លោកនាយករដ្ឋមន្រ្តីកម្ពុជាប្រតិកម្មតបធ្ងន់ៗចំពោះអគ្គលេខាធិការអាស៊ានជាជនជាតិថៃ ដែលបានសម្តែងនូវការព្រួយបារម្ភខុសរឿងចំពោះកម្ពុជា ក្នុងពេលកម្ពុជាបានធ្វើការសាកល្បងបាញ់កាំជ្រួចហ្វូងកាលពីពេលថ្មីៗ ដោយចាត់ទុកថា ជារឿងអស្ថិរភាពក្នុងតំបន់ ហើយលោក ហ៊ុន សែន ទាមទារឲ្យធ្វើការកែតម្រូវឡើងវិញ។
នៅក្នុងពិធីចុះសួរសុខទុក្ខយោធិនពិការនៅភូមិអភិវឌ្ឍន៍យោធិនពិការកោះស្លា ស្រុកឈូក ខេត្តកំពត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី៨ មីនា បានធ្វើការឆ្លើយតបទៅអគ្គលេខាធិការអាស៊ាន លោក សូរិន ពិតសូវ៉ាន់ (Surin Pitsuwan) អតីតរដ្ឋមន្ត្រីការបរទេសថៃ ថាមិនស័ក្តិសមធ្វើជាអគ្គលេខាធិការអាស៊ាននោះទេ ដោយសារតែលោក សូវ៉ាន់ មិនអព្យាក្រឹតក្នុងមុខនាទីរបស់ខ្លួន ដោយព្យាយាមរិះគន់និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។
លោក ហ៊ុន សែន បានថ្លែងដូច្នេះ ៖ «ខ្ញុំគិតថា គាត់ធ្វើអត្ថាធិប្បាយនេះ គាត់មិនស័ក្ដិសមតួនាទីជាអគ្គលេខាធិការអាស៊ានទេ ព្រោះតួនាទីអគ្គលេខាធិការគេអព្យាក្រឹតណាស់។ ប្រទេសខ្លួន ដើមកំណើតខ្លួន សមយុទ្ធ ឥឡូវហ្នឹងនៅសមយុទ្ធពហុសាសន៍ដែលមានទាំងកងទ័ពប្រទេសមួយចំនួននៅមិនឆ្ងាយពីព្រំដែនកម្ពុជា-ថៃទេ ម៉េចក៏ធ្វើបាន? ឆ្នាំទៅបាញ់ចូលទឹកដីខ្មែរទៀត ម៉េចក៏ធ្វើបាន? ឯកម្ពុជាគ្រាន់តែបាញ់កាំភ្លើងប៉ុន្មានគ្រាប់ទៅជាបង្កើតអស្ថិរភាពក្នុងតំបន់។ តើនេះជាការបង្កហេតុឬអី?»។
លោក ហ៊ុន សែន បន្តថា អគ្គលេខាធិការអាស៊ាន លោក សូរិន ពិតសូវ៉ាន់ ត្រូវតែធ្វើការកែតម្រូវឡើងវិញចំពោះការលើកឡើងរបស់ខ្លួនទាក់ទិននឹងកម្ពុជា បើពុំដូច្នេះទេលោកនឹងលើកយករឿងនេះទៅធ្វើការិះគន់នៅក្នុងកិច្ចប្រជុំអាស៊ាននៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅពេលខាងមុខនេះ។
លោក ហ៊ុន សែន បានថ្លែងដូច្នេះទៀតថា ៖ «បើមិនកែទេ ខ្ញុំសូមថា ពេលប្រជុំអាស៊ានខ្ញុំនឹងពន្លះអគ្គលេខាធិការអាស៊ាន។ អ្នកឯងកែតម្រូវការសម្ដែងមតិរបស់អ្នកឯងចំពោះកិច្ចការផ្ទៃក្នុងរបស់កម្ពុជា»។
កាលពីពេលថ្មីៗនេះ លោក សូរិន ពិតសូវ៉ាន់ អគ្គលេខាធិការអាស៊ានបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ីនៅទីក្រុងបាងកកកាលពីថ្ងៃទី៥ មីនាថា អាស៊ានមានការភ័យខ្លាចដែលកម្ពុជាអាចបញ្ជូនសញ្ញាមិនត្រឹមត្រូវលើពិភពលោកនៅពេលដែលប្រទេសនេះបានធ្វើការសាកល្បងបាញ់កាំជ្រួចហ្វូង កាលពីថ្ងៃទី៤ មីនាកន្លងទៅ ខណៈដែលប្រទេសកម្ពុជាមិនមានទំនាក់ទំនងល្អជាមួយប្រទេសថៃនោះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា កម្ពុជាមានស្ថិរភាពពេញលេញនៅខណៈប្រទេសខ្លះកំពុងមានភាពវឹកវរ ហើយថា ការធ្វើសមយុទ្ធយោធានេះមិនមែនជាការបង្ហាញសាច់ដុំដាក់អ្នកណាឡើយ។ ការធ្វើសមយុទ្ធនេះជាការសមយុទ្ធធម្មតា មិនធ្វើឲ្យប៉ះពាល់ដល់ប្រទេសជិតខាងទេ៕
