លោក ស៊្រី ថាមរង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១០ មេសានេះនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញថា តាមកម្មវិធីនៃកិច្ចប្រជុំកំពូលនេះនឹងចាប់ផ្តើមនៅល្ងាចថ្ងៃសុក្រ ទី១០ ហើយបញ្ចប់នៅល្ងាចថ្ងៃទី១២ ខែមេសា ខាងមុខ។
លោក ស្រ៊ី ថាមរង្គ មានប្រសាសន៍ដូច្នេះថា ៖ «គឺមានកិច្ចប្រជុំកំពូលអាស៊ានបូក១ ដែលចាប់ផ្ដើមជាមួយចិន ជាមួយកូរ៉េ ជប៉ុន ហើយមានកិច្ចប្រជុំកំពូលអាស៊ានបូក៣ និងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា»។
លោកមានប្រសាសន៍ទៀតថា ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាននិងដៃគូអភិវឌ្ឍន៍នោះ ក៏មានកិច្ចប្រជុំដោយឡែកមួយទៀតរវាងប្រទេសកម្ពុជា វៀតណាម ឡាវ រួមជាមួយនិងប្រទេសជប៉ុន ដែលនឹងនិយាយអំពីការអភិវឌ្ឍនៅតំបន់មេគង្គ។
លោក ស៊្រី ថាមរង្គ បានបញ្ជាក់ទៀតថា អង្គប្រជុំជាមួយប្រទេសជាដៃគូទាំងនោះ នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងប្រទេសជាដៃគូទាំងអស់ដើម្បីរកវិធានការសំខាន់គឺកាត់បន្ថយនូវការប៉ះទង្គិចនូវវិបត្តិហិរញ្ញវត្ថុផងនិងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសជាដៃគូផង ៖ «យើងដឹងហើយថា កិច្ចប្រជុំនេះនឹងផ្ដោតទៅលើបញ្ហាសំខាន់ គឺយើងកំពុងជួបប្រទះនូវវិបត្តិហិរញ្ញវត្ថុសកលដែលជាបញ្ហាសំខាន់ បញ្ហាសន្តិសុខស្បៀងនិងថាមពល បញ្ហាគ្រប់គ្រងគ្រោះមហន្តរាយយើងឃើញថាមានជាបន្តបន្ទាប់ ហើយក្នុងនោះក៏មានវិធានការដើម្បីទប់ស្កាត់ គ្រប់គ្រងនិងសង្គ្រោះ ជាពិសេសចំពោះគ្រោះមហន្តរាយកន្លងមកដែលប៉ះពាល់ដល់ប្រទេសមួយចំនួនក្នុងតំបន់»។
លោក ស៊្រី ថាមរង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអាចជួបទ្វេភាគីតាមការស្នើសុំពីប្រទេសជាមិត្តផ្សេងៗ ក្នុងនោះមានជួបជាមួយនាយករដ្ឋមន្ត្រីប្រទេសចិន នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ដែលទើបតែឡើងកាន់តំណែងថ្មីនិងនាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលីជាដើម។
សូមរំឭកថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទើបតែបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ានលើកទី១៤ ដែលធ្វើឡើងកាលពីថ្ងៃទី២៧ កុម្ភៈ ដល់ថ្ងៃអាទិត្យ ទី១ មីនា កន្លងទៅនេះ នាទីក្រុងឆាអាំ-ហួហ៊ីនប្រទេសថៃ៕
