ហ៊ុន សែន ប្រតិកម្ម​នឹង​ការ​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​ទៅ​ធ្វើ​ជា​សាក្សី

2009-10-09

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​៨ តុលា បាន​ថ្លែង​ប្រតិកម្ម​ទៅ​នឹង​ដីកា​កោះហៅ​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​៦​នាក់ ដែល​ជា​អតីត​មន្ត្រី​កម្មាភិបាល​ខ្មែរ​ក្រហម​ដើម្បី​ចូល​ខ្លួន​មក​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម ថា​ជា​រឿង​ចម្លែក។

AFP Photo

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​និស្សិត​នៅ​ក្នុង​ពិធី​ផ្ដល់​អាហារូបករណ៍ ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ២០០៨។

ប្រតិកម្ម​ប្រឆាំង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ បាន​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី លោក ម៉ាកសែល ឡឺម៉ុង (Marcel Lemonde) ចៅក្រម​ស៊ើប​អង្កេត​ជនជាតិ​បារាំង​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម បាន​កោះ​អញ្ជើញ លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា, លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា, លោក ហោ ណាំហុង ឧប​នាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស, លោក គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ, លោក ស៊ីម កា សមាជិក​ព្រឹទ្ធ​សភា និង​លោក អ៊ុក ប៊ុនឈឿន សមាជិក​ព្រឹទ្ធ​សភា​ដែរ​នោះ ដើម្បី​ទៅ​ផ្តល់​សក្ខីកម្ម​ក្នុង​រឿង​ចោទ​ប្រកាន់​អតីត​មេដឹ​កនាំ​ខ្មែរ​ក្រហម​៤​រូប​ទៀត មាន នួន ជា, ខៀវ សំផន, អៀង សារី និង អៀង ធីរិទ្ធ ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ក្នុង​សាលា​ក្តី​ខ្មែរ​ក្រហម។

ប្រភព​ព័ត៌មាន​បារាំង អា.អេហ្វ.ប៉េ. (AFP) ផ្សាយ​កាល​ពី​ម្សិលមិញ​ដក​ស្រង់​សម្ដី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ចោទ​សួរ​មក​វិញ​ថា តើ​ហេតុ​ដូចម្តេច​បាន​ជា​សាលា​ក្តី​ខ្មែរ​ក្រហម​កោះហៅ​ដើម​បណ្តឹង​មក​ធ្វើ​ជា​សាក្សី​ទៅ​វិញ? លោក​មាន​ប្រសាសន៍​ថា មន្រ្តី​ជាន់​ខ្ពស់​ទាំង​៦​រូប​នោះ​គឺ​ជា​ដើម​បណ្តឹង។ ពីព្រោះ​ថា មន្ត្រី​ទាំង​នោះ​បាន​ត្រូវ​គេ​ដឹង​ថា​ជា​អ្នក​ផ្តួល​រំលំ ប៉ុល ពត មេ​ដឹកនាំ​របប​ខ្មែរ​ក្រហម ហើយ​ក៏​ដោយសារ​តែ​អ្នក​ទាំង​នោះ​ផងដែរ​ដែល​ជា​អ្នក​ចូលរូម​ព្រមព្រៀង​ក្នុង​ការ​អនុម័ត​ច្បាប់​កាត់​ទោស​ខ្មែរ​ក្រហម?

ប្រភព​ដដែល​បន្ត​ថា ដីកា​កោះ​ចេញ​ដោយ​លោក ម៉ាកសែល ឡឺម៉ុង ចៅក្រម​ស៊ើប​អង្កេត​ជនជាតិ​បារាំង​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​ជា​ហូរហែរ​ថា រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​សាលាក្តី​ខ្មែរ​ក្រហម​ក្នុង​បំណង​ការពារ​ដល់​អតីត​មន្ត្រី​ខ្មែរ​ក្រហម​មួយចំនួន​ដែល​មាន​ឋានន្តរសក្តិ​ខ្ពស់​ក្នុង​រាជ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




មើល​មតិ​ទាំង​អស់.

ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ