ក្រុម​ជំនាញ​នៅ​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​របស់​មេ​ប៉ូលិស​នៅ​ឡើយ

2008-11-11

មន្រ្តី​ជំនាញ​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា​ថា ក្រុម​អ្នក​ជំនាញ​ត្រូវការ​ទិន្នន័យ​ជា​ច្រើន​ទៀត​ដើម្បី​ឈាន​ទៅ​រក​ការ​សន្និដ្ឋាន​បាន​ជាក់​លាក់​អំពី​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​ប្រភេទ​ឧទ្ធម្ភាគចក្រ​ដែល​បណ្តាល​ឲ្យ​ស្លាប់​ឧត្តមសេនីយន៍​ប៉ូលិស​ផ្កាយ​៤​និង​ឧត្តមសេនីយ៍​យោធា​ផ្កាយ​៣ កាល​ពី​ថ្ងៃ​ទី​៩ វិច្ឆិកា កន្លង​ទៅ។

លោក សយ សុខាន់ អនុរដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រសួង​លោក​មាន​គម្រោង​សរសេរ​លិខិត​ទៅ​ក្រុមហ៊ុន​ផលិត​យន្តហោះ​នៅ​ប្រទេស​បារាំង​និង​ក្រុមហ៊ុន​ដែល​គូស​ប្លង់​យន្តហោះ​ដើម្បី​បាន​ទទួល​ព័ត៌មាន​បន្ថែម​ទៀត​មុន​ពេល​ចេញ​ផ្សាយ​របាយការណ៍​ផ្លូវការ​អំពី​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​កាល​ពី​ថ្ងៃ​ទី​៩ វិច្ឆិកា កន្លង​ទៅ។

លោក សយ សុខាន់ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «យើង​សន្និដ្ឋាន​ដំបូង តាម​ជំនាញ​ហ្នឹង គាត់​ក៏​មិន​ហ៊ាន​សន្និដ្ឋាន​ថា វា​បណ្ដាល​មក​ពី​ហេតុអ្វី​ដែរ គាត់​គ្រាន់​តែ​បញ្ជាក់​នៅ​ក្នុង​នេះ​ហ្នឹង​ថា នៅ​ពេល​ដែល​ហោះ​ហើរ គឺ​អាកាសធាតុ​អាក្រក់​ណាស់ ភ្លៀង​ធ្លាក់​ខ្លាំង មាន​រន្ទះ​មាន​អី​អ៊ីចឹង​ទៅ ប៉ុន្តែ​យើង​ខាង​ជំនាញ មិន​ទាន់​មាន​ការ​សន្និដ្ឋាន​ជាក់​លាក់​ណា​មួយ​ទេ អ៊ីចឹង​យើង​រង់ចាំ​ព័ត៌មាន​មួយ​ចំនួន ដែល​យើង​ប្រមូល​ថែម​ទៀត។ ដូច​ខ្ញុំ​បាន​ជម្រាប​អ៊ីចឹង​ថា ឥឡូវ​នេះ ព័ត៌មាន​ដែល​យើង​ប្រមូល​ពី​កន្លែង​កើតហេតុ​បាន​ហើយ។ ព័ត៌មាន​ដែល​យើង​ប្រមូល​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​ជា​សាក្សី​ហ្នឹង​បាន​ហើយ ហើយ​និង​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​កន្លែង​ទីបញ្ជា​ហោះហើរ​នៅ​ភ្នំពេញ​នេះ ក៏​យើង​ប្រមូល​យក​បាន​ដែរ សម្ដី​រវាង​អាកាស​យានិក ជាមួយ​នឹង​អ្នក​បញ្ជា​ហោះហើរ។ អ៊ីចឹង​យើង​នៅ​ប្រមូល​យក​ឯកសារ​មួយ​ចំនួន​ដែល​ទាក់ទង​នៅ​ក្រុមហ៊ុន មួយ​ចំនួន​ទាក់ទង​នៅ​ប្រទេស​ផលិត​និង​ប្រទេស design ទៀត»

លោក សយ សុខាន់ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា តាម​របាយការណ៍​ដែល​លោក​ទទួល​បាន​គឺ​យន្តហោះ​បាន​ចេញ​ពី​ភ្នំពេញ​នៅ​ម៉ោង​៧​និង​១២​នាទី​យប់ ហើយ​បាន​ធ្លាក់​ក្រោយ​ពី​បាន​ហោះ​ចេញ​ទៅ​បាន ៣៨​នាទី​ក្រោយ​មក។

លោក សយ សុខាន់ ថ្លែង​បន្ថែម​ដូច្នេះ​ទៀត​ថា ៖ «ក្រោយ​ពី​ធ្វើការ​ហោះហើរ​បាន​ប្រមាណ ៣៨​នាទី​មក ក៏​ជួប​ប្រទះ​នូវ​ឧបសគ្គ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ​តែ​ម្ដង។ ហើយ​ម្យ៉ាង​នៅ​តាម​ផ្លូវ​ហោះ ពី​ភ្នំពេញ​ទៅ​បាវិត​ហ្នឹង គឺ​តែង​មាន​ភ្លៀង​រហូត កន្លែង​ខ្លះ​ភ្លៀង​ធំ កន្លែង​ខ្លះ​ភ្លៀង​តិច​អ៊ីចឹង​ទៅ។ អ៊ីចឹង​នៅ​ពេល​ដែល​ធ្លាក់​ហ្នឹង ខាង​អាកាសចរណ៍​ស៊ីវិល​ពុំ​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ​ទេ»

បើ​ទោះ​បី​ជា​មិន​ទាន់​ចេញ​ផ្សាយ​របាយការណ៍​ផ្លូវការ​អំពី​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នោះក៏​ដោយ តែ​លោក ម៉ៅ ហាវណ្ណាល់ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​បាន​មាន​ប្រសាសន៍​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ម៉ាស៊ីន​យន្តហោះ​ដើរ​មិន​ស្រួល​បាន​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆេះ ជា​មូលហេតុ​ដែល​បណ្តាល​ឲ្យ​យន្តហោះ​ធ្លាក់។

ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ប្រភេទ Squirrel កាល​ពី​ថ្ងៃ​ទី​៩ វិច្ឆិកា កន្លង​ទៅ នៅ​ភូមិ​ព្រៃ​ចៀវ ឃុំ​កំពង់ចក ស្រុក​រំដួល ខែត្រ​ស្វាយរៀង បាន​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​ដែល​ជិះ​លើ​នោះ​ស្លាប់ ក្នុង​នោះ​មាន​លោក​ឧត្តមសេនីយ៍​អគ្គស្នងការ​ប៉ូលិស​ជាតិ​ផ្កាយ​៤ ហុក ឡងឌី លោក​ឧត្តមសេនីយ៍​យោធា​ផ្កាយ​៣ សុខ សាអែម និង​អ្នក​បើក​យន្តហោះ ២​នាក់​គឺ​លោក​សក្តិ​៥ ហ៊ន រដ្ឋា និង​លោក​សក្តិ​៤ ទេព សេដ្ឋា។

សព​លោក​ឧត្តមសេនីយ៍​អគ្គស្នងការ​ប៉ូលិស​ផ្កាយ​មាស​៤ ហុក ឡងឌី បាន​យក​មក​តម្កល់​នៅ​គេហដ្ឋាន​លោក​ក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី។ ហើយ​តាម​ប្រភព​មន្រ្តី​រដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា សព​លោក​ឧត្តមសេនីយ៍​យោធា​ផ្កាយ​បី មេបញ្ជាការ​រង​កងទ័ព​ជើង​គោក សុក សាអែម បាន​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​តម្កល់​ធ្វើ​បុណ្យ​នៅ​គេហដ្ឋាន​នៅ​ក្បែរ​ភ្នំ​ប្រសិទ្ធិ ក្នុង​ស្រុក​ឧដុង្គ ខែត្រ​កំពង់ស្ពឺ និង​សព​អាកាស​យានិក​ទាំង​ពីរ​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​លង្ការ ក្រុង​ភ្នំពេញ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ឲ្យ​ដឹង​ថា លោក​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ ហុក ឡងឌី ជាមួយ​លោក​ឧត្តមសេនីយ៍​ផ្កាយ​៣ សុក សាអែម ជា​មិត្រភក្តិ​ជិត​ដិត​ជា​មួយ​គ្នា ហើយ​មាន​ស្រុក​កំណើត​នៅ​ស្វាយរៀង​ជាមួយ​គ្នា​និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ការងារ​ជាមួយ​គ្នា​នៅ​ខែត្រ​ស្វាយរៀង។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «និយាយ​រួម ការ​សន្និដ្ឋាន​ដំបូង​គឺ​អាកាសធាតុ ដោយសារ​ហោះ​យប់ ធម្មតា​បើ​ពេល​ថ្ងៃ​អាច​រក​កន្លែង​ចុះ ដល់​ពេល​យប់​វា​រក​កន្លែង​ចុះ​មិន​ទាន់។ (លោក សាឯម និង លោក ហុកឡងឌី) គឺ​មិត្ត​ភក្ដិ​ទាំង​អស់ នៅ​ស្រុក​ជាមួយ​គ្នា ហើយ​ក៏​ចូល​ប្រយុទ្ធ​ជាមួយ​គ្នា ...ពី​ដើម​នៅ​ទាហាន​ជា​មួយ​គ្នា ក្រោយ​មក​បង​ឌី មក​ធ្វើ​លេខា​ខេត្ត បន្ទាប់​មក​ទៀត​បាន​មក​កាន់​ក្រុង​កាន់​អី រួច​បាន​កាន់​នគរបាល​តែ​ប៉ុណ្ណឹង។ ...​លោក សាឯម គាត់​នៅ​ស្រុក​ស្វាយរៀង​ដែរ»

លោក សុខ ផល អគ្គស្នងការ​រង​ប៉ូលិស​ជាតិ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា ឲ្យ​ដឹង​ថា គ្រោះថ្នាក់​កើត​ឡើង​ចំពោះ​លោក ហុក ឡងឌី ជា​ឧបទ្ទវហេតុ​ចៃដន្យ​ក្នុង​បេសកកម្ម​ទៅ​កាន់​ខែត្រ​ស្វាយរៀង ៖ «យើង​និយាយ​ខ្លី ជា​ឧប្បត្តិហេតុ​មួយ​ក្នុង​ពេល​បេសកកម្ម​របស់​គាត់»

ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ បាន​និយាយ​ប្រាប់​មន្រ្តី​អង្គការ​សិទ្ធិមនុស្ស អាដហុក ប្រចាំ​ខែត្រ​ស្វាយរៀង​ថា ប្រជាពលរដ្ឋ​បាន​ឃើញ​យន្តហោះ​បាន​បន្ទាប​ជា​លំដាប់​មុន​ពេល​ធ្លាក់​បុក​ដី​ហើយ​ផ្ទុះ​ឆេះ។

លោកស្រី កើត ផល្លី មន្រ្តី​អាដហុក​ខែត្រ​ស្វាយរៀង បាន​មាន​ប្រសាសន៍​អំពី​ការ​រៀបរាប់​របស់​ប្រជាពលរដ្ឋ​ថា ៖ «ពេល​យន្តហោះ ហោះ​ពី​លិច​មក​ហ្នឹង​វា​ទាប វា​ទាប​តាំង​ពី​ដូនស​ទៅ ទាប​ទៅៗ ក៏​វា​ទៅ​ធ្លាក់។ ធ្លាក់​នៅ​ក្នុង​ភូមិ​តែ​ម្ដង ស្រែ​ហ្នឹង​វា​ជាប់​ភូមិ ភូមិ​ហ្នឹង​គេ​មាន​របង​លួស​ព័ទ្ធ​ជុំវិញ ស្រែ​ខាង​ក្រោយ​ភូមិ ដល់​យន្តហោះ​ហ្នឹង​ធ្លាក់​ហើយ វា​ផ្ទុះ​ក្នុង​ទឹក ដល់​ផ្ទុះ​ក្នុង​ទឹក​រុល​ឡើង​មក​លើ​ភូមិ​តែ​ម្ដង នៅ​ចំ​កណ្ដាល​ភូមិ​តែ​ម្ដង ខ្ទាច​ចូល​មក​លើ​ភូមិ​តែ​ម្ដង ហើយ​វា​ដាច់​ម្ដុំៗ​ជា​បំណែក នៅ​សល់​តែ​កន្ទុយ​ទទេ​តែ​ម្ដង។ សាកសព​អត់​មាន​នៅ​មូល​មួយ​កន្លែង​ទេ អ្នក​ខ្លះ​ខ្ទាត​ទៅ​ខាង​ចែង​ភូមិ​ទៅ អ្នក​ខ្លះ​នៅ​កណ្ដាល​ភូមិ ខ្លះ​នៅ​ត្រង់​នេះ ត្រង់​នោះ​ទៅ»

លោក ហុក ឡងឌី ធ្លាប់​បាន​កាន់​តំណែង​ជាន់​ខ្ពស់​ជា​ច្រើន ដូច​ជា អភិបាល​ក្រុង​ភ្នំពេញ អភិបាល​ខេត្ត​ស្វាយរៀង និង​លោក​បាន​មក​គ្រប់គ្រង​ប៉ូលិស​ជាតិ ក្នុង​ឆ្នាំ​១៩៩៤​មក។

លោក​ជា​សមាជិក​គណៈអចិន្រ្តៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ដន្លង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ចំណែក​លោក សុខ សាឯម តាម​ជីវប្រវត្តិ​ដែល​មាន​ផ្សាយ​នៅ​ក្នុង​វ៉ឹបសាយថ៍​របស់​ក្រសូង​ការពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា លោក​មាន​ស្រុក​កំណើត​នៅ​ខែត្រ​ស្វាយរៀង និង​ចូល​បម្រើ​កងទ័ព​តាំង​ពី​ឆ្នាំ​១៩៧៨ និង​ធ្លាប់​បាន​សិក្សា​វិជ្ជា​យោធា រយៈពេល​៣​ឆ្នាំ នៅ​ប្រទេស​វៀតណាម៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ