ការថ្លែងជាសាធារណៈរបស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាដូច្នេះ គឺនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យអន្តរជាតិភ្នំពេញ នៅឯវិទ្យាស្ថានជាតិអប់រំ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ មីនានេះ។
លោក ហ៊ុន សែន បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហ្វូងបាតុករអាវក្រហមកំពុងឡោមព័ទ្ធទីក្រុងបាងកកនោះ គឺកងទ័ពកម្ពុជាមិនឲ្យចល័ត ឬផ្លាស់ប្តូរកម្លាំងអ្វីទេ ដើម្បីចៀសវាងកុំឲ្យភាគីថៃយល់ច្រឡំថា កម្ពុជាឆ្មក់ឱកាសវាយប្រហារនៅពេលដែលប្រទេសថៃកំពុងវឹកវរនោះ ហើយបើចង់ចល័ត ឬផ្លាស់ប្តូរកម្លាំងណាមួយនោះ ចាំសភាពការណ៍ក្រុងបាងកកស្ងប់ស្ងាត់សិន។
លោក ហ៊ុន សែន បានថ្លែងដូច្នេះ ៖ «ប៉ុន្តែបើសិនជាយើងបែរជាចល័តកម្លាំងនៅក្នុងកាលៈទេសៈនេះសភាពការណ៍វាមិនល្អទេ ឬក៏ឆ្លៀតធ្វើសកម្មភាពនៅពេលនេះ គឺខ្ញុំមិនអនុញ្ញាតទេ ហើយវាមិនមែនជាគោលដៅរបស់រាជរដ្ឋាភិបាល ឬនយោបាយរបស់រាជរដ្ឋាភិបាលទៅលើបញ្ហាបែបនោះដែរ។ រឿងបញ្ហារបស់ថៃ រឿងបាតុកម្មអាវលឿងអាវក្រហមស្អីឯណានោះ ជារឿងរបស់ប្រជាជនថៃ មានសមត្ថភាពដោះស្រាយបញ្ហាខ្លួនឯង ឯរឿងទំនាក់ទំនងនៅតាមព្រំដែនកម្ពុជា-ថៃ គឺយើងនៅតែប្រុងប្រយ័ត្នដោយមិនធ្វើសកម្មភាពណាមួយបង្កអរិយភាពជាមួយនឹងថៃនោះទេ ហើយបើចៀសវាងបាន គឺកុំចល័តកម្លាំងនៅក្នុងកាលៈទេសៈនេះ»។
លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់ពលរដ្ឋកម្ពុជា ដែលបានធ្វើការនៅក្នុងប្រទេសថៃ ទាំងស្របច្បាប់ឬមិនស្របច្បាប់ក្តី គឺមិនឲ្យចូលរួមជាមួយក្រុមបាតុកររបស់ថៃណាមួយនោះទេ ពិសេសទៅទៀត គឺសុំឲ្យប្រជាពលរដ្ឋកម្ពុជា កុំចូលទៅប្រទេសថៃក្នុងស្ថានភាពនេះផងដែរ។
លោក ហ៊ុន សែន បានអំពាវនាវថា ៖ «ខ្ញុំអំពាវនាវចំពោះប្រជាពលរដ្ឋកម្ពុជាដែលកំពុងធ្វើការក្នុងប្រទេសថៃ ទោះបីស្របច្បាប់ឬមិនស្របច្បាប់ សូមកុំចូលរួមណាមួយចំពោះបាតុកម្មឲ្យសោះ។ សិទ្ធិបាតុកម្មដើម្បីផ្លាស់ប្ដូរណាមួយនៅក្នុងប្រទេសថៃ គឺជាសិទ្ធិរបស់ពលរដ្ឋថៃ មិនមែនជាសិទ្ធិរបស់ពលរដ្ឋកម្ពុជានោះទេ»។
ក្រុមអ្នកតវ៉ាអាវក្រហមដែលគាំទ្រអតីត លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ប្រមាណ១០ម៉ឺននាក់ បានទៅជួបជុំគ្នានៅទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ ទី១៤ មីនា ដោយបានដាក់ឱសានវាទដល់រដ្ឋាភិបាលថៃ ដែលគាំទ្រដោយយោធានោះឲ្យមានការរៀបចំការបោះឆ្នោតក្នុងរយៈពេល២៤ម៉ោង៕
