ជំនួបជាង២ម៉ោងរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនីស្តវៀតណាមនោះ បានធ្វើទ្បើងនៅក្នុងសភាជាតិដោយមិនចំហ។
លោក អៀង សុផលទ្បែត ជាមន្រ្តីជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែត នៅក្រោយជំនួបរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយនឹងលោក Hoang Binh Quan ជាប្រធានគណៈកម្មការទំនាក់ទំនងបរទេសរបស់មជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនោះថា ៖ «បក្សប្រជាជនកម្ពុជា បានយល់ព្រមគ្នាក្នុងការលើកស្ទួយ ជំរុញចំណងទំនាក់ទំនងមិត្តភាពឲ្យបានកាន់តែខ្លាំងឡើង ជាពិសេសក្នុងការផ្លាស់ប្ដូរនូវបទពិសោធន៍រវាងបក្សនិងបក្ស ការផ្លាស់ប្ដូរដំណើរទស្សនកិច្ច ក៏ដូចជាជំរុញការបណ្ដុះបណ្ដាលធនធានមនុស្សរវាងគណបក្សទាំងពីរ។ ជាការឆ្លើយតបសម្ដេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន សូមថ្លែងអំណរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម ហើយក៏បានសូមស្វាគមន៍រាល់ការពិភាក្សាទាំងឡាយរវាងគណបក្សទាំងពីរ និងសូមឲ្យគណបក្សទាំងពីរបន្តធ្វើការសហការរួមគ្នា ធ្វើយ៉ាងណាជំរុញឲ្យទំនាក់ទំនងកាន់តែរឹងមាំឡើងៗ ជាពិសេសជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យបានកាន់តែខ្លាំងឡើងថែមទៀត»។
ក្រុមប្រតិភូរបស់បក្សកុម្មុយនីស្តវៀតណាម ដែលមានគ្នាប្រមាណ ៥នាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅកម្ពុជាចំនួន ២ថ្ងៃ មិនបានថែ្លងឬធ្វើអត្ថាធិប្បាយណាមួយក្រោយពីជំនួបនោះឡើយ។
លោក យឹម សុវណ្ណ តំណាងរាស្រ្តគណបក្សសមរង្ស៊ី និងជាអ្នកនាំពាក្យផងដែរនោះ បានមានប្រសាសន៍ថា លោកសុំឲ្យទំនាក់ទំនងនោះឈរលើស្មារតីស្មើភាពគ្នានិងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។
លោក យឹម សុវណ្ណ ថ្លែងដូច្នេះថា ៖ «ធ្វើម៉េចឲ្យមានការគោរពនូវផលប្រយោជន៍គ្នាទៅវិញទៅមក ដូចជាបញ្ហាព្រំដែន បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ត្រូវតែដោះស្រាយផ្អែកទៅលើក្របខ័ណ្ឌច្បាប់ និងសន្ធិសញ្ញាផ្សេងៗ ដែលមានស្រាប់។ ផលប្រយោជន៍សេដ្ឋកិច្ចហាក់បីដូចជាប្រទេសវៀតណាម ហាក់បីដូចជាមានប្រៀបលើប្រទេសកម្ពុជាខ្លាំងណាស់ ជាពិសេសគឺយើងពិនិត្យទៅលើការនាំចេញនាំចូលផលិតផល ក៏ដូចសេវារវាងប្រទេសទាំងពីរនេះ ឃើញថាប្រទេសវៀតណាម នាំចូលមកប្រទេសកម្ពុជា ច្រើនជាងកម្ពុជានាំចេញទៅប្រទេសវៀតណាម»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជារឿយៗតែងតែប្រកាសឲ្យដឹងថា លោករក្សាទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម សម្រាប់រយៈពេលយូរអង្វែងក្នុងកិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរ ហើយការប្រកាសនោះក៏នាំឲ្យមានការរិះគន់យ៉ាងច្រើនពីក្រុមអ្នកឃ្លាំមើលខ្មែរនៅក្នុងស្រុកនិងនៅក្រៅស្រុកផងដែរ៕
