ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ស្ថិតនៅភូមិអញ្ចាញ សង្កាត់អូរចារ ស្រុកបាត់ដំបង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃច័ន្ទ ៤ មករានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកថា ថ្ងៃ៧ មករា គឺជាថ្ងៃកំណើតទីពីររបស់ប្រជាពលរដ្ឋខ្មែរ ដែលគេគួរតែធ្វើបុណ្យរំឭកផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ ៖ «ថាអតីតកាល៣១ឆ្នាំហើយរំឭកធ្វើអី? ហើយចុះខ្លួនឯងធ្វើបុណ្យកំណើតធ្វើអី? និយាយអ៊ីចេះ។ ស្អី! Happy birthday to you អីឯណា អ្ហែងខំធ្វើៗអី? កំណើតខ្លួនឯងចេះរំឭក ចុះថ្ងៃរស់ហ្នឹងម៉េចមិនរំឭកផង? ប៉ុន្តែធុនហ្នឹងតិចតួចទេ។ បើសិនជាគេជាមនុស្សពិតប្រាកដ ហោចណាស់គេយល់ ទោះបីថាយ៉ាងម៉េចក៏ដោយ។ អ្នកដែលមិនធ្លាប់រងគ្រោះនៅកម្ពុជា គេបានចេញពីផុតពីកម្ពុជាក៏ដោយ ក៏ប៉ុន្តែគេមិនត្រូវភ្លេចថា មានសាច់ញាតិរបស់គេរស់នៅក្នុងប្រទេស។ ៧ មករា ហោចណាស់បានរំដោះបងប្អូនសាច់ញាតិរបស់គេឲ្យរស់រានមានជីវិត»។
ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា គឺនៅពេលដែលកងទ័ពវៀតណាមរាប់ម៉ឺននាក់បានឈ្លានពានចូលកាន់កាប់ប្រទេសកម្ពុជា បន្ទាប់ពីបានផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ ប៉ុល ពត អស់រយៈពេលជិត៤ឆ្នាំមកនោះ។
រហូតមកដល់ពេលនេះការខ្វែងគំនិតគ្នារវាងប្រជាពលរដ្ឋ្ម មន្ត្រីរាជការនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនៅតែកើតមានជាដដែល។ អ្នកខ្លះយល់ថា ព្រឹត្តិការណ៍ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកងទ័ពបរទេសឈ្លានពាន ជាថ្ងៃដែលប្រទេសកម្ពុជាបាត់បង់អធិបតេយ្យជាតិរបស់ខ្លួន។ រីឯអ្នកខ្លះទៀតយល់ថា គឺជាថ្ងៃរំដោះដែលកងទ័ពវៀតណាមបានជួយពួកគេឲ្យរួចផុតពីការសម្លាប់របស់ពួកខ្មែរក្រហម៕
