ប្រជាពលរដ្ឋអ្នកចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារនៅខេត្តស្វាយរៀង បានប្រតិកម្មទៅនឹងអាជ្ញាធរខេត្តស្វាយរៀង ក្រោយពីអាជ្ញាធរបានហាមឃាត់ឈ្មួញមិនឲ្យទិញជ្រូកពីពួកអ្នកស្រុកដើម្បីដឹកយកមកលក់នៅភ្នំពេញនោះ។
លោក ថៃ ភៀន អ្នកទិញជ្រូកពីប្រជាពលរដ្ឋយកមកលក់នៅភ្នំពេញ បានថ្លែងថា នៅរយៈពេលប៉ុន្មានថ្ងៃនេះលោកមិនអាចដឹកជ្រូកមកលក់នៅភ្នំពេញបានទេ ដោយសារមានការហាមឃាត់ពីប៉ូលិសសេដ្ឋកិច្ចនិងប៉េអឹមជាដើម ពុំនោះទេនិងមានការចាប់ផាកពិន័យជាមិនខាន។
លោក ថៃ ភៀន បានឲ្យដឹងដូច្នេះ ៖ «ឥឡូវមានបញ្ហា ខាងភ្នំពេញគេលែងឲ្យឡើងទៅ ប្រហែលជាខាងប្រធានកសិកម្មអីហើយមើល៍ទៅ គេបិទ ពេទ្យសត្វគេចេញចាប់។ ខេត្តកណ្ដាលគេមិនឲ្យយើងយកទៅលក់ភ្នំពេញតែម្ដង បិទប្រមាណពីរបីថ្ងៃហ្នឹង»។
ពលរដ្ឋអ្នកចិញ្ចឹមជ្រូកលក់ឈ្មោះ វ៉ា សាទ រស់នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានប្រសាសន៍ដោយត្អូញត្អែរថា លោកកំពុងមានការព្រួយបារម្ភពីជ្រូករបស់ប្រជាពលរដ្ឋដែលចិញ្ចឹមលក់តាមផ្ទះនោះពុំមានទីផ្សារ ដោយសារឈ្មួញដែលមកទិញសព្វដងមិនអាចដឹកចូលភ្នំពេញបាន។
លោក វ៉ា សាទ បានត្អូញត្អែរដូច្នេះ ៖ «ខ្ញុំព្រួយបារម្ភត្រង់ថា ខ្ញុំលក់ជ្រូកអត់ដាច់ មិនដឹងជាលក់ទៅណាបើគេអត់ទិញអ៊ីចឹង។ លក់អត់ចេញមានម្នាក់៤-៥ក្បាល ១០ក្បាលអី លក់អត់ចេញ ឈ្មួញគេអត់ទិញ គេថាមិនដឹងទិញយកទៅណាបើភ្នំពេញទៅអត់រួចផង។ ចិញ្ចឹមជ្រូកមួយៗប្រើកន្ទក់អស់ច្រើនណាស់ កន្ទក់មួយគីឡូក្រាម៨០០រៀល។ ក្នុងជ្រូកមួយចំណាយពេលពី៤ទៅ៥ខែបានបានលក់។ ប៉ះពាល់ជីវភាពខ្ញុំ ព្រោះវាខាត»។
ប្រធាននាយកដ្ឋានបសុព្យាបាល លោក កៅ ផល បានពន្យល់ថា អ្នកប្រមូលទិញសត្វពីកសិករយកមកលក់នៅកន្លែងសត្វឃាតអ្នកទាំងនោះ គឺតម្រូវឲ្យមានលិខិតអនុញ្ញាតដឹកជញ្ជូនសត្វពីការិយាល័យផលិតកម្មពីមន្ទីរកសិកម្ម។ ករណីនេះទាល់តែមានគោលការណ៍អនុញ្ញាតពីក្រសួងកសិកម្មជាមុនសិន និងតម្រូវឲ្យមានប័ណ្ណប្រកាសរួមរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមួយទៀត ទើបអនុញ្ញាតឲ្យធ្វើការចរាចរណ៍បាន។
លោក កៅ ផល មានប្រសាសន៍ថា ៖ «ហើយបើសិនជាមានច្បាប់ហើយ មានការឃាត់ ការរឹបអូស ឬវិធានការបសុពេទ្យផ្សេងៗទៀតនោះ គឺជាបញ្ហាមួយខ្ញុំទទួលខុសត្រូវទាំងស្រុង។ ឲ្យតែមានច្បាប់ហើយមិនអនុញ្ញាតឲ្យគេដឹកជញ្ជូន នេះជាការដែលមិនសមរម្យ»។
ថ្វីបើមានការអះអាងថា ទាល់តែមានច្បាប់ទើបគេអនុញ្ញាតឲ្យធ្វើអាជីវកម្មលក់ជ្រូក ប៉ុន្តែក្រុមកិសករចិញ្ចឹមជ្រូកបានចោទថា ច្បាប់នោះគ្រាន់តែជាលេសដើម្បីគាបទារលុយពីកសិករប៉ុណ្ណោះ។
ប្រធានសមាគមចិញ្ចឹមជ្រូកកម្ពុជា លោក ស្រុន ពៅ ក៏មានប្រត្តិកម្មដែរចំពោះការនាំជ្រូកចូលពីបរទេសផ្តាច់មុខនេះ ដោយលោកបញ្ជាក់ថា ជាការសម្លាប់មុខរបរចិញ្ចឹមជ្រូកក្នុងស្រុក។
កាលពីថ្ងៃទី២៧ ខែមករា អាជីវករលក់សាច់ជ្រូកនៅភ្នំពេញប្រមាណជាង៤០នាក់ បានធ្វើញត្តិទាមទារឲ្យមន្ទីរកសិកម្មរាជធានី ដោះស្រាយបញ្ហាក្រុមហ៊ុននាំជ្រូកចូលចំនួន៤រួមគ្នាតែមួយផ្តាច់មុខលើអាជីវកម្មជ្រូកនេះ ក៏ប៉ុន្តែនៅពុំទាន់មានដំណោះស្រាយនៅឡើយទេ។
ក្រុមហ៊ុនដែលផ្តត់ផ្គង់សាច់ជ្រូកនាំចូលពីប្រទេសថៃចំនួន៤ដែលច្របាច់ចូលគ្នានោះ បានទទួលអាជ្ញាប័ណ្ណពីរដ្ឋកាលពីពេលថ្មីៗនេះ៕
