នាយក​រដ្ឋមន្ត្រី​ខ្មែរ​អំពាវនាវ​កុំ​ឲ្យ​ប្រទេស​នានា​ពឹង​អ.ស.ប.​រៀបចំ​ការបោះឆ្នោត

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ដែល​មាន​វិបត្តិ​កុំ​ឲ្យ​ពឹង​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ជួយ​រៀបចំ​ការបោះឆ្នោត​ដោយ​លោក​សំអាង​ថា ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​បណ្តោះ​អាសន្ន​អង្គការ​សហប្រជាតិ​នៅ​កម្ពុជា ឬ​ហៅ​ថា UNTAC នា​ឆ្នាំ​១៩៩៣​នោះ ថា​ជា​ការបោះឆ្នោត​ដោយ​លម្អៀង។

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​រិះគន់​យ៉ាង​ដូច្នេះ​នៅឯ​សន្និសីទ​អន្តរជាតិ​លើក​ទី​៩ ស្តីពី​សុខភាព​កម្ពុជា នា​ថ្ងៃ​ទី​៦ ខែ​តុលា​នេះ ៖ «ឥឡូវ​គណបក្ស​ប្រជាជន​រក្សា​របស់​អនុស្សាវរីយ៍​អ៊ុនតាក់ បោះឆ្នោត​ដ៏​ស្មោកគ្រោក​ជាង​គេ "អា"​អ៊ុនតាក់​ហ្នឹង​ហើយ គ្មាន​នរណា​ទៀត​ទេ។ ផ្ដាំ​ទៅ​ប្រទេស​នានា​លើ​ពិភពលោក បើ​មាន​ការ​អី​កុំ​ឲ្យ​អង្គការ​សហប្រជាជាតិ​ទៅ​ចាត់ចែង​បោះឆ្នោត "អា"​នេះ​ស្មោកគ្រោក វា​ចង់​ឲ្យ​"អា"​ណា​ឈ្នះ ចង់​ឲ្យ​"អា"​ណា​ចាញ់​ស្រេច​វា»

សូម​ជម្រាប​ថា លទ្ធផល​ការបោះឆ្នោត​នា​ឆ្នាំ​១៩៩៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​សំឡេង​គាំទ្រ​ក្នុង​លំដាប់​ទី​២ ហើយ​ពេល​នោះ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទទួល​បាន​ការគាំទ្រ​នាំមុខ​លំដាប់​ទី​១។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​រិះគន់​អំពី​ប្រសិទ្ធភាព​នៃ​ទឹក​ខ្មៅ​ជ្រលក់​ដៃ​របស់ UNTAC យ៉ាង​ដូច្នេះ​ទៀត​ថា ៖ «ទឹក​ខ្មៅ​កម្ពុជា​ជាង​ពីរ​ខែ​អត់​ទាន់​បាត់ ទឹក​ខ្មៅ​អ៊ុនតាក់ ១៥​នាទី បោះឆ្នោត​បាន​៧​សន្លឹក​ម្នាក់»

ក៏​ប៉ុន្តែ​អគ្គលេខាធិការ​រង​គណបក្ស​សម​រង្ស៊ី លោកស្រី មួរ សុខហ៊ួរ បាន​វាយ​តម្លៃ​ចំពោះ​ការរៀបចំ​ការបោះឆ្នោត​ដោយ​អ៊ុនតាក់​យ៉ាង​ដូច្នេះ​ថា ៖ «ការបោះឆ្នោត​នៃ​អ៊ុនតាក់​នេះ គឺ​ជា​ការ​បោះឆ្នោត​ដ៏​ត្រឹមត្រូវ ហើយ​ប្រជាពលរដ្ឋ​សព្វថ្ងៃ បើ​ទៅ​សួរ​ប្រជាពលរដ្ឋ​ភាគច្រើន​គឺ​គេ​សុំ​ឲ្យ​មាន​ការបោះឆ្នោត​តាម​របៀប អ៊ុនតាក់ ព្រោះ​យើង​ឃើញ​ថា ពេល​នោះ​គឺ​ជា​ការបោះឆ្នោត​មួយ​ដោយ​សេរី យុត្តិធម៌ ហើយ​ដែល​មាន​តម្លាភាព»

ចាប់តាំង​ពី​ឆ្នាំ​១៩៩៨​មក កម្ពុជា​បាន​សម្រេច​រៀបចំ​ការបោះឆ្នោត​ដោយ​ខ្លួន​ឯង​បាន​ចំនួន​៣​លើក​រួច​មក​ហើយ ដោយ​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ​ហៅ​ថា គ.ជ.ប. ជា​អាជ្ញាកណ្តាល។

លោក ហង្ស ពុទ្ធា នាយក​អង្គការ​ឃ្លាំ​មើល​ការបោះឆ្នោត​និកហ្វិច បាន​ថ្លែង​ថា កម្ពុជា​ត្រូវ​ការ​ធ្វើ​កំណែ​ទម្រង់​យន្តការ​បោះឆ្នោត​បន្ថែម​ទៀត ៖ «ក្នុង​នោះ គឺ​ការរៀបចំ​ឲ្យ​មន្រ្តី​រៀបចំ​បោះឆ្នោត ប្រកាន់​នូវ​ជំហរ​អព្យាក្រឹត គឺ​ជា​រឿង​សំខាន់​បំផុត ហើយ​បញ្ជី​ឈ្មោះ​នេះ គឺ​មាន​បញ្ហា​ខ្លាំង​សម្រាប់​ការ​បោះឆ្នោត​កន្លង​មក​នេះ ដែល​ការ​បោះឆ្នោត​មុនៗ​មិន​ធ្លាប់​មាន អ៊ីចឹង​ត្រូវ​តែ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នេះ ឲ្យ​បាន​សុក្រឹត បាន​ន័យ​ថា ចុះឈ្មោះ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​លុប​ឈ្មោះ ក៏​លុប​ក្នុង​ភាព​ត្រឹមត្រូវ​ដែរ»

យោង​តាម​លទ្ធផល​ការបោះឆ្នោត​អាណត្តិ​ទី​៤​ថ្មីៗ​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​គាំទ្រ​នាំ​មុខ​រហូត​ដល់ ៩០​អាសនៈ​ក្នុង​ចំណោម ១២៣​អាសនៈ។ ប៉ុន្តែ​មន្ត្រី​សង្កេតការណ៍​បោះឆ្នោត​ជាតិ រួមមាន​ទាំង​សហគមន៍​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ផង បាន​វាយ​តម្លៃ​ស្របគ្នា​ថា ការបោះឆ្នោត​អាណត្តិ​ទី​៤​នេះ គឺ​មិនទាន់​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​នៅ​ឡើយ​ទេ៕