នាយក​រដ្ឋមន្ត្រី​ខ្មែរ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ថៃ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ ទី​១០ ខែ​មេសា​នេះ បាន​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​ដៃ​គូ​ពាក់ព័ន្ធ​នានា​ដែល​នៅ​ឯ​ប៉ាត់តាយ៉ា ប្រទេស​ថៃ ដើម្បី​បង្គ្រប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៤ ដែល​ប្រព្រឹត្ត​ឡើង​កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ។

0:00 / 0:00

លោក ស៊្រី ថាមរង្គ រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​១០ មេសា​នេះ​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា តាម​កម្ម​វិធី​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​ចាប់​ផ្តើម​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​១០ ហើយ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​មេសា ខាង​មុខ។

លោក ស្រ៊ី ថាមរង្គ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «គឺ​មាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បូក​១ ដែល​ចាប់​ផ្ដើម​ជាមួយ​ចិន ជាមួយ​កូរ៉េ ជប៉ុន ហើយ​មាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បូក​៣ និង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-ឥណ្ឌា កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា»

លោក​មាន​ប្រសាសន៍​ទៀត​ថា ក្រៅ​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​ដៃគូ​អភិវឌ្ឍន៍​នោះ ក៏​មាន​កិច្ចប្រជុំ​ដោយ​ឡែក​មួយ​ទៀត​រវាង​ប្រទេស​កម្ពុជា វៀតណាម ឡាវ រួម​ជាមួយ​និង​ប្រទេស​ជប៉ុន ដែល​នឹង​និយាយ​អំពី​ការ​អភិវឌ្ឍ​នៅ​តំបន់​មេគង្គ។

លោក ស៊្រី ថាមរង្គ បាន​បញ្ជាក់​ទៀត​ថា អង្គ​ប្រជុំ​ជាមួយ​ប្រទេស​ជា​ដៃគូ​ទាំង​នោះ នឹង​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន​និង​ប្រទេស​ជា​ដៃគូ​ទាំង​អស់​ដើម្បី​រក​វិធានការ​សំខាន់​គឺ​កាត់​បន្ថយ​នូវ​ការ​ប៉ះ​ទង្គិច​នូវ​វិបត្តិ​ហិរញ្ញ​វត្ថុ​ផង​និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ជា​ដៃគូ​ផង ៖ «យើង​ដឹង​ហើយ​ថា កិច្ច​ប្រជុំ​នេះ​នឹង​ផ្ដោត​ទៅ​លើ​បញ្ហា​សំខាន់ គឺ​យើង​កំពុង​ជួប​ប្រទះ​នូវ​វិបត្តិ​ហិរញ្ញ​វត្ថុ​សកល​ដែល​ជា​បញ្ហា​សំខាន់ បញ្ហា​សន្តិសុខ​ស្បៀង​និង​ថាមពល បញ្ហា​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​យើង​ឃើញ​ថា​មាន​ជា​បន្ត​បន្ទាប់ ហើយ​ក្នុង​នោះ​ក៏​មាន​វិធានការ​ដើម្បី​ទប់​ស្កាត់ គ្រប់គ្រង​និង​សង្គ្រោះ ជា​ពិសេស​ចំពោះ​គ្រោះ​មហន្តរាយ​កន្លង​មក​ដែល​ប៉ះពាល់​ដល់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់»

លោក ស៊្រី ថាមរង្គ រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ទៀត​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​អាច​ជួប​ទ្វេ​ភាគី​តាម​ការ​ស្នើ​សុំ​ពី​ប្រទេស​ជា​មិត្ត​ផ្សេងៗ ក្នុង​នោះ​មាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ចិន នាយក​រដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី​និង​នាយក​រដ្ឋមន្ត្រី​ប្រទេស​អូស្ត្រាលី​ជា​ដើម។

សូម​រំឭក​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទើប​តែ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​លើក​ទី​១៤ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៧ កុម្ភៈ ដល់​ថ្ងៃ​អាទិត្យ ទី​១ មីនា កន្លង​ទៅ​នេះ នា​ទីក្រុង​ឆាអាំ​-ហួហ៊ីន​ប្រទេស​ថៃ៕