រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក ស្រ៊ី ថាមរង្គ បានមានប្រសាសន៍ថា នៅក្នុងដំណើរទស្សនកិច្ចនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងជួបជាមួយនឹងប្រធានរដ្ឋវៀតណាម លោក ង្វៀន មិញទ្រាត និងជួបអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ណូង ដឹកម៉ាញ់ ជួបជាមួយនឹងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន តាន់ដុង ជួបនឹងអតីតប្រធានរដ្ឋវៀតណាម លោក ឡេ ដឹកអាញ់ និងប្រធានរដ្ឋសភាវៀតណាម លោក ង្វៀន ភូទ្រុង នោះផងដែរ។
មន្ត្រីខ្មែរបានឲ្យដឹងផងដែរថា នៅថ្ងៃទី៦ វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម និងភូមា ដែលនឹងពិភាក្សាលើការពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងបួន។
នៅថ្ងៃទី៧ វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមប្រជុំក្របខ័ណ្ឌយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច ទន្លេអ៊ីរ៉ាវ៉ាឌី ចៅប្រាយ៉ា និងមេគង្គ ហៅកាត់ថា ACMECS (The Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy) នោះថែមទៀតផង។
កិច្ចប្រជុំរបស់ ACMECS មានប្រទេសប្រាំជាសមាជិកចូលរួមគឺប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ និង ភូមា៕
