នាយករដ្ឋមន្ត្រី​សម្ពោធ​ឲ្យ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​៧៨

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា បាន​សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​លេខ​ជាតិ​លេខ​៧៨ ដែល​មាន​ប្រវែង ៧០​គីឡូម៉ែត្រ ចាប់​ពី​ក្រុង​បានលុង ខេត្ត​រតនគិរី ទៅ​ដល់​ព្រំដែន​កម្ពុជា-​វៀតណាម។

ផ្លូវ​ជាតិ​លេខ ៧៨​នេះ​បាន​ប្រើ​ពេល ៣០​ខែ​និង​ចំណាយ​ប្រាក់​អស់​ជាង ២៦​លាន​ដុល្លារ​អាមេរិក ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​របស់​ប្រទេស​វៀតណាម។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ផ្លូវ​លេខ ៧៨​នេះ នឹង​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ផង និង​សេដ្ឋកិច្ច​របស់​ប្រទេស​ផង។

លោក​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ដូច្នេះ ៖ «ថ្ងៃ​នេះ​ផ្លូវ​នេះ​បាន​សម្រេច​រួច​រាល់​ជា​ស្ថាពរ ហើយ​អាច​និយាយ​បាន​ថា ជា​ផ្លូវ​ដែល​មាន​សារសំខាន់​មួយ​ក្នុង​ចំណោម​នៃ​ផ្លូវ​ដែល​មាន​សារសំខាន់​ដទៃ​ទៀត​សម្រាប់​ការ​អភិវឌ្ឍ​របស់​យើង។ ផ្លូវ​នេះ​ដូច​អ្វី​ដែល​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ត្រាំ អ៊ីវតឹក បាន​ធ្វើ​របាយការណ៍ ហើយ​ឯកឧត្ដម ជីវ ម៉េងចុង ឧប​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ក៏​បាន​ថ្លែង​យោបល់​អម្បាញ់មិញ វា​មាន​សារសំខាន់​ក្នុង​ការ​ត​ភ្ជាប់​ក្នុង​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​វៀតណាម។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ព្រះករុណា​ខ្ញុំ​ធ្វើ​ការ​កត់​សម្គាល់​នៅ​ទី​នេះ សំខាន់​បំផុត គឺ បញ្ហា​សមាហរណកម្ម​ផ្ទៃ​ក្នុង​ខ្លួន​ឯង​របស់​កម្ពុជា។ ខ្ញុំ​ព្រះករុណា​ខ្ញុំ​ពិត​ជា​មាន​ការ​ចាប់​អារម្មណ៍​ធំធេង​ជាមួយ​នឹង​សមិទ្ធផល​នេះ ហើយ​ក៏​សូម​យក​ឱកាស​នេះ​ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដូច​ដែល​ឯកឧត្ដម ជីវ ម៉េងចុង លើក​ឡើង​ហើយ​ថា ជា​ប្រទេស​មួយ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ទេ ជា​ប្រទេស​មួយ​នៅ​ទទួល​ជំនួយ​ផ្លូវ​ការ និង​ការ​ធ្វើ​ហិរញ្ញប្បទាន​ពី​ប្រទេស​ក្រៅ​យ៉ាង​ច្រើន។ ក៏ប៉ុន្តែ​ដោយ​គិត​គូរ​ទៅ​លើ​សារសំខាន់​នៃ​ផ្លូវ​នេះ និង​ទិដ្ឋភាព​នៃ​ការ​ត​ភ្ជាប់​រវាង​កម្ពុជា​និង​វៀតណាម វៀតណាម​បាន​សម្រេច​ផ្ដល់​នូវ​ឥណទាន​ជិត ២៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដើម្បី​ស្ថាបនា​ផ្លូវ​នេះ​ឡើង»