លោក ខៀវ កាញារីទ្ធ មន្ត្រីនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី២៦ ខែមករានេះ ថា នៅដើមខែកុម្ភៈខាងមុខនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងចុះជួបសួរសុខទុក្ខកងទ័ពកំពុងបំពេញបេសកកម្មការពារទឹកដីនៅខ្សែត្រៀមជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ កំពុងមានជម្លោះ ទោះបីកាលពីពេលថ្មីៗនេះមានការប៉ះទង្គិចគ្នាដោយអាវុធជាថ្មីម្តងទៀតរវាងកងទ័ពការពារព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែមករា នៅចំណុចជាំតែស្ថិតក្នុងស្រុកជាំក្សាន្ត ឆៀងខាងកើតប្រាសាទព្រះវិហារប្រមាណ ២០គីឡូម៉ែត្រក៏ដោយ។
លោកបន្តថា វត្តមានរបស់ប្រមុខដឹកនាំរដ្ឋាភិបាលនៅព្រំដែនពេលនេះអាចជាការលើកទឹកចិត្តដល់កងទ័ពកម្ពុជានៅខ្សែត្រៀមជួរមុខឲ្យមានកម្លាំងចិត្តថែមទៀត ដើម្បីតទល់នឹងការឈ្លានពានពីប្រទេសណាមួយមកលើប្រទេសកម្ពុជាកើតឡើង។
លោក ខៀវ កាញារីទ្ធ បន្ថែមថា ៖ «គាត់នឹងអញ្ជើញទៅព្រំដែនមួយរយៈនៅដើមខែកុម្ភៈ ព្រោះឥឡូវស្ថានភាពមិនតឹងតែងមែន។ គាត់ទៅចង់មើលស្ថានភាពដែលប្រជាជនយើងទាំងអស់បានចំណាយលុយទៅកងទ័ពអស់អីចឹង សម្តេចចង់មើលវិញតើលទ្ធផលយ៉ាងម៉េច! អ្វីដែលប្រជាជនចំណាយពី ១រៀលដល់លានរៀលតើបានអីខ្លះ? ទី២ ចង់សួរអំពីកងទ័ពប្រឈមមុខអ្វីខ្លះ?»។
នៅថ្ងៃអង្គារ ទី២៦ ខែមករានេះ លោកឧត្តមសេនីយ៍ឯក ជា តារា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ដែលបានដឹកនាំកងទ័ពល្បាតតាមព្រំដែនមានប្រសាសន៍ដោយខ្លីថា បច្ចុប្បន្ននេះកងទ័ពកម្ពុជាប្រចាំការនៅតាមព្រំដែនបានពង្រឹងការប្រុងប្រយ័ត្នកាន់តែខ្លាំងថែមទៀតក្នុងការការពារ បូរណភាពទឹកដីអធិបតេយ្យកម្ពុជាដោយមិនធ្វេសប្រហែសឡើយ ដោយលោកឧត្តមសេនីយ៍បញ្ជាក់ថា ៖ «កំពុងប្រជុំលើភ្នំ»។
ទោះជាបែបណាក៏ដោយសភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីមានការផ្ទុះអាវុធកាលពីថ្ងៃអាទិត្យត្រូវបានលោក ខៀវ កាញារីទ្ធ មន្ត្រីនាំពាក្យរដ្ឋាភិបាលអះអាងថា ស្ថានការណ៍គឺស្ថិតនៅទ្រឹងធម្មតាដោយពុំមានបញ្ហាប្រឈមមុខដាក់គ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ ធ្វើឲ្យស្ថានការណ៍មានសភាពតានតឹងនោះទេ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បន្ថែមថា ៖ «មិនមានតឹងតែងអីទេ ដោយសារតែម្សិលម៉្ងៃហ្នឹងគ្រាន់តែរញ៉េរញ៉ៃបន្តិចប៉ុណ្ណឹងទេ។ យើងអាចទប់សភាពការណ៍មិនឲ្យដល់ថ្នាក់អាសន្នទេ»។
គួររំឭកថា ជម្លោះព្រំដែនកម្ពុជា-ថៃបានចាប់ផ្តើមកើតមានជាថ្មីនៅក្រោយពេលមួយសប្តាហ៍បន្ទាប់ពីអង្គការយូណេស្កូបានសម្រេចដាក់បញ្ជូលប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជាចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក (Quebec) ប្រទេសកាណាដា។ ចាប់ពីពេលនោះមកប្រទេសថៃបានបញ្ជូនកម្លាំងទ័ពមកដាក់ពង្រាយនៅតាមព្រំដែន និងបានចូលមកឈ្លានពានតំបន់មួយចំនួនក្នុងទឹកដីកម្ពុជា ជាពិសេសនៅបរិវេណវត្តកែវសិខាគិរីស្វរៈ ដែលរហូតមកដល់ពេលនេះនៅមិនទាន់ដកទ័ពចេញនៅឡើយ។
ការចូលមកឈ្លានពានរបស់កងទ័ពថៃនៅតាមព្រំដែនបានបង្កឲ្យកងទ័ពប្រទេសទាំងពីរមានការផ្ទុះអាវុធចំនួនបីលើក និងបានបណ្តាលឲ្យកងទ័ពប្រទេសទាំងពីរស្លាប់ និងរបួសជាច្រើននាក់៕
