ការិយាល័យ​នាយករដ្ឋមន្ត្រី​នឹង​ត្រូវ​សម្ពោធ​នៅ​សប្ដាហ៍​ក្រោយ

រដ្ឋាភិបាល​នឹង​ដាក់​សម្ពោធ​អគារ​ការិយាល័យ​សម្រាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ៣៣​លាន​ដុល្លារ ក្នុង​សប្ដាហ៍​ក្រោយ។

អ្នក​នាំ​ពាក្យ​គណៈរដ្ឋមន្ត្រី​កម្ពុជា លោក ផៃ ស៊ីផាន នៅ​ថ្ងៃ​ពុធ ទី​១៣ ខែ​តុលា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​មាន​ការិយាល័យ​នាយករដ្ឋមន្ត្រី​ដំបូង​បង្អស់ ដែល​មាន​ឈ្មោះ​ថា "វិមាន​សន្តិភាព" ជា​វិមាន​សម្រាប់​នាយករដ្ឋមន្ត្រី និង​ក្រុម​ការងារ​របស់​លោក។

លោក ផៃ ស៊ីផាន បាន​បន្ថែម​ថា វិមាន​សន្តិភាព​ត្រូវ​បាន​សាងសង់​ភ្ជាប់​ទៅ​អគារ​មួយ​ទៀត ដែល​មាន​ឈ្មោះ​ថា "វិមាន​មិត្តភាព" ជា​វិមាន​សម្រាប់​ទទួល​ភ្ញៀវ សម្រាប់​សន្និសីទ​អន្តរជាតិ។ អគារ​ទាំង​ពីរ​នឹង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​នៅ​សប្ដាហ៍​ក្រោយ បន្ទាប់​ពី​បាន​សាងសង់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០០៩ ដោយ​បាន​ប្រើប្រាស់​ថវិកា​ជំនួយ​របស់​ចិន​ចំនួន ៣២,៩​លាន​ដុល្លារ ហើយ​អគារ​នេះ​ត្រូវ​បាន​រចនា និង​សាងសង់​ដោយ​វិស្វករ និង​កម្មករ​កម្ពុជា​សុទ្ធសាធ។

លោក ផៃ ស៊ីផាន បន្ត​ទៀត​ថា កម្ពុជា​ធ្លាប់​បាន​ចំណាយ​ថវិកា​ច្រើន​សម្រាប់​ការ​ជួល​អគារ​ឯកជន ដើម្បី​រៀបចំ​សន្និសីទ​អន្តរជាតិ ដូច្នេះ​អគារ​ថ្មី​នេះ​អាច​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋាភិបាល។

កាសែត​ភាសា​អង់គ្លេស ឌឹ ឃែមបូឌា ដេលី (The Cambodia Daily) ផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​១៣ ខែ​តុលា ឲ្យ​ដឹង​ថា ការ​សាងសង់​អគារ​ការិយាល័យ​នាយករដ្ឋមន្រ្ដី ក្រោយ​ពេល​ដែល​កម្ពុជា បាន​សម្ពោធ​អគារ​គណៈរដ្ឋមន្ត្រី កាល​ពី​ខែ​មីនា ឆ្នាំ​២០០៩ ដែល​កាល​នោះ​មាន​ព័ត៌មាន​ថា មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​អគារ​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ​ទេ ដោយសារ​ការ​រៀបចំ និង​រចនា។

លោក ផៃ ស៊ីផាន បាន​ឲ្យ​ដឹង​ថា ការ​សាងសង់​អគារ​នាយករដ្ឋមន្ត្រី​នេះ ដោយសារ​តែ​អគារ​គណៈរដ្ឋមន្ត្រី​ថ្មី គឺ​សម្រាប់​តែ​ការងារ​គណៈរដ្ឋមន្ត្រី។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ដែរ​ថា រដ្ឋាភិបាល​កម្ពុជា មិន​គួរ​ចំណាយ​ថវិកា​ទៅ​សាងសង់​អគារ​ដែល​មិន​ចាំបាច់​នោះ​ទេ។ លោក​ថា អគារ​គណៈរដ្ឋមន្ត្រី​ថ្មី មាន​ទី​កន្លែង​គ្រប់គ្រាន់​សម្រាប់​នាយករដ្ឋមន្ត្រី​ធ្វើ​ការងារ។

លោក យឹម សុវណ្ណ បាន​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា គួរ​តែ​ប្រើប្រាស់​ថវិកា​រដ្ឋ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ក្នុង​ជីវភាព។

តារាង​បង្ហាញ​ពី​ភាព​អត់​ឃ្លាន​សកល​សម្រាប់​ឆ្នាំ​២០១០ ចេញ​ពី​ថ្ងៃ​ទី​១១ ខែ​តុលា បាន​រក​ឃើញ​ថា កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២០,៩ សម្រាប់​ឆ្នាំ​២០១០ ដែល​មាន​ន័យ​ថា គឺ​ជា​ប្រទេស​ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន​ពី​ការ​អត់​ឃ្លាន។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចំណាត់​ថ្នាក់​នេះ​បង្ហាញ​ថា ស្ថានភាព​អត់​ឃ្លាន​នៅ​កម្ពុជា បាន​ប្រសើរ​ជាង​ឆ្នាំ​១៩៩០ ដែល​ពេល​នោះ​កម្ពុជា មាន​ចំណាត់​ថ្នាក់​លេខ ៣១,៥ ជា​ប្រទេស​ប្រកាស​អាសន្ន​បំផុត​ចំពោះ​ការ​អត់​ឃ្លាន៕