កម្ពុជា​ប្រារព្ធ​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល

ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ បាន​ប្រារព្ធ​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល ក្រោម​ព្រះរាជ​អធិបតីភាព​របស់​ព្រះករុណា សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ។

0:00 / 0:00

អ្នក​ហោរាសាស្ត្រ​បាន​ទស្សន៍ទាយ​នៅ​ថ្ងៃ​សុក្រ ទី​២៣ ឧសភា​នេះ​ថា ប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ​នេះ​នឹង​ទទួល​បាន​ផល​ស្រូវ​ល្អ​បង្គួរ ៖ «ទូល​ព្រះបង្គំ​សូម​ព្រះរបម​រាជានុញ្ញាត​ទូលថ្វាយ​និង​ជម្រាប​ជូន​អំពី​ការ​ផ្សង​ប្រផ្នូល​តាម​រយៈ​គោ​ឧសភរាជ​ឲ្យ​បរិភោគ​អាហារ​ទាំង​៧​មុខ​ទៅ​តាម​តម្រ​ាពី​បរមបុរាណ​ហើយ​ដែល​គោ​ឧសបរាជ​បាន​បរិភោគ​អាហារ​ដូច​តទៅ ៖ ១ ស្រូវ​ទទួល​ផល​បាន​បង្គួរ ២ សណ្ដែក​ក្នុង​ឆ្នាំ​នេះ​ទទួល​ផល​បាន​មធ្យម ៣ ពោត​ក្នុង​ឆ្នាំ​នេះ​ទទួល​ផល​បាន​ល្អ»

ការ​ទស្សន៍ទាយ​នេះ​បាន​ធ្វើ​ឡើង​ដោយ​ព្រាហ្មណ៍​ព្រះរាជ​គ្រូ កង កេន ដែល​ផ្អែក​តាម​បរិមាណ​អាហារ​ដែល​គោ​ព្រះឧសភរាជ​បាន​បរិភោគ​ក្នុង​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល ក្រោម​រាជ​អធិបតីភាព​របស់​ព្រះរាជា​ខ្មែរ ព្រះបរមនាថ នរោត្ដម សីហមុនី ដែល​ប្រព្រឹត្ត​ទៅ​នៅ​វាល​ព្រះ​មេរុ ស្ថិត​នៅ​ជាប់​នឹង​ព្រះ​បរម​រាជវាំង ។

បន្ទាប់ពី​បាន​លែង​គោ​ព្រះឧសភរាជ​ឲ្យ​បរិភោគ​អាហារ​ទាំង​៧​មុខ​រួម​មាន ស្រូវ ពោត ល្ង សណ្ដែក ស្មៅ ទឹក និង​សុរា ដើម្បី​ផ្សង​ប្រផ្នូល​ពី​ទិន្នផល​នា​ពេល​ខាង​មុខ គេ​សង្កេត​ឃើញ​ថា គោ​ព្រះ​ឧសភរាជ បាន​បរិភោគ​អាហារ​បី​មុខ គឺ​បរិភោគ​ស្រូវ​បាន​ច្រើន​បង្គួរ ពោត​បាន​ច្រើន និង​សណ្ដែក​បាន​មធ្យម ។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន មាន​សេចក្ដី​សង្ឃឹម​ថា ឆ្នាំ​នេះ​ទិន្នផល​កសិកម្ម​នឹង​មាន​ភាព​ល្អ​ប្រសើរ ដូច​ទៅ​តាម​ការ​ទស្សន៍ទាយ​របស់​ព្រាហ្មណ៍​ព្រះរាជ​គ្រូ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ទិន្នផល​បាន​ល្អ​មិន​ល្អ​គឺ​អាស្រ័យ​លើ​កសិករ​និង​លទ្ធភាព​ទឹក​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ក៏​បាន​មាន​ប្រសាសន៍​ផងដែរ​ថា ក្រសួង​បាន​ជំរុញ​ឲ្យ​ប្រជាកសិករ​ធ្វើការ​ដាំ​ដុះ​ស្រូវ​ស្រាល​នា​ដើម​រដូវ​វស្សា​នេះ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់​ដើម្បី​បង្កើន​ទិន្នផល ។

លោក ច័ន្ទ សារុន បាន​មាន​ប្រសាសន៍​ថា ៖ «តែ​ទោះជា​យ៉ាងណា​ក៏ដោយ ខ្ញុំ​គិត​ថា​វា​នៅ​លើ​កសិករ កាលណា​មាន​ទឹក​គឺ​ធ្វើ​ហើយ ប៉ុន្តែ​បុណ្យ​ប្រព្រឹត្ត​ជា​ប្រពៃណី​ជា​ធម្មតា​យ៉ាង​ដូច្នេះ ។ ឥឡូវ​នេះ​គឺ​កំពុង​តែ​ភ្លៀង​ដើម​ឆ្នាំ​យ៉ាង​ដូច្នេះ ខ្ញុំ​កំពុង​ជំរុញ​ស្រូវ​ស្រាល​ដើម​រដូវ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ផលិតផល​កាន់តែ​កើន​ឡើង​ថែម​ទៀត»

នៅក្នុង​កិច្ច​ប្រារព្ធ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​នោះ អនុ​ប្រធាន​ទី​ពីរ​នៃ​ព្រឹទ្ធសភា លោក ទេព ងន គឺ​ជា​ស្ដេច​មាឃ ហើយ​ភរិយា​របស់​លោក​គឺ​ជា​មេហួ ហើយ​និង​មាន​អ្នក​មក​ទស្សនា​ការ​ប្រារព្ធ​រាជ​ពិធី​នោះ​ចំនួន​ជាង ១​ពាន់​នាក់ ។

ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ត្រូវ​បាន​ប្រារព្ធ​ជា​រៀងរាល់​ដើម​រដូវ​វស្សា​តាំងពី​បុរាណ​កាល​រៀង​មក ដើម្បី​បួង​សួង​សូម​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ឲ្យ​បាន​ច្រើន សម្រាប់​ការ​បង្ក​បង្កើន​ផល​កសិកម្ម និង​ធ្វើការ​ទស្សន៍ទាយ​ពី​ផល​ដែល​អាច​នឹង​ទទួល​បាន​នា​រដូវ​ខាង​មុខ ។

នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​នោះ មាន​ការ​ដាក់​តាំង​បង្ហាញ​ដល់​សាធារណ​ជន​នូវ​ផលិតផល​របស់​ក្រសួង​មួយចំនួន​រួម​មាន ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក្រសួង​បរិស្ថាន ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​ទេសចរណ៍ ។ ការ​តាំង​បង្ហាញ​ផលិតផល​ទាំង​នេះ នឹង​បន្ត​រយៈពេល​៧​ថ្ងៃ​ទៀត​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​មក​ទស្សនា ៕