើតឆៀងខាងត្បូងផ្ទៃដីពហុកីឡាដ្ឋានជាតិអូឡាំពិក ក្បែរវត្តមហាមន្ត្រី ត្រង់កែងមហាវិថីព្រះសីហនុ និងកែងផ្លូវលេខ ១៦៣ ក្នុងខណ្ឌ ៧ មករា។
សេចក្ដីប្រកាសព័ត៌មានដដែលសរសេរថា គ្រោះថ្នាក់ចរាចរ គឺជាកង្វល់មួយរបស់ប្រជាជន និងរដ្ឋាភិបាលកម្ពុជា។ ដូច្នេះហើយទើបអភិបាលក្រុងភ្នំពេញ លោក កែប ជុតិម៉ា សុំឲ្យបង្កើតការិយាល័យនេះឡើង ដើម្បីឆ្លើយតបទៅនឹងបទល្មើសចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ឲ្យបានទាន់ពេលវេលា។
ប្រធានការិយាល័យប៉ូលិសចរាចរណ៍ក្រុងភ្នំពេញ លោក ហេង ចាន់ធារី មានប្រសាសន៍នៅថ្ងៃទី ១៩ សីហាថា ការិយាល័យនេះនឹងបើកនៅពេលឆាប់ៗ តែលោកនៅមិនទាន់ដឹងកាលបរិច្ឆេទជាក់លាក់នៅឡើយទេ។
ដំណឹងនេះត្រូវបានប្រជាជន និងអង្គការមិនមែនរដ្ឋាភិបាលខ្លះសាទរយ៉ាងខ្លាំង ដោយសង្ឃឹមថា ស្ថានភាពចរាចរណ៍កកស្ទះ និងគ្រោះថ្នាក់នាំឲ្យមនុស្សស្លាប់រាល់ថ្ងៃនៅទីក្រុងភ្នំពេញ នឹងបានធូរស្បើយជាងបច្ចុប្បន្ន។
លោក សែន បញ្ញាវុឌ្ឍ ប្រធានគ្រប់គ្រងប្រព័ន្ធទិន្នន័យគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា មានប្រសាសន៍ថា ចំនួនមនុស្សស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅភ្នំពេញ នៅពេលយប់មានច្រើនជាងពេលថ្ងៃ ព្រោះផ្លូវភាគច្រើនមិនមានចរាចរណ៍មមាញឹកធ្វើឲ្យអ្នកបើកបរបើកលឿនជាងពេលថ្ងៃ ហើយអ្នកបើកបរពេលយប់ច្រើនតែសេពគ្រឿងស្រវឹងធ្វើឲ្យគ្រោះ ថ្នាក់ពេលយប់មានមនុស្សស្លាប់ច្រើនជាងពេលថ្ងៃ។ បើគិតជាភាគរយគេរកឃើញថា មានមនុស្សចំនួនជាង ៦៣% ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីល្បឿនបើកបរលឿននៅពេលយប់។
លោកថា បើសិនជាសាលាក្រុងភ្នំពេញបង្កើតការិយាល័យប្រចាំការនេះបានច្រើន និងចំកន្លែងដែលគ្រោះថ្នាក់ញឹកញាប់ជាងគេ ចំនួនគ្រោះចរាចរនឹងអាចថយចុះច្រើននៅពេលដឆាប់ ៖ «ការបង្កើតប៉ុស្តិ៍នេះ បើសិនបង្កើតកន្លែងផ្សេងៗ ទៀត ការបង្កើតប៉ុស្តិ៍នេះ បើសិនយើងដាក់នៅតំបន់ណា ដែលគ្រោះថ្នាក់ញឹកញាប់ យើងគិតថាវាអាចជួយសម្រួលបានច្រើន បញ្ហាគ្រោះថ្នាក់ចរាចរ។ ការទៅដល់កន្លែងកើតហេតុរបស់នគរបាលចរាចរណ៍នឹងអាចទៅដល់ទាន់ពេលវេលា ការដឹកជញ្ជូនប្រជាពលរដ្ឋយើងទៅមន្ទីរពេទ្យព្យាបាលក៏អាចជួយសង្គ្រោះបានច្រើនដែរ»។
លោកថា ការសិក្សារបស់អង្គការជនពិការអន្តរជាតិ បែលហ្ស៊ិក (Handicap International) ប្រចាំកម្ពុជាបង្ហាញថា ខណ្ឌដែលមានគ្រោះថ្នាក់ចរាចរញឹកញាប់ជាងគេ គឺខណ្ឌនៅជាយក្រុង ដូចជា៖ ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ដោយសារខណ្ឌទាំងនេះមានផ្លូវជាតិឆ្លងកាត់ ហើយសាលាក្រុងភ្នំពេញគួរសង់ប៉ុស្តិ៍ត្រួតពិនិត្យនៅទីនោះបើមានលទ្ធភាពបន្ត។
ការប្រកាសបង្កើតការិយាល័យត្រួតពិនិត្យចរាចរ ២៤ ម៉ោងលើ ២៤ ម៉ោង របស់សាលាក្រុងភ្នំពេញក៏មានអង្គការ និងសមាគមខ្លះអបអរដែរ ទន្ទឹមមានការព្រួយបារម្ភថា បំណងល្អរបស់សាលាក្រុងភ្នំពេញនឹងក្លាយទៅរឿងអសារឥតការ ប្រសិនបើក្រុមប៉ូលិសមិនអនុវត្តការងារតាមច្បាប់។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យ និងឯករាជនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បញ្ជាក់ថា កន្លងមកគ្រោះថ្នាក់ចរាចរណ៍កើតនៅពេលយប់មិនមានប៉ូលិសអន្តរាគមន៍ច្រើនទេ ហើយអ្នករំលោភច្បាប់ ច្រើនរត់គេចខ្លួនដោយសុវត្ថិភាព។ ក៏ប៉ុន្តែ លោកសង្ស័យថា អ្នកធ្វើដំណើរនៅពេលយប់ ឬអ្នករត់ម៉ូតូ អ្នករត់ម៉ូតូសណ្ដោង ឬអ្នកតាក់ស៊ីនៅពេលយប់ អាចនឹងក្លាយជាជនរងគ្រោះ ប្រសិនមានប៉ូលិសធ្វើការមិនមានមនសិការជាតិពិតប្រាកដ។
លោក វន់ ពៅ ៖ «ចំណុចដែលយល់ថាល្អ ប្រសិនបើប៉ូលិសជាប៉ូលិសអនុវត្តឲ្យសុក្រឹត ជាប៉ូលិសជាតិពិតប្រាកដមែន វាជាចំណុចល្អ។ ប៉ុន្តែ បើប៉ូលិសពុករលួយ អានេះគឺជាចំណុចអវិជ្ជមាន ហើយដែលធ្វើឲ្យអ្នករងគ្រោះ នៅតែរងគ្រោះ អ្នកដែលបង្កនៅតែរួចខ្លួន។ កាលណាគ្រោះថ្នាក់ចរាចរណ៍ សមាគមឃើញជាក់ស្ដែងកន្លងមក ប៉ូលិសយកលុយខាងជនបង្កផង យកលុយជនរងគ្រោះផង នៅពេលប៉ូលិសដោះស្រាយគ្រោះថ្នាក់ចរាចរណ៍កន្លងមកក៏ដូចជាបច្ចុប្បន្ន»។
ក្រៅពីនេះលោកព្រួយខ្លាចក្រែងក្រុមប៉ូលិសធ្វើការពេលយប់ ឆ្លៀតឱកាសយកតួនាទីមន្ត្រីរាជការ ទៅប្រព្រឹត្តអ្វីផ្សេង ដែលធ្វើឲ្យសណ្ដាប់ធ្នាប់ចរាចរណ៍នៅពេលយប់រឹតតែអាក្រក់ជាងសព្វថ្ងៃទៀតក៏ថាបាន។
របាយការណ៍របស់អង្គការជនពិការអន្តជាតិបែលហ្ស៊ិកប្រចាំកម្ពុជា សរសេរថា គ្រោះថ្នាក់ចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ ឆ្នាំ២០១០ បណ្ដាលឲ្យមនុស្សគ្រោះថ្នាក់ចំនួន ១.៨១៦ នាក់ ក្នុងនោះស្លាប់ ១៨៩ នាក់ភាគច្រើនក្រុមយុវវ័យមានអាយុចន្លោះពី ២០ ទៅ ២៩ ឆ្នាំ។ របួសធ្ងន់ ៦៣៩ នាក់ និងរបួសស្រាលជាង ២០០ នាក់។ មូលហេតុដោយសារបើកលឿនហួសច្បាប់កំណត់ អ្នកបើកបរស្រវឹង។
ទោះយ៉ាងណាក្ដី អ្នកវិភាគក្នុងស្រុកអះអាងថា វិធានការរបស់សាលាក្រុងត្រួតពិនិត្យគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់នេះ នឹងមិនមានប្រសិទ្ធិភាពទេ ឬក៏មានប្រសិទ្ធភាពតិចតួច ព្រោះថានៅភ្នំពេញសម្បូរទៅដោយហាងស៊ីផឹកស្អេកស្កះ ដែលមិនត្រឹមតែធ្វើឲ្យអ្នកបើកបរស្រវឹងមិនគោរពច្បាប់នោះទេ សូម្បីតែប៉ូលិសខ្លះក៏ស្រវឹងដូចគ្នាដែរ។ ហើយវិធានការជោគជ័យនោះគឺ កាត់បន្ថយចំនួនហាងស៊ីផឹក ឬក៏កាត់បន្ថយអ្នកផឹកស្រវឹងកុំឲ្យបើកបរទើបប្រសើរជាង៕
