គម្រោង​ផ្ដល់​ដី​កសិកម្ម​ដល់​អតីត​អ្នក​រស់​នៅ​លើ​គំនរ​សំរាម​ស្ទឹងមានជ័យ

អង្គការ​ថែរក្សា​សង្គ្រោះ​កុមារ​អន្តរជាតិ​អូស្ត្រាលី និង​អង្គការ​លំនៅឋាន​កម្ពុជា មាន​គម្រោង​នឹង​ផ្ទេរ​របៀប​គ្រប់គ្រង​ដី​កសិកម្ម ២​ហិកតារ​ឲ្យ​ដល់​ប្រជាពលរដ្ឋ​អតីត​អ្នក​រស់​នៅ​លើ​គំនរ​សំរាម​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ដែលបច្ចុប្បន្ន​កំពុង​តែ​រស់​នៅ​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល។

0:00 / 0:00

គម្រោង​ផ្ទេរ​ការ​គ្រប់គ្រង​ដី​កសិកម្ម​នេះ គឺ​ដើម្បី​ឲ្យ​អ្នក​ស្រុក​មាន​ចំណេះ​ដឹង​ពី​របៀប​គ្រប់គ្រង និង​ដាំ​ដុះ​ដំណាំ​ដោយ​ភាព​ជា​ម្ចាស់​ការ​ខ្លួន​ឯង ដែល​អាច​រក​ប្រាក់​ចំណូល​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន។

អតីត​ប្រជាពលរដ្ឋ​អ្នក​រស់​នៅ​លើ​គំនរ​សំរាម​ស្ទឹង​មានជ័យ​ជា​ច្រើន​គ្រួសារ ដែល​បាន​ស្ម័គ្រ​ចិត្ត​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​ជិត​តំបន់​រមណីយដ្ឋាន​ភ្នំ​អដ្ឋរស្ស ឃុំ​ភ្នំបាត ស្រុក​ពញាឮ ខេត្ត​កណ្ដាល កាល​ពី​ឆ្នាំ​២០០៩ នោះ មក​ដល់​ឥឡូវ​នេះ មួយ​ចំនួន​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ជំនាញ​ផ្នែក​ដាំ​ដុះ​ដំណាំ​កសិកម្ម​ផ្សេងៗ ហើយ​និង​ពី​របៀប​ទាក់ទង​ស្វែង​រក​ទីផ្សារ​លក់​ផលិតផល​របស់​គេ។

កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​ថែ​រក្សា​សង្គ្រោះ​កុមារ​អន្តរជាតិ​អូស្ត្រាលី ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អាយស៊ីស៊ីអេ (ICCA) សហការ​ជាមួយ​និង​អង្គការ​លំនៅឋាន​កម្ពុជា (Habitat for Humanity of Cambodia)។

លោក លី សែនលឹម មន្ត្រី​គ្រប់គ្រង​កសិដ្ឋាន​នៃ​អង្គការ អាយស៊ីស៊ីអេ បាន​ឲ្យ​ដឹង​ថា ការ​ផ្ដួចផ្ដើម​ឲ្យ​មាន​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​ដាំ​ដុះ ពីព្រោះ​បាន​ឃើញ​ថា ប្រជាពលរដ្ឋ​ដែល​បាន​មក​តាំង​ទីលំនៅ​ថ្មី​នៅ​តំបន់​ភ្នំ​អដ្ឋរស្ស ដែល​មាន​ចំនួន​បី​សហគមន៍ គឺ​សហគមន៍​ជីវិត​ថ្មី សហគមន៍​ជីវិត​ថ្មី​នៃ​ក្តី​សង្ឃឹម ហើយ​និង​សហគមន៍​តង់​ខៀវ ភាគ​ច្រើន​ពួក​គេ​មិន​សូវ​មាន​មុខ​របរ​ធ្វើ​សម្រាប់​ចិញ្ចឹម​ជីវិត​ទេ។

លោក អ៊ីវ បុណ្ណាការ មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លំនៅឋាន​ប្រចាំ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ដោយ​ឃើញ​បញ្ហា​នោះ អង្គការ​ទាំង​ពីរ​នេះ​បាន​សហការ​គ្នា​បង្កើត​ជា​កសិដ្ឋាន​ដែល​មាន​ផ្ទៃ​ដី​ចំនួន ២​ហិកតារ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​អ្នក​តាំង​ទី​លំនៅ​ថ្មី​ដែល​មិន​មាន​ការងារ​ធ្វើ បាន​មក​ស៊ី​ឈ្នួល​ដាំ​ដំណាំ​ផង និង​បាន​រៀន​យក​ជំនាញ​ផ្នែក​ដាំ​ដុះ​នេះ​ផង។

លោក អ៊ីវ បុណ្ណាការ៖ «កន្លង​មក​យើង​ធ្លាប់​បាន​បណ្ដុះបណ្ដាល​ខ្លះ​ដែរ​ពី​ជំនាញ​ធ្វើ​សាប៊ូ គឺ​មាន​គ្រួសារ​មួយ​ចំនួន​ដែល​គាត់​មាន​ការ​ប្ដេជ្ញា​ចិត្ត គាត់​បាន​ធ្វើ​សាប៊ូ​ហ្នឹង​លក់​ឲ្យ​អង្គការ​មួយ​នៅ​ទីក្រុង​ភ្នំពេញ ឯ​ណេះ​ជា​រៀង​រាល់​ខែ គាត់​ផ្គត់ផ្គង់​ទៅ ក៏​គាត់​បាន​ចំណូល​ពី​ការ​ធ្វើ​សាប៊ូ​របស់​គាត់​ដែរ»

លោក លី សែនលឹម មន្ត្រី​គ្រប់គ្រង​កសិដ្ឋាន​នៃ​អង្គការ អាយស៊ីស៊ីអេ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា អ្នក​ដែល​មក​តាំង​ទី​លំនៅ​ថ្មី​នៅ​ទី​នេះ​មាន​ជា​ច្រើន​រយ​គ្រួសារ ប៉ុន្តែ​អង្គការ​មាន​លទ្ធភាព​ជួយ​បណ្ដុះបណ្ដាល​ការងារ​កសិកម្ម ឬ​មក​ស៊ី​ឈ្នួល​នៅ​ក្នុង​កសិដ្ឋាន​របស់​អង្គការ​បាន​តែ​ជាង ២០​គ្រួសារ​ទេ។

លោក​បាន​បន្ត​ថា ពួកគេ​ដែល​បាន​មក​ធ្វើ​ជា​កម្មករ​ដាំ​បន្លែ​ផ្សេងៗ​នោះ គឺ​ទទួល​កម្រៃ​ក្នុង​មួយ​ថ្ងៃ​ចំនួន ១០.០០០​រៀល (មួយ​ម៉ឺន) ឬ​លើស​ពី​នេះ។ តាម​រយៈ​ការងារ​នោះ រហូត​មក​ដល់​ពេល​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ស្រុក​ដែល​ទទួល​ការ​បណ្ដុះបណ្ដាល​នោះ បាន​កែប្រែ​ជីវភាព​ជា​បណ្ដើរៗ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ទៀត​ថា ដោយ​បាន​ឃើញ​យ៉ាង​ដូច្នោះ អង្គការ អាយស៊ីស៊ីអេ និង​អង្គការ​លំនៅឋាន​បាន​មាន​គម្រោង​នឹង​ផ្ទេរ​កិច្ចការ​គ្រប់គ្រង​កសិដ្ឋាន​នេះ​ទាំង​ស្រុង​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ទាំង​នោះ ដើម្បី​ឲ្យ​គេ​រៀន​ធ្វើ​ការងារ​នោះ​ដោយ​ខ្លួន​ឯង ទាំង​ការ​ប្រើ​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​ដាំ​ដំណាំ ទាំង​ការ​ទាក់ទង​អតិថិជន ឬ​ស្វែង​រក​ទីផ្សារ​លក់​ជាដើម។

លោក លី សែនលឹម៖ «ឲ្យ​គាត់​ចេះ​ចុះ​បញ្ជី គាត់​ដឹង​ពី​ចំណូល​ចំណាយ។ ឧទាហរណ៍​ថា ដូច​នៅ​ខែ​ហ្នឹង ចំណូល​ពី​បន្លែ​សរុប​ប៉ុន្មាន ចំណូល​ពី​មៀន​ប៉ុន្មាន ហើយ​ចំណាយ​ទៅ​លើ​ពលកម្ម​អស់​ប៉ុន្មាន?អ៊ីចឹង​ចេះ​គិតគូរ​រឿង​ហ្នឹង។ ដល់​ថ្ងៃ​ណា​មួយ​ដែល​យើង​គិត​ថា ពួកគាត់​រឹង​ដៃ​រឹង​ជើង គាត់​អាច​ធ្វើ​ខ្លួន​គាត់​បាន​ហើយ យើង​ផ្ទេរ​ការ​គ្រប់គ្រង​ហ្នឹង​ទៅ​ឲ្យ​គាត់​តែម្ដង។ អា​ហ្នឹង​បាន​ន័យ​ថា មិន​ទាន់​ឈាន​ដល់​ការ​ផ្ទេរ​ដី​ផ្ទេរ​អី​ទៅ​ឲ្យ​គាត់​ទេ»

ទាក់ទង​ទៅ​នឹង​ការ​បម្រុង​ផ្ទេរ​ការ​គ្រប់គ្រង​ការងារ​កសិដ្ឋាន​របស់​អង្គការ អាយស៊ីស៊ីអេ និង​អង្គការ​លំនៅឋាន​នេះ ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ទាំង​បី បាន​សំដែង​ក្ដី​រីករាយ​សប្បាយ​ចិត្ត​ផង​ដែរ ពីព្រោះ​គេ​យល់​ថា បើ​បាន​ដូច្នោះ​មែន​នោះ គឺ​ពួកគេ​នឹង​កាន់​តែ​មាន​ចំណេះ​ដឹង​បន្ថែម​ទៀត សម្រាប់​ការ​រក​ប្រាក់​ចំណូល​មក​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ។

ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អ្នក​តាំង​ទី​លំនៅ​ថ្មី ស្ត្រី​មួយ​រូប​ឈ្មោះ មុនី បាន​បញ្ជាក់​ថា សព្វថ្ងៃ​នេះ​គាត់​កំពុង​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​អង្គការ អាយស៊ីស៊ីអេ អំពី​របៀប​ដាំ​ដំណាំ ពី​របៀប​រក​ទីផ្សារ​លក់ និង​ពី​របៀប​គ្រប់គ្រង​ផ្សេងៗ​ទៀត​នៅ​ក្នុង​កសិដ្ឋាន​នេះ។

ស្ត្រី​ដដែល​បាន​បន្ត​ថា កាល​ពី​មុន​ដែល​គាត់​រស់​នៅ​ឯ​ភ្នំពេញ មិន​មាន​ផ្ទះ​នៅ​ទេ ហើយ​ក៏​មិន​ដឹង​រក​ការងារ​អ្វី​ធ្វើ​បាន​ដែរ ដែល​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​មាន​ការ​លំបាក​ខ្លាំង។ ប៉ុន្តែ​នៅ​ពេល​ដែល​គ្រួសារ​គាត់​បាន​ប្ដូរ​មក​នៅ​ទីតាំង​ថ្មី​ក្នុង​តំបន់​ភ្នំ​អដ្ឋរស្ស​នេះ គឺ​គ្រួសារ​គាត់​មាន​ជីវិត​រស់​នៅ​បាន​ប្រសើរ​ជាង​មុន​ឆ្ងាយ ដោយសារ​តែ​គាត់​ចេះ​ពី​ជំនាញ​ដាំដុះ និង​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​ទាំង​ពីរ។

ស្ត្រី មុនី៖ «គេ​បង្រៀន​យើង​ឲ្យ​ចេះ​គ្រប់​គ្នា​នៅ​កន្លែង​ការដ្ឋាន​ហ្នឹង។ ដូច​ការ​លក់​បន្លែ​ហ្នឹង​ត្រូវ​មាន​ចេះ​បន្ត​អ៊ីចឹង។ បើ​មួយ​ឈឺ​មាន​មួយ​ទៀត​ជំនួស គឺ​ធ្វើ​បាន​ទាំង​អស់។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដូច​ថា​យើង​មាន​លុយ​ទប់​ទល់​ជីវភាព​គ្រួសារ​បាន»

បញ្ជាក់​ប្រាប់​ស្រដៀង​គ្នា​នេះ​ដែរ បុរស​មួយ​រូប​ឈ្មោះ អ៊ឹង សុផល អតីត​អ្នក​ភូមិ​ដី​ក្រហម បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្នុង​សហគមន៍​តង់​ខៀវ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សហគមន៍​ជីវិត​ថ្មី បាន​ឲ្យ​ដឹង​ថា កាល​ពី​ត្រូវ​បាន​ក្រុមហ៊ុន សេវេន អែនជី (7NG) គេ​បណ្ដេញ​ចេញ​ពី​ភ្នំពេញ ហើយ​មក​រស់​នៅ​ក្នុង​តង់​ខៀវ​ថ្មីៗ​នោះ គឺ​គ្រួសារ​គាត់​មាន​ជីវភាព​យ៉ាប់យ៉ឺន​ខ្លាំង ពីព្រោះ​មិន​អាច​រក​ការងារ​ណា​មួយ​ធ្វើ​បាន​ទេ ហេតុ​ដូច្នោះ​ហើយ នៅ​ពេល​នោះ​គាត់​ត្រូវ​ចាក​ចេញ​ពី​គ្រួសារ​ទៅ​នៅ​ខេត្ត​ឆ្ងាយ ដូច​ជា​ខេត្ត​បាត់ដំបង ជាដើម ដើម្បី​ទៅ​ស៊ី​ឈ្នួល​បេះ​ពោត​ឲ្យ​គេ ឬ​ធ្វើ​ការងារ​ផ្សេងៗ​ទៀត។

បុរស​រូប​នោះ​បាន​បន្ត​ថា ការ​ទៅ​រក​ការងារ​ធ្វើ​នៅ​ឆ្ងាយ​ពី​ផ្ទះ គឺ​បាន​កម្រៃ​មក​ផ្គត់ផ្គង់​តែ​មួយ​ពោះ​ខ្លួន​ឯង ជួនកាល​រក​តែ​ប្រាក់​ជិះ​រថយន្ត​មក​ផ្ទះ​វិញ​ស្ទើរ​ពុំ​បាន។ ប៉ុន្តែ​ឥឡូវ​នេះ គាត់​មាន​ការងារ​ធ្វើ​នៅ​ក្នុង​កសិដ្ឋាន​របស់​អង្គការ ដោយ​ដាំ​បន្លែ ហើយ​គេ​ជួយ​បង្រៀន​ពី​បច្ចេកទេស​ដាំ​ដុះ​ថែម​ទៀត​នោះ គឺ​គាត់​អាច​បាន​កម្រៃ​ទៅ​ទប់ទល់​ជីវភាព​បាន​ខ្លះៗ៖ «អាច​ជួយ​បាន ពីព្រោះ​យើង​មាន​ការងារ​ធ្វើ​នៅ​ក្នុង​នេះ​រាល់​ថ្ងៃ។ វា​គ្រាន់​បើ​ជាង​ហើយ​យើង​នៅ​ជិត​ផ្ទះ»

ទាក់ទង​នឹង​ការ​បង្ហាត់​បង្រៀន​ជំនាញ​ដាំ​ដំណាំ​បន្លែ​ក្តី ឬ​បង្រៀន​ពី​ការ​គ្រប់គ្រង​កសិដ្ឋាន​ក្តី ដែល​អង្គការ អាយស៊ីស៊ីអេ និង​អង្គការ​លំនៅឋាន​បាន​ជួយ ហើយ​ថា​នឹង​ផ្ទេរ​ទៅ​ឲ្យ​អ្នក​ស្រុក​ក្នុង​សហគមន៍​រៀន​គ្រប់គ្រង​កសិដ្ឋាន​ដោយ​ខ្លួន​ឯង​នោះ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ថ្មី​ទាំង​បី​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល នោះ បាន​បញ្ជាក់​ប្រាប់​ប្រហាក់ប្រហែល​គ្នា​ថា ពួក​គាត់​មាន​ក្តី​សោមនស្ស​រីករាយ ហើយ​ថា​នឹង​អាច​មាន​សមត្ថភាព​ធ្វើ​ការងារ​នោះ​ដោយ​ខ្លួន​ឯង​បាន។

ប្រជាពលរដ្ឋ​ដដែល​បាន​បន្ត​ថា ការ​ជួយ​ផ្ដល់​ចំណេះ ជំនាញ ឬ​ផ្ដល់​មុខ​របរ​ឲ្យ​គេ​មាន​ការងារ​ធ្វើ ដូច​ជា​អង្គការ អាយស៊ីស៊ីអេ និង​អង្គការ​លំនៅឋាន បាន​ជួយ​ជា​ដើម​នេះ គឺ​ជា​ក្ដី​ប្រាថ្នា​របស់​អ្នក​សហគមន៍​ថ្មី ពីព្រោះ​កាល​ណា​បើ​គេ​មាន​ជំនាញ​ច្បាស់លាស់​ណា​មួយ​ហើយ ហើយ​មាន​មុខ​របរ​ធ្វើ​ពិត​ប្រាកដ​នោះ ពួកគេ​រំពឹង​ថា យ៉ាង​ហោច​ណាស់​ទៅ​ថ្ងៃ​មុខ​គេ​អាច​រក​ប្រាក់​ចំណូល​ជួយ​លើក​កម្ពស់​ជីវភាព​គ្រួសារ​បាន​មួយ​កម្រិត។

ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​បោះ​ទី​តាំង​ថ្មី​នៅ​តំបន់​ភ្នំ​អដ្ឋរស្ស ស្រុក​ពញាឮ ខេត្ត​កណ្ដាល នោះ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ពួកគេ​ទាំង​អស់​គ្នា​នេះ​គឺ​ជា​អតីត​អ្នក​រស់​នៅ​លើ​គំនរ​សំរាម​ស្ទឹងមានជ័យ ហើយ​និង​ជា​អតីត​អ្នក​ភូមិ​ដី​ក្រហម​ដែល​ត្រូវ​បាន​ក្រុមហ៊ុន សេវេន អែនជី គេ​បណ្ដេញ​ចេញ​ពី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០៩ បាន​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ទី​ជម្រក និង​មិន​មាន​ការងារ​ធ្វើ។

មន្ត្រី​អង្គការ​លំនៅឋាន និង​អង្គការ អាយស៊ីស៊ីអេ បាន​បញ្ជាក់​ប្រាប់​ដែរ​ថា អង្គការ​ទាំង​ពីរ​នេះ​បាន​សហការ​គ្នា​ជួយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ថ្មី​នៅ​តំបន់​ភ្នំ​អដ្ឋរស្ស ស្រុក​ពញាឮ ខេត្ត​កណ្ដាល នោះ ដោយ​បាន​ជួយ​សង់​ផ្ទះ​បង់​រំលោះ​ក្នុង​តម្លៃ​ថោក ហើយ​និង​ជួយ​ឲ្យ​មាន​អណ្ដូង​ទឹក​អនាម័យ​ប្រើប្រាស់ និង​ជួយ​បង្កើត​នូវ​មុខ​របរ​កសិកម្ម​ដូច​ដែល​គេ​កំពុង​តែ​ធ្វើ​សព្វ​ថ្ងៃ​នេះ​ជាដើម។ រី​ឯ​គោល​បំណង​ក្នុង​ការ​ជួយ​ទាំង​ប៉ុន្មាន​នោះ​ជា​សំខាន់ គឺ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។