នាយក​រដ្ឋមន្ត្រី​ច្រាន​ចោល​ដំណឹង​អំពី​ការ​ដោះ​ដូរ​ចៅហ្វាយ​ក្រុង​ភ្នំពេញ

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ បាន​ថ្លែង​ឲ្យ​កត់​ឈ្មោះ​ប្រភព​ព័ត៌មាន​ទាំង​ឡាយ​ចូល​ក្នុង​បញ្ជី​មួយ បន្ទាប់​ពី​ពួក​គេ​បាន​ផ្សាយ​ព័ត៌មាន​ចចាម​អារ៉ាម​ថា លោក កែប ជុតិមា រង​ការ​ដក​ចេញ​ពី​តំណែង​ជា​អភិបាល​ក្រុង​ភ្នំពេញ។

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ដូច្នេះ គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​រាយការណ៍​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ថា តំណែង​ចៅហ្វាយ​ក្រុង​ភ្នំពេញ​របស់​លោក កែប ជុតិមា នឹង​ត្រូវ​ជំនួស​ដោយ​អនុប្រធាន​របស់​លោក គឺ​លោក ប៉ា សុជាតិវង្ស។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «អំណាច​នីតិប្រតិបត្តិ ចង់​ដាក់ ចង់​ដូរ​ស្អីៗ​វា​ទាក់ទង​នឹង ហ៊ុន សែន ហើយ​ឥឡូវ​ហ្នឹង ព្រឹក​មិញ​ចេញ​មក កាសែត​ខ្លះ​ចុះ ដក កែប ជុតិមា ដាក់ ប៉ា សុជាតិវង្ស ហើយ​គ្នា​ឯណោះ​អត់​ទាំង​ដឹង​អី​ទាំង​ពីរ​នាក់ កុំ​ឲ្យ​តែ​ដឹង។ ដាក់​ហ្នឹង ដាក់​បំបែក​នៅ​វង់​បណ្ដោយ។ ខ្ញុំ​ថា អា​ធុន​ហ្នឹង រក​ឃើញ​ដាក់​វា ខោក​នឹង​ក្រញរ​តែ​ម្ដង ទេ​អា​ហ្នឹង​អំពើ​ហិង្សាៗ ប៉ុន្តែ​កត់​ឈ្មោះ​វា​ចូល​ក្នុង​បញ្ជី គេ​ហៅ​បញ្ជី​មាត់​ដាច អាក្រុម​ចាក់​រុក អាហ្នឹង​ស្លាប់​ទៅ​គេ​ដេរ​មាត់​ជិត»

ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​ចំអក​ដល់​អ្នក​រិះគន់​ចំពោះ​ការ​តែង​តាំង​លោក​ឧត្តមសេនីយ៍​ឯក នេត សារឿន ឲ្យ​កាន់​តំណែង​ជា​មេ​ប៉ូលិស​នៃ​ប្រទេស​កម្ពុជា​ជំនួស​លោក ហុក ឡងឌី ដែល​បាន​ស្លាប់​ដោយ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នោះ​ផង​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ថែម​យ៉ាង​ដូច្នេះ ៖ «ហើយ​មរណភាព​អគ្គស្នងការ​នគរបាល​ជាតិ​មួយ​ទៅ ដំឡើង​មួយ​មក​ទៀត អ៊ី​ចេះ អ៊ី​ចុះ គេ​ថា​អត់​អព្យាក្រឹត​ទេ ព្រោះ​ក្មួយ ហ៊ុន សែន ។ ដន្លង​ស្លាប់​ទៅ ក្មួយ​ត្រូវ​បាន​តែងតាំង ចុះ​បើ​ក្មួយ​វា​ធ្វើ​អាហ្នឹង​យូរ​ហើយ ជំនាញ​របស់​វា​ធ្វើ​នគរបាល​មួយ​ជីវិត​ទៅ​ហើយ ហើយ​ឋានានុក្រម​របស់​វា បន្ទាប់​ពី ឌី មក វា​ហ្នឹង​តែ​ម្ដង ហើយ​បើ​មិន​ឲ្យ​វា​ធ្វើ ឲ្យ​អ្នក​ណា​ធ្វើ? វា​ទាល់​តែ​យក​អស់​លោក​មក​ធ្វើ? ចាំ​ទៅ យាម​តែ​ផ្ទះ​មិន​ឲ្យ​យាម​ផង ក្រែង​លោក​អ្ហែង​បាញ់​អញ»