មន្ត្រីជំនាញកម្ចាត់ជំងឺរបេងបានអះអាងថា ក្រសួងសុខាភិបាលកំពុងតែអនុវត្តផែនការយុទ្ធសាស្ត្រកាត់បន្ថយជំងឺរបេងឲ្យធ្លាក់ចុះជាអតិបរមា នៅក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ ដោយសារតែជំងឺរបេងកំពុងតែរីករាលដាលគួរឲ្យព្រួយបារម្ភនៅឡើយ។
ក្រសួងសុខាភិបាល ជាពិសេសមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺរបេង និងហង់សិន ត្រូវការថវិកាជំនួយចំនួនជាង ២០លានដុល្លារអាមេរិកក្នុងមួយឆ្នាំសម្រាប់រយៈពេល ៥ឆ្នាំនោះ គឺចំណាយលើការទិញឱសថល្អៗ ការទិញបរិក្ខារពេទ្យ ឧបករណ៍ធ្វើរោគវិនិច្ឆ័យ ការកសាងសមត្ថភាពគ្រូពេទ្យជំនាញ ការអនុវត្តកម្មវិធីអប់រំប្រជាពលរដ្ឋនៅតាមសហគមន៍ និងកម្មវិធីអប់រំផ្សេងៗទៀត។
ម្ចាស់ជំនួយថវិកាកន្លងមក គឺមានអង្គការមូលនិធិសាកល (Global Fund) អង្គការសុខភាពពិភពលោក (WHO) ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) អង្គការចាយកា (Jica) របស់ជប៉ុន និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ព្រមទាំងអង្គការដទៃទៀត។
ប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺរបេង និងហង់សិន នៃក្រសួងសុខាភិបាល លោក ម៉ៅ តាំងអេង បានមានប្រសាសន៍ថា ជំងឺរបេងនៅតែគំរាមកំហែងអាយុជីវិតប្រជាពលរដ្ឋនៅតាមសហគមន៍នៅឡើយ៖ «ថ្មីៗនេះមានការរៀបចំប្រជុំស្ដីពីការណែនាំ ស្ដីពីទិសដៅសម្រាប់ឆ្នាំ២០១២ ហ្នឹង ជាបណ្ដើរៗហើយ ឲ្យមន្ត្រី និងអ្នកបម្រើការងាររបេងលំដាប់ថ្នាក់របស់យើង ដើម្បីឲ្យខិតខំស្រាវជ្រាវរកករណីជំងឺរបេង»។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ អៀង គង្គា នៅឃុំក្វាវ ស្រុកទ្រាំង ខេត្តតាកែវ បាននិយាយថា នៅឃុំក្វាវ មានអ្នកកើតជំងឺរបេងចំនួន ២នាក់ គឺបុរសម្នាក់ និងស្ត្រីម្នាក់។
លោកមិនមានការរើសអើងទេ ប៉ុន្តែលោកខ្លាចមេរោគរបេងឆ្លងតាមរយៈកំហាក ការនិយាយទាក់ទង និងហូបបាយជាមួយ៖ «ជំងឺរបេងនេះហើយ គឺជាជំងឺដ៏រ៉ាំរ៉ៃ ហើយក៏ជាជំងឺមួយប្រចាំកាយទុកក្នុងសុខភាពយើង មិនមានកម្លាំងមាំមួន ដើម្បីបញ្ចេញកម្លាំងពលកម្ម ធ្វើការរករបរកស៊ីអ្វីមិនបាន ជាប់ដូចគេដូចឯងទេ។ ដូចយើងដឹងហើយ ជំងឺរបេងជាជំងឺស៊ីរូងក្នុង»។
លោក ម៉ៅ តាំងអេង បានបញ្ជាក់ថា ឱសថ និងការពិនិត្យកំហាកដើម្បីធ្វើរោគវិនិច្ឆ័យជំងឺរបេងគឺមិនយកកម្រៃទេ។ បច្ចុប្បន្នមានគ្រូពេទ្យជំនាញព្យាបាលអ្នកជំងឺរបេងចំនួនជាង ៣.០០០នាក់ និងមានអ្នកស្ម័គ្រចិត្តចំនួនជាង ៣០.០០០នាក់ទៀត។ មានមណ្ឌលសុខភាពបង្អែកចំនួន ១.០៨០កន្លែងនៅទូទាំងប្រទេសកម្ពុជា សម្រាប់ការព្យាបាលអ្នកកើតជំងឺរបេងនេះ។
របាយការណ៍របស់មជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺរបេងបានឲ្យដឹងថា នៅឆ្នាំ២០១១ កន្លងទៅនេះ ជំងឺរបេងបានសម្លាប់ប្រជាពលរដ្ឋចំនួនជិត ៣០០នាក់ និងមានអ្នកកើតជំងឺរបេងចំនួនជាង ៤២.០០០នាក់។
កាលពីឆ្នាំ២០១០ ជំងឺរបេងបានសម្លាប់ប្រជាពលរដ្ឋចំនួនជិត ៣០០នាក់ដែរ និងមានអ្នកកើតជំងឺរបេងចំនួន ៤១.៦០០នាក់៕
