នាយក​រដ្ឋមន្ត្រី​នឹង​មិន​បង្ហាញ​ខ្លួន​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ទេ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា លោក​នៅសល់​រយៈពេល​១២​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ ក្នុង​ការបង្ហាញ​ខ្លួន​និង​ធ្វើ​សុន្ទរកថា​តាម​ទី​សាធារណៈ ។

លោក​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​នេះ ក្នុង​ពិធី​សម្ពោធ​និង​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ វត្ត​បាគង ក្នុង​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិថុនា ដោយ​បញ្ជាក់​ទៀត​ថា លោក​នឹង​មិន​ចូលរួម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នោះ​ឡើយ ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «អវត្តមាន​របស់​ខ្ញុំ​ព្រះករុណា​ខ្ញុំ គឺ​នឹង​ចាប់ផ្ដើម​នៅ​ប្រហែល​ជា​ថ្ងៃ ២៣ (មិថុនា) គឺ​បន្ទាប់​ពី​ការសម្ពោធ​សមិទ្ធផល​នៅ​ខេត្ត​ពោធិ៍សាត់​ហើយ​នោះ ខ្ញុំ​ព្រះករុណា​ខ្ញុំ​នឹង​មិន​បាន​និយាយ​សុន្ទរកថា​ដូច​សព្វថ្ងៃ​ទៀតទេ ដោយសារ​ខ្ញុំ​មិន​មិន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទេ សូម្បី​តែ​ពិធី​លែង​កូនត្រី​នៅ​ឆ្នាំ​នេះ គេហៅ​ថា ទិវា​មច្ឆា​ជាតិ ក៏​ខ្ញុំ​មិន​ចូលរួម​ដែរ ដើម្បី​ជៀសវាង​ការធ្វើ​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​គេ​វាយ​ប្រហារ ឥឡូវ​នេះ វាយ​ប្រហារ​ច្រើន​ណាស់​ទៅ​ហើយ ។ អ៊ីចឹង សភាពការណ៍​កាន់​តែ​ជិត​ដល់ ការវាយ​ប្រហារ​និង​ភាព​ពិសពុល​របស់​ពួក​អគតិ​នឹង​កាន់តែ​ធ្ងន់ធ្ងរ»

លោក ហ៊ុន សែន ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​មាន​ប្រសាសន៍​បង្ហាញ​ថា តើ​បន្ទាប់ពី​ថ្ងៃទី​២៣ មិថុនា​នោះ​ទៅ លោក​នឹង​ជាប់​រវល់​ធ្វើ​សកម្មភាព​អ្វី​ជា​ឯកជន​នោះ​ទេ ។

អតីត​នាយិកា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម លោកស្រី ជា វណ្ណាត ដែល​ជា​អ្នកវិភាគ​ឯករាជ្យ បាន​មាន​ប្រសាសន៍​ថា ការប្រកាស​ឈប់​បង្ហាញ​ខ្លួន និង​ធ្វើ​សុន្ទរកថា តាម​ទីសាធារណៈ​របស់​លោក​នាយករដ្ឋមន្រ្តី ត្រូវ​គេ​មើល​ឃើញ​ថា បាន​ក្លាយ​ជា​ទម្លាប់​ទៅហើយ នៅមុន​ការដែល​កម្ពុជា តែង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​រដ្ឋាភិបាល​ថ្មី​នេះ ។

សូម​បញ្ជាក់​ផងដែរ​ថា យុទ្ធនាការ​ឃោសនា​សម្រាប់​ការបោះឆ្នោត​តំណាងរាស្រ្ដ​អាណត្តិ​ទី​៤ គឺ​នឹង​ប្រព្រឹត្ត​ទៅ នៅថ្ងៃ​ទី​២៦ ខែ​មិថុនា ហើយ​នឹង​បញ្ចប់​ទៅវិញ​នៅថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០០៨ ខាង​មុខ​នេះ ៕