មេធាវី​ហ៊ុនសែន​​ស្នើ​ឲ្យ​​តុលាការ​​​ចេញ​ដីកា​ស្ថាពរ​លើ​ករណី​មូរ សុខហួរ

មេធាវី​​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក គី តិច បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​៨ មិថុនា​នេះ​​ថា ក្នុង​សប្ដាហ៍​នេះ លោក​បាន​​ស្នើ​​ឲ្យ​តុលាការ​កំពូល​ចេញ​ដីកា​ស្ថាពរ​ឆាប់ៗ ដើម្បី​ឲ្យ​លោកស្រី មូរ សុខហួរ បង់​ប្រាក់ ក្រោយ​ពី​តុលាការ​នេះ​បាន​សម្រេច​សេចក្ដី​ឲ្យ​លោក ហ៊ុន សែន ឈ្នះ​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក គី តិច មាន​ប្រសាសន៍​ថា លោកស្រី មូរ សុខហួរ ត្រូវ​តែ​បង់​ប្រាក់ បន្ទាប់​ពី​សាលដីកា​ស្ថាពរ​នោះ បើ​មិន​ដូច្នេះ​ទេ លោកស្រី​នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ការ​ជាប់​ពន្ធនាគារ​ប្រហែល​ជា ៦​ខែ។

លោក គី តិច មាន​ប្រសាសន៍​ដូច្នេះ ៖ «ជំទាវ មូរ សុខហួរ គាត់​បាន​ប្រព្រឹត្ត​ខុស ហើយ​ត្រូវ​តុលាការ​វិនិច្ឆ័យ​សេចក្ដី ផ្ដន្ទា​ទោស​ពិន័យ​ជា​ប្រាក់ អ៊ីចឹង​ក្នុង​ករណី​នេះ​គឺ​ថា ជំទាវ មូរ សុខហួរ ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់ តាម​ការ​វិនិច្ឆ័យ​របស់​តុលាការ​ហើយ បើ​គាត់​មិន​បង់​ទេ គឺ​ថា ព្រះរាជ​អាជ្ញា​ត្រូវ​អនុវត្ត ដំណាក់​កាល​ទី​ពីរ គឺ​គេ​ហៅ​ថា អនុវត្ត​ដោយ​បង្ខំ លោក​ជំទាវ មូរ សុខហួរ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ»

កាល​ពី​ពេល​ថ្មីៗ​នេះ តុលាការ​កំពូល​បាន​សម្រេច​សេចក្ដី​តម្កល់​ការ​សម្រេច​នៅ​សាលាដំបូង រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​ថា ជា​ការ​កាត់​សេចក្ដី​ត្រឹមត្រូវ​ក្នុង​ការ​បញ្ជា​ឲ្យ​លោកស្រី មូរ សុខហួរ អ្នក​នយោបាយ​ស្ត្រី​ល្បីល្បាញ​របស់​គណបក្ស​ប្រឆាំង​សមរង្ស៊ី បង់​ប្រាក់​ចំនួន ១៦​លាន ៥សែន ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​លោកស្រី​ថា បាន​បរិហារ​កេរ្តិ៍​លោក។

លោកស្រី មូរ សុខហួរ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​៨ មិថុនា ថា លោកស្រី​នឹង​មិន​បង់​ប្រាក់​នោះ​ទេ ដោយសារ​តែ​លោកស្រី​គ្មាន​កំហុស ហើយ​ថា លោកស្រី​ត្រៀម​ខ្លួន​ចូល​គុក​បើ​មាន​ការ​ចាប់​ចង​លោកស្រី​មែន​នោះ។

លោកស្រី មូរ សុខហួរ បន្ថែម​ទៀត​ថា លោកស្រី​នឹង​លើក​យក​រឿង​ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា ជម្រាប​ជូន​លោក ស៊ូរីយ៉ា ស៊ូប៊ែឌី (Suriya Subedi) អ្នក​រាយ​ការណ៍​ពិសេស​ស្ដី​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា របស់​អង្គការ​សហ​ប្រជាជាតិ អំឡុង​ពេល​ដែល​លោក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា៕