មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាបានសម្រេចពន្យារពេលក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព មានដូចជាកងវិស្វកម្ម និងកងដោះមីន សរុបជាង ២០០នាក់ រហូតដល់ខែកញ្ញា ឬខែតុលាខាងមុខ ដោយសារមូលហេតុភាគីអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលលីបង់ នៅមិនទាន់រៀបចំរួចស្រេចនៅឡើយក្នុងការទទួលកងកម្លាំងរបស់កម្ពុជា។
ប្រទេសកម្ពុជាកាលពីដើមឡើយមានផែនការបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួនជាង ២០០នាក់ នៅចុងខែកក្កដានេះ តាមសំណើរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) សម្រាប់បេសកកម្មរយៈពេល ១ឆ្នាំ នៅក្នុងប្រទេសលីបង់។ កងកម្លាំងទាំងនោះមានដូចជា កម្លាំងវិស្វកម្មសាងសង់អគារ ផ្លូវថ្នល់ និងស្ពានចំនួនជាង ១៥០នាក់ ព្រមទាំងកងកម្លាំងដោះមីនដោយគ្រឿងចក្រ និងដៃ ចំនួន ៥០នាក់ទៀត។
ប្រធានគណៈកម្មការជាតិសម្របសម្រួលកិច្ចការងារបញ្ជូនកម្លាំងទៅចូលរួមថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ លោក បា្រក់ សុខុន បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅឯទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៧ ខែកក្កដាថ្មីៗនេះថា ៖ «តាមពិតទៅ ត្រូវបញ្ជូនទៅនៅចុងខែ៧នេះ ប៉ុន្តែដោយសារតែការរៀបរយមិនទាន់ស្រួលនៅឯប្រទេសលីបង់ ដោយសារតែភាគីអ.ស.ប.ទេ មិនមែនមកពីកំហុសរបស់យើងទេ។ គឺដោយសារតែការរៀបរយផ្លាស់ប្ដូរកម្លាំងមិនទាន់បានរលូននៅប្រទេសលីបង់នោះ គឺអាចពន្យាររហូតដល់ខែ៩ ឬដល់ខែ១០»។
គម្រោងការក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជាទៅប្រទេសលីបង់នោះ គឺជាលើកដំបូង ក្រោយពីកម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពដូចគ្នានេះកន្លងមក ទៅកាន់ប្រទេសឆាត អាហ្វ្រិកកណ្ដាល កាលពីឆ្នាំ២០០៩ និងបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់ប្រទេសស៊ូដង់ចំនួន ៥លើកតាំងពីឆ្នាំ២០០៦មក។
តំណាងអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា លោក ហ្សង់ផ្ជែរ ឌឺម៉ាហ្គឺរី (Jean-Pierre de Margerie) នៅក្នុងពិធីស្វាគមន៍ក្រុមដោះមីនកម្ពុជាមកពីប្រទេសស៊ូដង់ កងពលលេខ៥០១ កាលពីថ្ងៃទី២២ ខែមិថុនាថ្មីៗនេះ បានមានប្រសាសន៍នៅក្នុងសុន្ទរកថាដូច្នេះថា បើសិនណាយើងគ្មានសារប្រយោជន៍ទេនោះ គឺគ្មាននរណាម្នាក់មកពឹងយើងទេ។ បេសកកម្មរបស់យើងគឺដើម្បីបំពេញការងារក្រោមក្រមសីលធម៌របស់អន្តរជាតិ សម្រាប់មនុស្សជាតិទាំងអស់ និងសន្តិភាព។
ប្រទេសកម្ពុជាត្រូវគេបានកត់សម្គាល់ថា ជាប្រទេសធ្លាប់បានឆ្លងកាត់សង្គ្រាមក្នុងស្រុកហែកហួរគ្នាតាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក ហើយបានរងគ្រោះដោយសារគ្រាប់មីនជាច្រើនលានគ្រាប់ និងជាប្រទេសធ្លាប់បានទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កាលពីទសវត្សរ៍ឆ្នាំ១៩៩០កន្លងទៅ៕
